ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីសាសនារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅគ្រប់ទិសទី ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ។ ទោះជាប្រពៃណីទំនៀមទម្លាប់បានកំណត់ថា ភ្ជុំបិណ្ឌត្រូវធ្វើឡើងរយៈពេល១៥ថ្ងៃក្ដី តែប្រជាពលរដ្ឋនៅតំបន់ផ្សេងមិនបានធ្វើទៅតាមការកំណត់ឡើយ។ តួយ៉ាងវត្តខ្មែរ ដែលស្ថិតនៅទឹកដីកម្ពុជាក្រោមមួយចំនួនបានប្រារព្ធពិធីបោះបាយបិណ្ឌតែ ៣ថ្ងៃ ទៅ៧ថ្ងៃតែប៉ុណ្ណោះ។ មួយវិញទៀតថ្ងៃភ្ជុំធំនៅកម្ពុជាក្រោម ក៏មានលក្ខណៈខុសប្លែក ពីកម្ពុជាកណ្ដាលច្រើនថែមទៀត។
ដើម្បីជ្រាបកាន់តែច្បាស់ថា ពិធីបុណ្យភ្ជុំបិណ្ឌនៅកម្ពុជាកណ្ដាល មានលក្ខណៈខុសប្លែកគ្នាយ៉ាងណាខ្លះនោះ សូមស្ដាប់បទយកការណ៍ ដែលរៀបចំដោយកញ្ញា ថាន រស្មី ដូចតទៅ៖
នេះជាបរាភវសូត្រដែលព្រះសង្ឃ តែងតែសូត្ររៀងរាល់ព្រឹកព្រលឹម នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាសញ្ញាបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌបានចូលមកដល់ហើយ។ ពិធីបុណ្យភ្ជុំបិណ្ឌដែលលោក អ្នកនាង បានស្គាល់ច្បាស់ថាជាពិធីធ្វើបុណ្យឧទ្ទិសដល់បុព្វការីដែលបានចែកចាកឋានទៅហើយ។ ដោយមានកម្មវិធីដូចជា បោះបាយបិណ្ឌ រាប់បាត្រ ចំនួន១៥ថ្ងៃ និងពិធីភ្ជុំធំនៅថ្ងៃទី១៥ចុងក្រោយ។
សូមស្តាប់សំឡេង៖
បើទោះជាមានកម្មវិធីបុណ្យភ្ជុំបិណ្ឌដូចគ្នាក្ដី ប៉ុន្តែពិធីបុណ្យភ្ជុំបិណ្ឌសម្រាប់បងប្អូនពលរដ្ឋនៅកម្ពុជាក្រោម មានលក្ខណៈខុសប្លែកពីកម្ពុជាកណ្ដាលគួរឲ្យកត់សម្គាល់។ ទោះមិនបានទៅដល់កម្ពុជាក្រោមដោយផ្ទាល់ តែនាងខ្ញុំបានជួបសម្ភាសជាមួយព្រះតេជគុណ ថាច់ ហាសំអាង ដែលជាព្រះគ្រូចៅអធិការវត្តសាមគ្គីរង្សី ហៅវត្តខ្មែរកម្ពុជាក្រោម ដើម្បីបង្ហាញពីភាពខុសគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលខ្មែរកម្ពុជាក្រោមបានធ្វើ។
ជាដំបូងពិធីបុណ្យភ្ជុំបិណ្ឌនៅកម្ពុជាក្រោមក៏មានរយៈពេល១៥ថ្ងៃ ដូចនៅកម្ពុជាកណ្ដាលដែរ។ តែសម្រាប់ពិធីបោះបាយបិណ្ឌគឺ មិនបានធ្វើពេញ១៥ថ្ងៃ ដូចវត្តអារាមនៅកម្ពុជាកណ្ដាលឡើយ ពោលគឺពិធីបោះបាយបិណ្ឌនៅកម្ពុជាក្រោមសម្រាប់វត្តខ្លះ ធ្វើតែ៣ថ្ងៃ វត្តខ្លះទៀតធ្វើតែ៥ ទៅ៧ថ្ងៃប៉ុណ្ណោះ។ ការកាត់បន្ថយថ្ងៃបោះបាយបិណ្ឌនេះ ក៏ព្រោះតែព្រះគ្រូចៅអធិការវត្តនីមួយៗ មើលឃើញពីភាពខ្វះខាតរបស់ពលរដ្ឋខ្មែរកម្ពុជា ដែលជាពុទ្ធបរិស័ទ។ ហើយនៅពេលបោះបាយបិណ្ឌម្ដងៗ គឺពលរដ្ឋខ្មែរកម្ពុជាក្រោមតែងតែ យកមុង យកកន្ទេល និងរៀបចំបាយបិណ្ឌ យកទៅសម្រាន្តនៅវត្តរង់ចាំវេលាទាបភ្លឺ ដើម្បីបោះបាយបិណ្ឌដល់ពពួកប្រែតដែលបានស្លាប់ទៅ ហើយមិនមានញាតិមិត្តបងប្អូនធ្វើបុណ្យឧទ្ទិសឲ្យ។ បើតាមព្រះតេជគុណ ថាច់ហាសំអាង បាយបិណ្ឌនៅកម្ពុជាក្រោម គឺមិនមានបោះពាសវាពាសកាលនោះទេ ហើយបាយបិណ្ឌនោះទៀតសោធត្រូវបានក្មេងៗរើសយកទៅបរិភោគបានទៀតផង។
