កីឡាជាតិ
ជាតិ
បុណ្យភ្ជុំបិណ្ឌ
ដើម្បី​មុខមាត់​ជាតិ ក្រុម​ជម្រើសជាតិ​កម្ពុជា​មិន​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ឡើយ​
07, Oct 2018 , 11:59 am        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា គ្រូបង្វឹក រួមទាំង​មន្ត្រី​មួយចំនួន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មិនបាន​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នោះទេ ដោយសារ​ជាប់​កាតព្វកិច្ច​ហ្វឹកហាត់ ដើម្បី​ត្រៀម​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ទី​ម័​រ​ខាងកើត​នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

 
​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក ឈូក ពិសិដ្ឋ បាន​និយាយថា ក្រុម​ជម្រើសជាតិ​កម្ពុជា មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ឈប់សម្រាក​ទៅលេង​ស្រុកកំណើត​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នោះទេ​។ ការមិន​អនុញ្ញាត​នេះ ក៏​ព្រោះតែ ពួកគេ​ជាប់​ហ្វឹកហាត់​បង្កើន​សមត្ថភាព ដើម្បី​ត្រៀម​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមទី​ម័​រ​ខាងកើត​។​
 
​បើតាម​លោក ឈូក ពិសិដ្ឋ ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ប្រមូលផ្តុំ​ហ្វឹកហាត់​កាលពី​ថ្ងៃទី​៤ ខែតុលា ត្រូវ​ហ្វឹកហាត់​រហូតដល់​ថ្ងៃ​ប្រកួត​តែម្តង បន្ទាប់ពី​ពួកគេ​ត្រូវបាន​ឲ្យ​ឈប់សម្រាក​នៅ​ថ្ងៃទី​៧ ខែតុលា​នេះ​។ តែ​យ៉ាងណា លោក មិនបាន​បញ្ជាក់ លម្អិត​ពី​មូលហេតុ​មិន​ឲ្យ​ឈប់សម្រាក​បាន​ក្បោះក្បាយ​នោះឡើយ​។​
 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda ដែលមាន​លោក Felix ជា​គ្រូបង្វឹក​ផ្ទាល់​នៅលើ​ទីលាន​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​លើក​ទី​២ ស្វាគមន៍​ភ្ញៀវ​ទី​ម័​រ​ខាងកើត​នៅ​ថ្ងៃទី​១២ ខែតុលា នា​ម៉ោង​៦:៣០​នាទី​។ ខណៈ​នា​ជំនួប​មិត្តភាព​អន្តរជាតិ​លើក​ទី​១ កម្ពុជា​ប្រកួត​ចាញ់​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ៣-១៕       

Tag:
 ​បាល់ទាត់​
  ក្រុម​ជម្រើសជាតិ​កម្ពុជា​
  ឈូក ពិសិដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com