កីឡាការិនីចំបាប់ ស៊ឹម សុភាឡៃ ស្ថិតនៅក្នុងក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន ដើម្បីត្រៀមប្រកួតលើវិញ្ញាសា Women's Freestyle ទម្ងន់៤៩គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាយុវជនអូឡាំពិក (Youth Olympic Games) នាថ្ងៃទី១៣ ខែតុលា ខាងមុខ។
ក្រោយទទួលបានសិទ្ធិអនុគ្រោះពីគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ ស៊ឹម សុភាឡៃ ជាកីឡាការិនីតែម្នាក់គត់ ដែលត្រូវបានសហព័ន្ធកីឡាចំបាប់កម្ពុជា បញ្ជូនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអូឡាំពិក។ ការប្រកួតនេះ រៀបចំនៅទីក្រុងប៊ុយណូស៊ែប្រទេសអាហ្សង់ទីន ចន្លោះពីថ្ងៃទី៦-១៨ ខែតុលា ឆ្នាំ២០១៨ ដែលមានអត្តពលិកមកពីជាង២០០ប្រទេសចូលរួម។
កីឡាការិនី ស៊ឹម សុភាឡៃ (អាវខៀវ)
កីឡាការិនីវ័យ១៦ឆ្នាំ មកពីខេត្តកំពង់ឆ្នាំងរូបនេះ ត្រូវខកខានក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែនេះមិនមែនជារឿងខកចិត្តនោះឡើយ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗកីឡាការិនី ស៊ឹម សុភាឡៃ បានរៀបរាប់យ៉ាងដូច្នេះថា៖«សម្រាប់ខ្ញុំមិនបានទៅភ្ជុំបិណ្ឌមិនអីនោះទេ ព្រោះខ្ញុំបានប្រាប់ម៉ាក់ប៉ារួចហើយ ហើយពួកគាត់មិនត្រឹមតែមិនថាអ្វីនោះទេ ថែមទាំងជូនពរឲ្យខ្ញុំទទួលបានជោគជ័យត្រឡប់មកវិញថែមទៀតផង។ ខ្ញុំមានអារម្មណ៍សោកស្តាយតិចតួច តែមិនថ្វីនោះទេ ដើម្បីកីឡានិងប្រទេសជាតិ ចាំត្រឡប់មកវិញជួបគាត់តាមក្រោយក៏មិនអីដែរ»។
នេះជាលើកទី២ហើយសម្រាប់ការចូលរួមប្រកួតលើឆាកអន្តរជាតិរបស់ ស៊ឹម សុភាឡៃ ពោលគឺនាងធ្លាប់ចូលរួមប្រកួតជើងឯកពិភពលោកម្តងរួចមកហើយនៅប្រទេសអ៊ូសបេគីស្ថាន កាលពីពេលកន្លងទៅ។ តែនាង មិនទទួលបានលទ្ធផលអ្វីនោះឡើយ។ នៅពេលសួរពីក្តីរំពឹងសម្រាប់ការចូលរួមលើកនេះ កីឡាការិនីវ័យ១៦ឆ្នាំរូបនេះ មិនហ៊ានដាក់ក្តីរំពឹងខ្ពស់ក្នុងការទទួលបានលទ្ធផលល្អនោះទេ។ តែនាងប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព មិនឲ្យគូប្រកួតយកឈ្នះដោយស្រួលៗនោះឡើយ។
យុវតីរូបនេះបានរៀបរាប់ថា៖«ខ្ញុំមិនហ៊ានរំពឹងនោះទេ។ ការប្រកួតតែងតែមានចាញ់និងឈ្នះ តែខ្ញុំមិនប្រាកដថាអាចយកឈ្នះគេនោះទេ ហើយក៏មិនឲ្យគេផ្តួលស្រួលៗនោះដែរ ខ្ញុំនឹងព្យាយាមការពារឲ្យអស់ពីសមត្ថភាព ដើម្បីរារាំងគូប្រកួតកុំឲ្យយកឈ្នះយើងដោយងាយ»។
កីឡាការិនី ស៊ឹម សុភាឡៃ មានស្រុកកំណើតភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ យុវតីរូបនេះបានចូលហ្វឹកហាត់កីឡាចំបាប់តាំងពីអាយុ១៣ឆ្នាំ ហើយត្រូវបានសហព័ន្ធជ្រើសរើសឲ្យធ្វើជាយុវជនថ្នាលអំឡុងឆ្នាំ២០១៨ បន្ទាប់ពីមើលឃើញពីសមត្ថភាព និងទេពកោសល្យដ៏ប៉ិនប្រសប់នាង។ តាមរយៈការប្រឡូកក្នុងវិស័យកីឡាចំបាប់អស់រយៈពេលជិត៣ឆ្នាំកន្លងមកនេះ សុភាឡៃ ធ្លាប់បានមេដាយប្រាក់នាការប្រកួតជើងឯកថ្នាក់ខេត្តនៅកំពង់ឆ្នាំង និងថ្នាក់ជាតិជាដើម។
ស៊ឹម សុភាឡៃ
កីឡាការិនីវ័យ១៦ឆ្នាំរូបនេះបានរៀបរាប់ថា នាងស្រលាញ់និងចូលហ្វឹកហាត់កីឡាចំបាប់ដោយសារឃើញប្រុសនាងលេងកីឡាមួយនេះ។ ពេលនោះគ្រូបង្វឹកកីឡាចំបាប់នៅខេត្តកំពង់ឆ្នាំងបានសួរថានាង តើនាងចូលចិត្តកីឡានេះដែរឬទេ ហើយនាងក៏ឆ្លើយថាចូលចិត្ត។ បន្ទាប់មកនាង ក៏ចូលហ្វឹកហាត់កីឡាចំបាប់ចាប់ពីពេលនោះតែម្តង។
«ភាគច្រើននារីៗផ្សេងមិនចូលលេងកីឡាចំបាប់នោះទេ ព្រោះខ្លាចឡើងសាច់ដុំដើមដៃ និងជើងធំៗ។ សម្រាប់ខ្ញុំគិតតិចតួចដែរ តែដោយសារដាក់ចិត្តស្រលាញ់កីឡានឹងហើយ ខ្ញុំមិនខ្លាចមានរាងមិនស្អាតនោះទេ»។ នេះជាការរៀបរាប់បន្ថែមរបស់កីឡាការិនី ស៊ឹម សុភាឡៃ។
មិនមែនមានតែកីឡាចំបាប់នោះទេ ដែលទទួលបានសិទ្ធិអនុគ្រោះសម្រាប់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ កីឡាហែលទឹក និងវាយសី ក៏ទទួលបានសិទ្ធិនេះដែរ៕