ព្រះតេជគុណ ថាច់ ហាសំអាង បញ្ជាក់៖ «នៅកម្ពុជាក្រោមឲ្យតែរដូវបោះបាយបិណ្ឌ ញាតិញោមតែងតែមកយកមុង និងបាយបិណ្ឌ មកចងសម្រាកនៅវត្តតែម្ដង។ នៅកម្ពុជាក្រោមញាតិញោមយកបាយបិណ្ឌ និងទៅដាក់នៅបល្ល័ង្កលោក ដើម្បីឲ្យយាយជីក្នុងវត្តរៀបចំមួយថាស់ធំៗទុកសម្រាប់ព្រះសង្ឃឆាន់ប្រមាណ៦០ភាគរយ។ ហើយបាយបិណ្ឌនៅកម្ពុជាក្រោម គឺអាចក្មេងៗរើសយកទៅហូបបាន ព្រោះគេមិនច្របាច់ចូលគ្នាដូចនៅកម្ពុជាកណ្ដាលទេ។ មិនតែប៉ុណ្ណោះនៅកម្ពុជាក្រោមគេ មិនបោះទម្លាក់ដីចោលទេ តែគេយកទៅដាក់ឲ្យត្រឹមត្រូវទើបក្មេងអាចរើសហូបបាន»។
ចំពោះការមិនបោះបាយបិណ្ឌពាសវាលពាសកាល ឬមិនបោះក្រវែងរបស់ពលរដ្ឋកម្ពុជាក្រោម ត្រូវបានព្រះតេជគុណមកពីខេត្តឃ្លាំងខាងលើបានឲ្យដឹងថា គឺធ្វើទៅតាមពុទ្ធវិន័យ ព្រោះការធ្វើទានដោយបោះក្រវែងគឺមិនបានបុណ្យឡើយ។ ជាងនេះទៅទៀតការចែករំលែកបាយបិណ្ឌដល់ទៅព្រះសង្ឃសម្រាប់ឆាន់ និងសូត្រធម៌វេចង្ហាន់នោះ គឺត្រូវតាមពុទ្ធវិន័យជាង។
ព្រះតេជគុណ ថាច់ ហាសំអាង បញ្ជាក់៖ «ទានទាំងឡាយណាដែលឧទ្ទិសទៅដល់ពពួកប្រេតបានលុះត្រាតែថ្វាយទៅដល់អ្នកមានសីលមុនសិន។ ប្រគេនព្រះសង្ឃសិន ហើយសំណល់ដែលសេសសល់សឹមយកទៅបោះ ឲ្យពពួកប្រេតទៅ។ ការដាក់នៅតាមជញ្ជាំងវិហារឬ នៅកន្លែងណាមួយវាល្អជាងការបោះពាលវាលពាសកាល ហើយការបោះបែបនេះអាចបង្ករជាបញ្ហាឈ្លោះទាស់ទែងគ្នាទៅវិញ»។
ក្រៅពីភាពខុសគ្នាក្នុងពិធីបោះបាយបិណ្ឌ ពិធីភ្ជុំធំនៅថ្ងៃចុងក្រោយក៏មានលក្ខណៈខុសគ្នាដែរ។ ដោយនៅកម្ពុជាក្រោម ថ្ងៃចុងក្រោយនៃពិធីភ្ជុំធំ ពុទ្ធបរិស័ទ បានមកនិពន្ធព្រះសង្ឃទៅតាមផ្ទះតែម្ដង ដោយមិនមានអ្នកមកធ្វើពិធីនៅវត្តឡើយ។
ព្រះតេជគុណ ថាច់ ហាសំអាង បញ្ជាក់៖«ចុងក្រោយបំផុតពិធីបុណ្យភ្ជុំបិណ្ឌនៅកម្ពុជាក្រោម មិនដូចនៅកម្ពុជាកណ្ដាលនោះទេ។ ដោយព្រះសង្ឃត្រូវនិពន្ធទៅតាមផ្ទះពុទ្ធបរិស័ទ ព្រោះពលរដ្ឋខ្មែរកម្ពុជាក្រោមជឿថាការសែននៅផ្ទះដោយខ្លួនឯងគឺមិនដល់ពលបុព្វការីជនឡើយ។ ដូច្នេះនៅថ្ងៃចុងក្រោយព្រះសង្ឃមួយអង្គអាចទៅផ្ទះពុទ្ធបរិស័ទ រហូតជាង៥០ឯណោះ»។
ក្រៅពីនេះ នៅរៀងរាល់ពិធីបុណ្យសាសនាធំៗម្ដង នៅកម្ពុជាក្រោមតែងតែមានការរែអង្គាសប្រាក់តាមក្រុម នៃភូមិនីមួយៗ ដើម្បីយកបច្ច័យទៅអភិវឌ្ឍន៍វត្ត។ ពិតណាស់បើទោះបច្ចុប្បន្នព្រះតេជគុណ ថាច់ ហាសំអាង បានមកគ្រប់គ្រងវត្តសាមគ្គីរង្សី ឬវត្តខ្មែរកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញក្ដី តែព្រះតេជគុណបានព្យាយាមថែរក្សាប្រពៃណីល្អៗយកមកអនុវត្តនៅក្នុងវត្តរបស់ព្រះតេជគុណផងដែរ។
តួយ៉ាងពិធីបោះបាយបិណ្ឌនៅវត្តសាមគ្គីរង្សី មិនអនុញ្ញតឲ្យបោះពាសវាលពាសកាលឡើយ។ ពោលព្រះសង្ឃគង់នៅវត្តខ្មែរកម្ពុជាក្រោមមួយនេះ បានរៀបចំធុងសម្រាប់ឲ្យពុទ្ធបរិស័ទ ទម្លាក់ចូលដើម្បីជាការថែរក្សាអនាម័យ និងតម្លៃនៃអាហារ៕