កីឡាជាតិ
ជាតិ
កីឡាករ វ៉ា​ត់ វ៉ាន់​ធុន ជាប់​ភារកិច្ច​ក្នុង​ព្រឹត្តិការណ៍ Youth Olympic នៅ​អា​ហ្ស​ង់​ទីន ចំ​ឱកាស​ភ្ជុំបិណ្ឌ​
06, Oct 2018 , 7:38 pm        
រូបភាព
កីឡាករ វ៉ាត វ៉ាន់ធុន (អាវខៀវ)ប្រកួតសមក្នុងអំឡុងពេលហ្វឹកហាត់នៅទីលានវាយសីក្នុងពហុកីឡដ្ឋានជាតិ
កីឡាករ វ៉ាត វ៉ាន់ធុន (អាវខៀវ)ប្រកួតសមក្នុងអំឡុងពេលហ្វឹកហាត់នៅទីលានវាយសីក្នុងពហុកីឡដ្ឋានជាតិ
ដោយ:
​រៀងរាល់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ម្តងៗ ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន តែងតែ​ផ្អាក​ដំណើរការ​អា​ជីក​ម្ម ឬ​ឈប់សម្រាក ដើម្បី​ឲ្យ​បុគ្គលិក កម្មករ និយោជិត​ទៅ​ជួបជុំ​ឪពុកម្តាយ សាច់ញាតិ​បងប្អូន និង​ជី​ជូន​ជីតា​នៅ​ស្រុកកំណើត​។ ប៉ុន្តែ​ក៏មាន​អាជីវកម្ម​មួយចំនួន​នៅ​បន្ត​ដំណើរការ​ផងដែរ​។ ខុសពី​កីឡាករ​ដទៃ កីឡាករ​វាយ​សី វ៉ា​ត់ វ៉ាន់​ធុន​មិនបាន​ទៅលេង​ស្រុកកំណើត ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះឡើយ ព្រោះ​រូបគេ​ជាប់​បំពេញ​កាតព្វកិច្ច​ស្វែងរក​មេដាយ​ពី​ព្រឹត្តិការណ៍​យុវជន​អូឡាំពិក​ជូន​មាតុភូមិ​។ កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះ មិន​ត្រឹមតែ​មិន​អន់ចិត្ត​នោះទេ ថែមទាំង​សប្បាយចិត្ត ព្រោះ​គេ​បាន​បំពេញភារកិច្ច​ដែល​ជាតិ​ចង់បាន​។​

 
​យុវជន​ថ្នាល វ៉ា​ត់ វ៉ាន់​ធុន ជា​កីឡាករ​ម្នាក់​គត់ ដែល​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បញ្ជូន​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​កម្រិត​យុវជន Youth Olympic Games នៅ​ប្រទេស​អា​ហ្ស​ង់​ទីន ចន្លោះ​ពីថ្ងៃ​ទី​៦-១៨ ខែតុលា ឆ្នាំ​២០១៨​។ ក្នុងន័យនេះ វ៉ាន់​ធុន មិនបាន​នៅ​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ ដែលជា​បុណ្យ​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​នៅ​ឆ្នាំ​នេះឡើយ​។ ទោះបី​ខកខាន​ក្នុងការ​ជួបជុំ​ឪពុកម្តាយ ជីដូន​ជីតា សាច់ញាតិ​បងប្អូន​ក៏ដោយ តែ​កីឡាករ​មកពី​ខេត្តកំពង់ឆ្នាំង​រូបនេះ​ហាក់​មិន​អន់ចិត្ត​ឡើយ​។​
 
​យូរៗ​បាន​ទៅលេង​ស្រុកកំណើត​ម្តង​ជាហេតុ​ធ្វើ​ឲ្យ​កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះ មាន​អារម្មណ៍​សោកស្តាយ​តិចតួច សម្រាប់​ការខកខាន​នៅ​ឆ្នាំនេះ​។ តែ វ៉ាន់​ធុន ទំនងជា​អាច​ទៅលេង​ស្រុកកំណើត​នៅពេល​ទំនេរ ក្រោយ​ត្រឡប់​មកពី​ប្រទេស​អា​ហ្ស​ង់​ទីន​វិញ​។   
 
