ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ភ្ជុំបិណ្ឌធ្វើឲ្យនិស្សិតខ្មែរនៅបរទេសនឹកស្រណោះស្រុកកំណើតជាអនេក
× ភ្នំពេញ៖ និស្សិតខ្មែរមួយចំនួនដែលកំពុងសិក្សានៅបរទេស ពុំបានឈប់សម្រាកនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ និងជួបជុំក្រុមគ្រួសារដូច នឹងនិស្សិតដទៃទៀតទេ។ យុវជនទាំងនោះមានការមមាញឹកនឹងការសិក្សានៅក្រៅប្រទេស។ ដូច្នេះធ្វើឲ្យពូកគេមានការនឹករលឹកក្រុមគ្រួសារជាពន់ពេក ដោយពួកគេបានត្រឹមតែផ្ញើក្តីនឹករលឹកទៅគ្រួសារពីចម្ងាយតែប៉ុណ្ណោះ។
យុវជន ពេជ្រ ច័ន្ទភិរុណ ជានិស្សិតរៀនបរិញ្ញាបត្រផ្នែក Business នៅប្រទេសចិន បាននិយាយប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ភិរុណមិនមានពេលឈប់សម្រាកដូចគេទេ ដោយសារជាប់រវល់នឹងការសិក្សានៅប្រទេសចិន។ ភិរុណបាននិយាយទាំងក្តីនឹករលឹកអ្នកផ្ទះថា ខ្លួនមិនមានពេលឈប់សម្រាក និងគ្មានគម្រោងដើរកម្សាន្តនៅទីណាឡើយពេលភ្ជុំ។ មានអាយុ២១ឆ្នាំ ភិរុណបញ្ជាក់ថា៖ «ខ្ញុំមិនមានគម្រោងថានឹងទៅលេងនៅណាទេ ព្រោះពេលនោះជាពេលខ្ញុំរៀន ហើយបើចង់ទៅណា ក៏ពិបាកដាក់ច្បាប់ដែរ»។
ថ្វីដ្បិតតែលោក ភិរុណ បានសិក្សានៅប្រទេសចិនមួយឆ្នាំមកហើយ ប៉ុន្តែរូបលោកក៏ធ្លាប់មកលេងក្រុមគ្រួសារនៅខ្មែរម្តងផងដែរ ដើម្បីជួបជុំក្រុមគ្រួសារ និងមិត្តភក្តិ។ មានស្រុកកំណើតនៅខេត្តតាកែវ ភិរុណ ប្រាប់ថា៖ «កាលពីពិធីបុណ្យចូលឆ្នាំចិនកន្លងទៅ ខ្ញុំបានមកលេងស្រុកកំណើតម្តងដែរ ដោយសារប្រទេសចិន គេឈប់សម្រាកដើម្បីវិលត្រឡប់ទៅជួបជុំសាច់ញាតិ។ ប៉ុន្តែភ្ជុំនេះខ្ញុំបានត្រឹមតែតែខលទៅលេងពួកគាត់ពីចម្ងាយតែប៉ុណ្ណោះ»។
មិនខុសពី ភិរុណទេ កញ្ញា ណារ៉ា លីនដា ជានិស្សិតផ្នែក Global Studies នៅសកលវិទ្យាល័យ Middlesex Community College នៅប្រទេសសហរដ្ឋអាមេរិក ក៏មានក្តីនឹកដល់ស្រុកកំណើតជាពន់ពេកអស់រយៈពេលមួយឆ្នាំហើយ។ នៅពេលរលឹកអនុស្សាវរីយ៍ជាច្រើនជាមួយបងប្អូនសាច់ញាតិ និងមិត្តជិតស្និទ្ធ ធ្វើឲ្យនាងស្រណោះជាខ្លាំង។
