អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ហេតុអ្វី​បានជា​ម៉ា​សេ​ដ្វា​ន​ឈ្លោះ​ជាមួយ​ក្រិ​ក​ព្រោះតែ​រឿង​«​ឈ្មោះ​»?
09, Oct 2018 , 12:19 pm        
រូបភាព
​ម៉ា​សេ​ដ្វា​ន​បាន​ឯកភាព​ជាមួយ​ក្រិ​ក​ដើម្បី​ប្តូរ​ឈ្មោះ​ប្រទេស​ខ្លួន​ទៅជា ម៉ា​សេ​ដ្វា​ន​ខាងជើង​កាលពី​ខែមិថុនា​កន្លង​ដើម្បី​ឈានទៅ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​។ ប៉ុន្តែ​ការសម្រេច​ប្តូរ​ឈ្មោះ​នេះ​រង​ការរិះគន់ និង​ការប្រឆាំង​ពី​សំណាក់​ប្រជាជន និង​តំណាងរាស្ត្រ​ម៉ា​សេ​ដ្វា​ន​ផងដែរ ខណៈដែល​កិច្ចព្រមព្រៀង​ប្តូរ​ឈ្មោះ​នេះ​នៅ​រង់ចាំ​ការអនុម័ត​ពីស​ភា​ប្រទេស​ទាំងពីរ​ដដែល​។ តើ​រឿងរ៉ាវ​នៃ​ជម្លោះ​រឿង​ឈ្មោះ​ប្រទេស​នេះ​កើតឡើង​ដោយ​របៀប​ណា​?


 
​នៅ​ដើមខែ​មិថុនា ប្រមុខ​រដ្ឋាភិបាល​ក្រិ​កលោក អា​ឡិច​ស៊ី​ស ត្ស៊ី​ប្រាស (Alexis Tsipras) និង​សម​ភាគី​ម៉ា​សេ​ដ្វា​ន​លោក សូ​រាន សា​អេ​វ (Zoran Zaev) បាន​ព្រមព្រៀងគ្នា​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ដោយ​ម៉ា​សេ​ដ្វា​ន​ព្រម​ប្តូរ​ឈ្មោះ​ខ្លួន​ទៅជា​ម៉ា​សេ​ដ្វា​ន​ខាងជើង​វិញ​។  ពិធី​នោះ​មានការ​ចូលរួម​ពី​តំណាង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ប្រមុខ​ការបរទេស​សហភាព​អឺរ៉ុប​លោកស្រី ហ្វឺ​ដឺ​រី​កា ម៉ូ​ញ៉េ​រ៉េ​នី (Federica Mogherini) ផងដែរ​។
 
​តាមពិតទៅ​ជម្លោះ​រឿង​ឈ្មោះ​នេះ វា​កើតឡើង​ដោយសារ​ក្រិ​កមាន​ខេត្ត​មួយ​ដែល​ឈ្មោះ ម៉ា​សេ​ដ្វា​ន​ដែរ (Greek Macedonia) ដែលជា​ទឹកដី​មាន​វប្បធម៌ អរិយធម៌ ភាសា​និង​ទំនៀមទម្លាប់​ពី​យូរលង់​ណាស់​មកហើយ​។ អ្វីដែល​សំខាន់​វា​ជា​ទឹកដី​កំណើត​របស់​ស្តេច អា​ឡិច​ហ្សា​ន់​ឌ័​រ ដឹក​ហ្ក្រេ​ត (Alexander The Great) ផងដែរ​។ ប្រជាជន​ក្រិ​ក​ជានិច្ច​ជា​កាល​បាន​ចោទប្រកាន់ថា រដ្ឋបាល់​កង់ ម៉ា​សេ​ដ្វា​ន ដែល​សម្រេច​យកឈ្មោះ​ដូចគ្នា​នឹង​ខេត្ត​ខ្លួន​នោះ​មាន​ចេតនា​មិនល្អ​ឡើយ​។​
 