​កីឡាករ​រូបនេះ​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មិន​អន់ចិត្ត​នោះទេ ព្រោះ​ខ្ញុំ​បាន​ជួយ​នូវ​ការប្រកួត​មួយ​ដែល​ប្រទេសជាតិ​ចង់បាន​។ តែមាន​អារម្មណ៍​សោកស្តាយ​តិចតួច​ដែរ ព្រោះ​យូរៗ​ខ្ញុំ​បាន​ទៅលេង​ខេត្ត​ម្តង ហើយ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខ្ញុំ​មិន​ជួប​ពួកគាត់​ទៀត​។ ប៉ុន្តែ​ក្រោយ​ព្រឹត្តិការណ៍​នេះ​ចប់ ពេល​ខ្ញុំ​ទំនេរ​ពី​ការហ្វឹកហាត់​នៅ​ថ្ងៃ​សៅរ៍​អាទិត្យ ខ្ញុំ​ប្រហែលជា​អាច​ទៅលេង​ស្រុក​»​។​
 
​នេះ​ជា​មិនមែនជា​លើក​ទី​១​នោះទេ សម្រាប់​កីឡាករ​មកពី​ខេត្ត​ឆ្នាំ​រូបនេះ សម្រាប់​ការចូលរួម​ប្រកួត​កម្រិត​អន្តរជាតិ​។ តែ​វា​លើក​ទី​១​របស់គេ ដែល​បាន​ចូលរួម​ប្រកួត​កម្រិត​អូឡាំពិក​។ សម្រាប់​ការចូលរួម​បី​លើក​កន្លងមក រូបគេ​មិនទាន់​អាច​ដណ្តើម​មេដាយ​បាន​នៅឡើយ​ទេ ពោលគឺ​បាន​ត្រឹម​វគ្គ​១/៤ ឬ ១/៨ តែប៉ុណ្ណោះ​។ 


កីឡាករ វ៉ាត វ៉ាន់ធុន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងពិធីទទួលប្រាក់ឧបត្ថម្ភពីការីស្វេតនៅទីលានវាយសីក្នុងពហុកីឡដ្ឋាន
 
​សម្រាប់​ការចូលរួម​ប្រកួត​កីឡា​អូឡាំពិក​កម្រិត​យុវជន​នៅ​អា​ហ្ស​ង់​ទីន​លើក​នេះ វ៉ាន់​ធុន រំពឹង​ទទួលបាន​លទ្ធផល​ល្អ តាមរយៈ​ការយក​ឈ្នះ​ប្រទេស​មួយចំនួន​ដែលមាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​។ «​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​អាចឈាន​ដល់​វគ្គ​១/១៦ ឬ ១/៨ បើសិន​ខ្ញុំ​ជួប​ប្រទេស​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​»​។ នេះ​ជាការ​បង្ហាញ​ក្តី​រំពឹង​របស់​កីឡាករ វ៉ា​ត់ វ៉ាន់​ធុន ហើយ​បន្ថែមថា រូបគេ​បាន​ហ្វឹកហាត់​ត្រៀម​យ៉ាង​ល្អ សម្រាប់​ព្រឹត្តិការណ៍​នេះ​។ 
 
​កីឡាករ វ៉ា​ត់ វ៉ាន់​ធុន មាន​ស្រុកកំណើត​នៅ​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។ គេ​បាន​ចូល​ហ្វឹកហាត់​កីឡា​វាយ​សី​តាំងពី​អាយុ​១៤​ឆ្នាំ​។ បច្ចុប្បន្ន​កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះ ជា​យុវជន​ថ្នាល​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​។ តាមរយៈ​ការ​ប្រឡូក​៤​ឆ្នាំ​កន្លងមកនេះ វ៉ាន់​ធុន ធ្លាប់​ឈ្នះ​មេដាយ​តែ​កម្រិត​ជាតិ​ប៉ុណ្ណោះ ពោលគឺ​រូបគេ​មិន​ធ្លាប់​ឈ្នះ​មេដាយ​កម្រិត​អន្តរជាតិ​នោះទេ​។​
 
​សម្រាប់​ព្រឹត្តិការណ៍ Youth Olympic Games នៅ​អា​ហ្ស​ង់​ទីន កម្ពុជា​បញ្ជូន​កីឡាករ​កីឡាការិនី​៣​រូប​លើ​៣​ប្រភេទ​កីឡា​រួមមាន​ចំបាប់ វាយ​សី និង​ហែល​ទឹក​ឲ្យ​ចូលរួម​។ កីឡាករ​ទាំង​៣​រូប​រួមមាន​កីឡាករ វ៉ា​ត់ វ៉ាន់​ធុន​, កីឡាការិនី ស៊ឹម សុភា​ឡៃ និង ពៅ​ពេជ្រ​ច​រ៉ា ប៊ុណ្ណា​៕     
 

Tag:
 ​វាយ​សី​
  វ៉ា​ត់ វ៉ាន់​ធុន​
  Youth Olympic
© រក្សាសិទ្ធិដោយ thmeythmey.com