ជាតិ
ទំនៀមទម្លាប់​បណ្ដែតទូក ឬ​សែន​ជូន​ដូនតា​ត្រឡប់​ទៅ​ស្រុក​វិញ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​
09, Oct 2018 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ វត្ត​អារាម​មួយចំនួន​ក្នុងប្រទេស​កម្ពុជា នៅតែ​រក្សា​ទំនៀមទម្លាប់ បណ្ដែត​សំពៅ​ឬ​ទូក នៅ​ថ្ងៃ​ភ្ជុំ​ធំ ដើម្បី​បញ្ជូន​អាហារ​នំចំណី​ជូន​ដូនតា ដែល​បាន​បាក់បែក​ចែក​ឋាន​។ ពិធី​បណ្ដែតទូក ឬ​សំពៅ នៅ​អំឡុងពេល​ភ្ជុំបិណ្ឌ​នេះ ជា​ទំនៀមទម្លាប់​ខ្មែរ ហើយក៏​ផ្សារភ្ជាប់​ទៅ​ព្រះពុទ្ធសាសនា​ផងដែរ​។​


 
​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃ នៅតាម​វត្ត​អារាម​ព្រះពុទ្ធសាសនា​មួយចំនួន គេ​ឃើញ​មាន​ទូក​ឬ​សំពៅ ទំហំ​ទទឹង​ប្រមាណ​កន្លះ​ម៉ែត្រ​ទៅមួយ​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ​មួយ​ម៉ែត្រ ទៅមួយ​ម៉ែត្រ​កន្លះ ដែល​ធ្វើ​ពី​ឈើ​ស្ដើង ឬ​ស្រទបចេក​។ សំពៅ ឬ​ទូក​នេះ គេ​ដា​ក់នៅ​ខាង​មុន សាលាឆាន់ ដើម្បី​ឲ្យ​ពុទ្ធបរិស័ទ យក​ស្រូវ អង្ករ ពោត សណ្ដែក ល្ង អំបិល ប្រហុក ប្រាក់​ជាដើម​ដាក់​ក្នុងនោះ​។ ជាធម្មតា​នៅ​ថ្ងៃ​១៥​រោច ឬ​ថ្ងៃ​ឆ្លង​ភ្ជុំ​គេ​ដាក់​បាយ ទឹក នំ ចំណី បង្អែម​ផ្សេងៗ​បន្ថែម ទៅក្នុង​សំពៅ ឬ​ទូក​នោះ ហើយ​យកទៅ​បណ្ដែត​នៅ​ទឹក​ដែល​ហូរ​។ ទោះជា​យ៉ាងណា មាន​វត្ត​អារាម​នៅ​ទីជនបទ​ខ្លះ ក៏​ទុក​ទូក ឬ​សំពៅ​បណ្ដែត​នៅក្រោយ​ភ្ជុំ​ដែរ គឺ​ប្រមាណ​កន្លះ​ខែក្រោយ ដែល​ធ្វើ​ចំ​ថ្ងៃ​ចេញ​ព្រះវស្សា​។ 
 
​ការរៀបចំ​ឱ្យមាន​ពិធី​បែបនេះ តាមពិតទៅ​មិន​ជាប់ទាក់ទង​អ្វី​នឹង​ព្រះពុទ្ធសាសនា​ឡើយ តែ​ជា​ពិធី​ធ្វើតាម​ទំនៀមទម្លាប់​ខ្មែរ​តែប៉ុណ្ណោះ​។ បើ​មិនមែនជា​ពិធី​បែប​សាសនា​ផង ចុះ​ហេតុដូចម្ដេច បានជា​គេ​ធ្វើ​ក្នុង​វត្ត​ព្រះពុទ្ធសាសនា​ទៅវិញ​? 
 
