កំណាព្យ
ពីនេះ ពីនោះ
ប៉ា​ធ្វើ​សំណង់​ចង់​ឲ្យ​កូន​រៀន​
07, Oct 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ


បទ បថ្យាវត្ត​

-​រំ​លឹម​តក់ៗ​ទឹក​ស្រក់​ស្រិចៗ​ ​តែ​ហា​ក់នៅ​តិចជាង​ញើស​ប៉ា​ស្រក់​
​ថ្ងៃ​ខ្លះ​ក្តៅ​ខ្លាំង​ស្លាំង​ស្លេក​ដង្ហក់​ ​ជើងដៃ​កខ្វក់​មិនដែល​ត្អូញត្អែរ​។​
 
-​ជាជាង​សំណង់​ចង់​សម្រាក​ដែរ​ ​ប៉ា​ខ្លាច​ថៅកែ​គេ​ស្តីជេ​រថា​
​ឬ​កាត់​ប្រាក់​ឈ្នួល​ប៉ះពាល់​គ្រួសារ​ ​ខ្លាច​ការសិក្សា​កូន​ត្រូវ​ខើច​ខ្លី​។​
 
-​ត្រូវ​ស្លៀកពាក់​ចាស់​នាំ​ខ្មាស​គេ​ក្តី​ ​ព្រោះ​កូនប្រុស​ស្រី​ប៉ា​ហ៊ាន​លះបង់​
​កូន​កាន់តែ​ធំ​លែង​ចង់​ជិះ​កង់​ ​អា​គុប​អា​សង់​កូន​ចង់​ដូច​មិត្ត​។​
 
-​កូនប្រុស​ស្រី​ប៉ា​ហ៊ឺហា​ភ្លេច​គិត​ ​ដើរលេង​ឆ្ងាយ​ជិត​បាន​ម៉ូតូ​ថ្មី​
​ធ្វើ​ឫក​បែប​ហំ​សម​កូន​សេដ្ឋី​ ​ខ្លាំងក្លា​សម្តី​ប៉ា​ស្តី​លែង​ស្តាប់​។​
 
-​ប៉ា​ស្រក់​ទឹកភ្នែក​ពេល​មាន​គេ​ប្រាប់​ ​ថា​កូន​គេ​ចាប់​ព្រោះ​ប្រើ​ថ្នាំញៀន​
​ប៉ា​ធ្វើ​សំណង់​ចង់​ឲ្យ​កូន​រៀន​ ចង់ឃើញ​កូន​ឈាន​ឆ្ងាយ​ពិភព​ឪ​។
-​ក្មេងៗ​ដទៃ​លៃ​ដើរ​ផ្លូវត្រូវ​ ​ស្តាប់​គ្រូ​ម៉ែឪ​នាំទៅរក​ល្អ​
​កុំ​គិត​កើត​ខុស​ក្នុង​ត្រកូល​ក្រ​ ​ជំនាន់​យើង​ត​ក្រ​ទៀត​ទើប​ខុស​៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com