កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd នឹងមិន​បញ្ចប់​តំណែង Mourinho ទេ ហើយ​ថែមទាំង​ផ្តល់​ការគាំទ្រ​ពេញទំហឹង​
06, Oct 2018 , 4:12 pm        
រូបភាព
​ក្លិប Manchester United នឹង​នៅ​ឈរ​ខាង​លោក Jose Mourinho ដដែល​នៅ​អំឡុង​ពេលនេះ ខណៈដែល​អ្នកចាត់ការ​ទូទៅ​រូបនេះ​កំពុង​ព្យាយាម​ធ្វើយ៉ាងណា​ដើម្បី​រក្សា​ការងារ​របស់ខ្លួន​នៅ​ទឹកដី Old Trafford​។​


 
​មាន​របាយការណ៍​មួយ​អះអាងថា​លោក Mourinho នឹងត្រូវ​បញ្ចប់​តំណែង​ជា​អ្នកចាត់ការ Man Utd នៅ​ចុង​សប្តាហ៍​នេះ​ទោះបីជា​លទ្ធផល​នៃ​ការប្រកួត​ទល់នឹង Newcastle United ចាញ់ ឬ​ឈ្នះ​ក៏ដោយ​។ ប៉ុន្តែ​ប្រភពពី​មន្ត្រីជាន់ខ្ពស់​របស់​ក្លិប​បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​នេះ ហើយ​ថែមទាំង​ផ្តល់ឱកាស​ឲ្យ​លោក Mourinho កាន់តែច្រើន​បន្ថែមទៀត ដើម្បី​បង្វែរ​ស្ថាន​ការ​អាក្រក់​របស់​ក្រុម Man Utd ក្នុង​រដូវ​កាល​នេះ​។​
 
​សារព័ត៌មាន​កីឡា SportsMail បាន​បង្ហាញថា​សូម្បីតែ​ក្រុមការងារ​របស់លោក Mourinho ក៏​កំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​២៩​ឆ្នាំ​ចុងក្រោយ ដើម្បី​គេចផុត​ពី​ការបាត់បង់​ការងារ​រ​បស់​ពួកគេ​។​
 
​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៥​ឆ្នាំ​រូបនេះ បាន​បាត់បង់​ការគាំទ្រ​ពី​សំណាក់​ក្រុម​របស់លោក ហើយ​បាន​សាកសួរ​ជា​សាធារណៈ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​កូនក្រុម​ចំពោះ​បញ្ហា​មុនពេល​ការប្រកួត​ក្របខណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ​ទល់នឹង​ក្រុម Valencia ខណៈ Man Utd មិនដែល​ឈ្នះ​ក្នុងផ្ទះ​ខ្លួនឯង​ចំនួន​៤​ប្រកួត​មកហើយ​មុនពេល​ស្វាគមន៍ Newcastle នៅ​យប់​ថ្ងៃទី​៦ ខែតុលា​នេះ​។​


 
​បើទោះជា​ទទួលលទ្ធផល​មិន​គាប់ប្រសើរ​យ៉ាងនេះ​ក្តី តែ​ប្រធាន​ប្រតិបត្តិ​ក្លិប​បិសាច​ក្រហម​លោក Ed Woodward នៅតែ​គាំទ្រ​លោក Mourinho និង​ផ្តល់​ការគាំទ្រ​ធំ​បំផុត​ក្នុង​ជីវិត​របស់​អ្នកចាត់ការ​រូបនេះ​ដើម្បី​ជា​កំលាំងចិត្ត​ក្នុងការ​ស្តា​ក្រុម​ឡើងវិញ​៕
​ 

Tag:
 ​បាល់ទាត់​
  Manchester United
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com