ជាអ្នកភ្នំពេញ លីនដា បញ្ជាក់ថា៖ «ពេលខ្ញុំមើលរូបថតកាលពីទៅវត្តជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ផុសពីឆ្នាំមុនៗ នៅក្នុងហ្វេសប៊ុក ធ្វើឲ្យខ្ញុំនឹកពួកគេមែនទែន។ តែឥឡូវអត់មានពួកគេនៅក្បែរអ៊ីចឹង ខ្ញុំកាន់តែនឹកពួកគេជាខ្លាំង ហើយចង់តែវិលត្រឡប់ទៅលេងពួកគេ ប៉ុន្តែពេលវេលាមិនអំណោយផលនោះទេ»។
ទោះយ៉ាងណា នៅប្រទេសសហរដ្ឋអាមេរិកនេះ មានខ្មែររស់នៅច្រើន និងមានវត្តអារាម និងមានការប្រារព្ធបុណ្យភ្ជុំបិណ្ឌ ដូចនឹងស្រុកខ្មែរដែរ។ នាងនឹងឆ្លៀតពេលសម្រាកពីការសិក្សាថ្ងៃចុងសប្តាហ៍ ចូលរួមពិធីកាន់បិណ្ឌដូចអ្នកនៅស្រុកខ្មែរផងដែរ ប៉ុន្តែទោះបីលីនដារស់នៅកន្លែងដែលអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌបានពិតមែន ចំពោះលីនដានៅតែនឹកពួកគេដដែល។ ដើម្បីកាត់បន្ថយក្តីនឹករលឹកពួកគេ លីនដា នឹងខលទៅលេង និងឆ្លងឆ្លើយជាមួយអ្នកផ្ទះជាធម្មតា។
និស្សិតម្នាក់ទៀតដែលកំពុងសិក្សានៅប្រទេសអូស្រា្តលី ក៏បញ្ជាក់ពីអារម្មណ៍នឹកស្រណោះដែរ ដែលមិនបានជួបជុំសាច់ញាតិបងប្អូននាពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ កញ្ញា អេង ចាន់រស្មី ជានិស្សិតកម្ពុជា បានរៀបរាប់ថា រូបគេនឹកដល់ម្តាយដែលតែងតែធ្លាប់ទៅវត្តធ្វើបុណ្យកាលពីឆ្នាំមុនៗ ក្នុងឱកាសបុណ្យភ្ជុំ។
កញ្ញា ចាន់រស្មី ប្រាប់ដូច្នេះថា៖ «ខ្ញុំនឹកដល់ម្តាយជាខ្លាំង នឹកដល់ពេលខ្ញុំទៅដាក់ចង្ហាន់ព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់សាច់ញាតិដែលបានចែកឋាន យ៉ាងហោចណាស់ខ្ញុំបានទៅវត្តយ៉ាងតិច៣ដែរ ហើយឆ្នាំនេះមិនដូចឆ្នាំមុនទេ ខ្ញុំពិតជាចង់ទៅលេងគាត់ណាស់ តែមិនមានពេលអាចទៅទេ ព្រោះខ្ញុំរវល់រៀន និងត្រៀមមើលមេរៀនប្រឡងនៅក្រោយបុណ្យភ្ជុំនេះ»។
យ៉ាងណាក៏ដោយ សមាគមនិស្សិតខ្មែរនៅប្រទេសអូស្រា្តលី ក៏រៀបចំពិធីបុណ្យកាន់បិណ្ឌដែរ ដើម្បីជួបជុំគ្នាទៅវត្ត។ បើតាមកញ្ញា ចាន់រស្មី សាលារបស់កញ្ញាអត់វ៉ាកងទេ ដូច្នេះមានតែបបួលគ្នាដែលជានិស្សិតខ្មែរកំពុងសិក្សានៅសាលាជាមួយគ្នាតែប៉ុណ្ណោះ ដែលទំនេរពីការសិក្សា ដើម្បីទៅធ្វើបុណ្យនៅវត្តទាំងអស់គ្នា៕
Tag:
និស្សិត
ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com