​ព្រះ​ភិក្ខុ ខឹម ប៊ុន​លៀម មាន​ថេរ​ដីកា​ថា ដ្បិត​ពី​ធី​បណ្ដែតទូក ឬ​សំពៅ មិនមែនជា​ពិធី​របស់​សាសនា​ក៏ពិតមែន ប៉ុន្ដែ​ដូនតា​ខ្មែរ​បាន​យក​វា​មក​ដាក់​ក្នុង​វត្ត ដើម្បី​ធ្វើឱ្យ​ជំនឿ​នេះ កាន់​តែមាន​អ្នកគាំទ្រ​ច្រើន ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ជឿ​លើ​ព្រះពុទ្ធសាសនា​។ ម្យ៉ាងវិញទៀត តាំងពីដើម​មក គេ​តែងតែ​ធ្វើ​ពិធី​នេះ ភ្ជាប់​ជាមួយ​សាសនាព្រះពុទ្ធ​ជានិច្ច ដោយ​មានការ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ព្រមទាំង​បង្សុកូល​ឧ​ទ្ធិ​ស​កុសល ជូន​ដូនតា​របស់​ពួកគេ​ផងដែរ​។ «​ក្នុង​ព្រះពុទ្ធសាសនា គ្មាន​ពិធី​បែបនេះ​ទេ​។ យើង​ដឹង​ហើយ​ខ្មែរ​គោរព​ព្រះពុទ្ធសាសនា បើ​គេ​ចង់ឱ្យ​ពិធី​អ្វីមួយ​មាន​អ្នក​ជឿ និង​ធ្វើ​តាមច្រើន មានតែ​នាំចូល​វត្ត​។ តាមពិតទៅ​ពិធី​នេះ ផ្សារភ្ជាប់​នឹង​ព្រះពុទ្ធសាសនា ព្រោះ​ពុទ្ធបរិស័ទ​ក៏បាន​នាំយក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ដែរ​»​។ នេះ​ជា​ថេរ​ដីកា​បញ្ជាក់​របស់​ព្រះ​ភិក្ខុ ខឹម ប៊ុន​លឿម​។ 



​រឿងព្រេង​និទាន «​ទន្លេ​ស្ងួត​កន្ទួត​មួយ​ដើម​»​វិញ ដំណាល​ថា ក្នុង​កាល​មួយ​នោះ​មាន​ឈ្មួញ​សំពៅ​មួយក្រុម បានធ្វើ​ដំណើរ​ទៅដល់​កោះ​មួយ ក៏​ស្នាក់​នៅលើ​កោះ​នោះ​។ ពពួក​ប្រេត​អត់ឃ្លាន​ជាច្រើន​នៅលើ​កោះ កាលណា​បើ​បានឃើញ​មនុស្ស​ឡើងទៅ​ទី​របស់ខ្លួន​ហើយ ក៏​ចង់​ចាប់​មនុស្ស​ទាំងនោះ​ស៊ី​ចំអែត​ក្រពះ​។ ដោយ​បញ្ជា​ពួក​ឈ្មួញ​ទាំងនោះ បាន​សុំឱ្យ​ប្រេត​ទុក​ជីវិត​ឱ្យ​ខ្លួន ដោយ​សន្យាថា​ពេលដែល​ទៅដល់​ភូមិ​ស្រុក​វិញ និង​ប្រាប់​ដំណឹង​នេះ​ទៅដល់​កូនចៅ​របស់​ពពួក​ប្រេត ដើម្បី​ឱ្យធ្វើ​បុណ្យឧទ្ទិសកុសល​ឱ្យ​។ ពួក​ប្រេត​ក៏​យល់ព្រម​តាម​សំណើ​ដោយ​ប្រាប់ថា បើ​ចង់ឱ្យ​ចំណីអាហារ​ទាំងនោះ​បាន​ដល់​ពួកគេ ត្រូវឱ្យ​ញាតិ​របស់គេ​យក​ចង្ហាន់ និង​ទេយ្យវត្ថុ​ទាំងឡាយ ទៅ​ប្រគេន​ព្រះសង្ឃ ព្រមទាំង​ធ្វើ​ទូក ឬ​សំពៅ បណ្ដែត​ចំណីអាហារ​ទាំងនោះ​ទៅ​ផង​។ ហេតុនេះហើយ តាំងពី​ពេលនោះ​មក ប្រជាជន​ខ្មែរ ចាប់ផ្ដើម​ធ្វើ​ពិធី​នេះ ត​រហូតមក​ដល់ពេល​បច្ចុប្បន្ន​។​
 