​ក្នុង​ឆ្នាំ ១៩៩៤ បន្ទាប់ពី​មានការ​ប្រឈមមុខ​ដាក់​គ្នា​ខ្លាំង​ផ្នែក​ការទូត រដ្ឋាភិបាល​ក្រុង​អាថែន បានសម្រេច​ដាក់​ការហ៊ុមព័ទ្ធ​ពាណិជ្ជកម្ម​ប្រឆាំង​ក្រុង​ស្កុប​ជេ និង​ប្រកាសថា គោលនយោបាយ​របស់រ​ដ្ឋ​ស្លា​វ (Slavic State) មួយ​នេះ​កំពុង​បង្កើត​គ្រោះថ្នាក់​ធំ​ដល់​ប្រទេស​ក្រិ​ក​ផង​។ ចាប់ពីពេលនោះ​មក​ប្រទេសជិតខាង​ទាំងពីរ​មើលមុខ​គ្នា​មិន​ចំឡើយ​ដោយសារតែ​ឈ្មោះ​នេះ ហើយ​ក្រិ​ក​តែង​ជំទាស់​ការចរចា​ចូល​ជា​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ និង​សហភាព​អឺរ៉ុប​របស់​ម៉ា​សេ​ដ្វា​ន​ជានិច្ច​។​
 
​ត្រឡប់មកវិញ កិច្ចព្រមព្រៀង​បឋម​នេះ​មាន​គោលដៅ ប្តូរ​ឈ្មោះ​រដ្ឋបាល់​កង់ និង​ជា​អតីត​សាធារណរដ្ឋ​យូ​ហ្គោ​ស្លា​វី​ម៉ា​សេ​ដ្វា​ន​ទៅជា «​សាធារណរដ្ឋ​ម៉ា​សេ​ដ្វា​ន​ខាងជើង​» (Republic of North Macedonia) វិញ​។ បើសិនជា​សមាជិកសភា​ប្រទេស​ទាំងពីរ​ព្រម​ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​នេះ វា​ក៏​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋ​ម៉ា​សេ​ដ្វា​ន​នេះ​ក្លាយជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​សហភាព​អឺរ៉ុប​ដូចគ្នា​ដែរ​។​
 
​ប៉ុន្តែ​នៅ​ម៉ា​សេ​ដ្វា​ន វា​តម្រូវ​ឲ្យ​មាន​ធ្វើ​ប្រជាមតិ​មួយ​បន្ថែម​ពី​ការផ្តល់​សច្ចាប័ន​របស់​សភា ដោយសារតែ​ប្រទេស​នេះ​ចាំបាច់​ត្រូវ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ឈានទៅ​ប្តូរ​ឈ្មោះ​ប្រទេស​។ គេ​ចាំបាច់​ត្រូវ​កែ​ពាក្យ​យ៉ាងតិចណាស់ ១៥០ ដែរ​ក្នុង​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​របស់​ម៉ា​សេ​ដ្វា​ន​។ ប៉ុន្តែ​ក្រោយ​ធ្វើ​ប្រជាមតិ​នៅ​ចុងខែ​កញ្ញា​នេះ លទ្ធផល​មិនអាច​យកជាការ​បានឡើយ ដោយសារ​ប្រជាជន​ទៅ​បោះឆ្នោត​មាន​ត្រឹម ៣៦​ភាគរយ​ប៉ុណ្ណោះ​។  គេ​រង់ចាំ​មើល​សភា​នឹង​សម្រេច​បែបណា ប៉ុន្តែ​តំណាងរាស្ត្រ​ភាគច្រើន​បានប្រកាសថា ខ្លួន​គោរព​ឆន្ទៈ​ពលរដ្ឋ​។ 
 
​តាមពិតទៅ ម៉ា​សេ​ដ្វា​ន​ប្រកាស​ឯករាជ្យ​ពី​យូ​ហ្គោ​ស្លា​វី​នៅ​ឆ្នាំ ១៩៩១ ហើយ​ចាប់ពីពេលនោះ​មក​ប្រទេស​យ៉ាងតិចណាស់ ១៣០​លើ​ពិភពលោក​រួមទាំង​អាមេរិក រុស្ស៊ី និង​មហាអំណាច​ផ្សេង​ទៀតផង​នោះ​ទទួលស្គាល់​ឈ្មោះ «​អតីត​សាធារណរដ្ឋ​យូ​ហ្គោ​ស្លា​វី នៃ​ម៉ា​សេ​ដ្វា​ន​»​។ ដូច្នេះហើយ​បានជា​អ្នកនយោបាយ​ដែល​ភាគច្រើន​ជា​អ្នក​អភិរក្ស​នោះ​ទិតៀន​រដ្ឋាភិបាល​ម៉ា​សេ​ដ្វា​ន​ដែល​ព្រម​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ក្រិ​ក និង​ចោទថា​នាយករដ្ឋមន្ត្រី​ខ្លួន​ក្បត់ជាតិ​ផង​ដោយសារ​ព្យាយាម​ប្តូរ​ឈ្មោះ​ប្រទេស​៕

Tag:
 ​ម៉ា​សេ​ដ្វា​ន
© រក្សាសិទ្ធិដោយ thmeythmey.com