ជាតិ
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជំនួបអតីតនិស្សិតអាស៊ានដែលបញ្ចប់ការសិក្សានៅជប៉ុន លោក វុទ្ធី មុនីរ័ត្ន ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន
× កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ជួបជុំអតីតនិស្សិតអាស៊ាន(អាស៊ាន+ជប៉ុន) ដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន ចំនួន៣ថ្ងៃ នៅខេត្តសៀមរាប។ កម្មវិធីនេះនឹងប្រារព្ធឡើងនៅថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ដែលមាននិស្សិតអាស៊ានជាង៣០០នាក់ចូលរួម។
លោក វុទ្ធី មុនីរ័ត្ន ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ថា «កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង រឹតចំណងមេត្រីភាពរវាងក្រុមប្រឹក្សាអតីតនិស្សិតអាស៊ានដែលសិក្សានៅប្រទេសជប៉ុន តាមរយៈវិស័យទេសចរណ៍នៅកម្ពុជា»។
លោកបានបន្តថា ក្រុមប្រឹក្សាអតីតនិស្សិតអាស៊ានមកពីប្រទេសជប៉ុន(Asean Council of Japan Alumni 24th Conference _ASCOJA) កម្មវិធីនេះ ត្រូវបានសមាគមអតីតនិស្សិតនៃបណ្តាប្រទេសសមាជិកអាស៊ាន ដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន តែងតែប្រារព្ធឡើងក្នុងប្រទេសរបស់ខ្លួននីមួយៗ។ ដោយឡែកឆ្នាំនេះ ជាលើកដំបូងសម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំកម្មវិធីមួយនេះឡើង ចាប់តាំងពីបង្កើត ASCOJA នៅឆ្នាំ១៩៧៧មក។
លោក វុទ្ធី មុនីរ័ត្ន បានបញ្ជាក់ថា បច្ចុប្បន្នមាននិស្សិតខ្មែរ ជាង១២០០នាក់ ដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន តាមរយៈអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនផ្តល់ឲ្យ៕
Tag:
និស្សិត
អាស៊ាន
ជប៉ុន
ASCOJA
© រក្សាសិទ្ធិដោយ thmeythmey.com