​ដូចគ្នា​ដែរ លោក វ៉ា​យ វិបុល ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា បាន​លើកឡើងថា ការរៀបចំ​ឱ្យមាន​ពិធី​បណ្តែតទូក ឬ​សំពៅ​តូច​ល្មម ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ធ្វើតាម​ទំនៀមទម្លាប់ ដោយ​យោងតាម​រឿងព្រេង​និទាន​ខ្មែរ «​ទន្លេ​ស្ងួត​កន្ទួត​មួយ​ដើម​»​។ លោក​ថា គេ​មិនអាច​អះអាងថា ការធ្វើ​បែបនេះ​ខុស ឬក៏​ត្រូវ​ទាំងស្រុង​បានឡើយ ព្រោះ​វា​ជា​ទំនៀមទម្លាប់​ខ្មែរ ដែលមាន​តាំងពី​យូរ​មកហើយ​។ លោក​គ្រាន់តែ​បញ្ជាក់ថា ការអនុវត្ត​ខ្លះ​ប្រកបដោយ​បញ្ជា និង​ខ្លះទៀត ក៏​ខ្វះ​បញ្ហា​ដែរ តែបើ​មិន​ជឿ​អ្វី​សោះ​ក៏​មិនកើត​ដែរ​។ លោក វ៉ា​យ វិបុល បញ្ជាក់​៖« បើ​យើង​ចង់​ធ្វើ​បុណ្យទាន​មែន ក៏​មិនត្រូវ​ឆ្ពោះទៅ​តែ​ព្រះសង្ឃ​ដែរ​។ ការធ្វើ​បែបនេះ ក៏​វា​មិន​អត់​ប្រយោជន៍​ទាំងស្រុង​ទេ សត្វ​តិរច្ឆាន​ដូចជា​ស្រមោច ឬ​សត្វល្អិត​ផ្សេងៗ​ទៀត ក៏​វា​បាន​ស៊ី​ដែរ​»​។ 


 
​ពិធី​បណ្ដែតទូក ឬ​សំពៅ​នេះ មិនមែន​មានតែ​នៅក្នុង​វត្ត​អារាម​ព្រះពុទ្ធសាសនា​នោះទេ តែ​នៅតាម​ផ្ទះ​របស់​ប្រជាជន​ខ្មែរ​មួយចំនួន ក៏បាន​ធ្វើ​ទូក​ពី​ស្រទបចេក ក្នុងន័យ​ដាក់​ស្បៀង​ជូន​ដូនតា​របស់​ពួកគេ ដែល​បាក់បែក​ចែក​ឋាន ឱ្យ​ត្រឡប់​ទៅ​ស្រុក​វិញ​ដែរ​។ ក្នុង​ទូក​នោះ មាន​បាយ​នំចំណី បង្អែមចម្អាប ស្រូវ អង្ករ ពោត សណ្ដែក អំបិល ប្រហុក​ជាដើម​។ ន័យ​មួយទៀត គឺ​ដើម្បី​ផ្សង​ក្នុង​របរ​កសិកម្ម​រប​ស់​ពួកគេ ឱ្យធ្វើ​នៅ​ឆ្នាំក្រោយៗ​ទទួលបាន​ភោគផល​ច្រើន​ផងដែរ​៕

Tag:
 ​ទំនៀមទម្លាប់​ខ្មែរ​
 ​ភ្ជុំបិណ្ឌ​
 ​បណ្ដែតទូក​
 ​ប​ណ្តែ​ង​សំពៅ​
© រក្សាសិទ្ធិដោយ thmeythmey.com