ជាតិ
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ​៖«​នាឡិ​»​បង្កើន​ការផលិត​នំ​ខ្មែរ​ដើម្បី​ប​ញ្ច្រា​ប​វត្តមាន​នំ​ខ្មែរ​នៅតាម​ទី​អារាម​
07, Oct 2018 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖«​នាឡិ​»​ជា​សិប្បកម្ម​ផលិត​ខ្មែរ​គ្រប់​ប្រភេទ ដែល​បាន​បើក​ដំណើរការ​ជាង​១​ឆ្នាំ​ហើយ នៅ​រាជធានី​ភ្នំពេញ​។ ក្រៅតែពី​ផលិត​នំ​ខ្មែរ លក់​ទៅ​ឲ្យ​ដៃគូ​ចែកចាយ​ប្រចាំថ្ងៃ​ហើយ​នោះ នៅក្នុង​អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ «​នាឡិ​» បាន​បន្ថែម​ការផលិត​នំ​របស់ខ្លួន ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ ដែល​អាចមាន​តម្រូវការ​នំ​ខ្មែរ​ច្រើន​យកទៅ​ទី​អារាម​។​


​លោក អ៊ិន ច័ន្ទ​ធារ៉ា ម្ចាស់​សិប្បកម្ម​ផលិត​នំ​ខ្មែរ​«​នាឡិ​» បញ្ជាក់ថា នំ​ខ្មែរ​មិនសូវមាន​វត្តមាន​នៅតាម​វត្ត​អារាម​ច្រើន​ទេ ពី​អំឡុង​កាន់បិណ្ឌ​ថ្ងៃទី​១ ដល់​បិណ្ឌ​ទី​១០ ពោលគឺ​ទាល់តែ​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ ទើប​មាន​ច្រើន ដូច្នេះហើយ​ទើប​«​នាឡិ​» បង្កើន​ការផលិត​របស់ខ្លួន លើស​ថ្ងៃ​ធម្មតា​។​
 
​ហើយ​ការធ្វើ​ដូច្នេះ ក៏​ដោយសារ​ម្ចាស់​សិប្បកម្ម​នំ​ខ្មែរ​រូបនេះ ចង់​ប​ញ្ច្រា​ប​វត្តមាន​នំ​ខ្មែរ​ឲ្យ​កាន់តែ​ទូលាយ​ទៅ​ប្រជា​ពល​ខ្មែរ ពិសេស​យុវវ័យ ខណៈដែល​នៅ​ទី​អារាម មិនសូវមាន​វត្តមាន​នំ​ខ្មែរ​ក្នុងអំឡុង​បុណ្យកាន់បិណ្ឌ​នោះ​។ លោក អ៊ិន ច័ន្ទ​ធារ៉ា បញ្ជាក់​ដូច្នេះ​៖«​ការប្រើប្រាស់​នំ​ខ្មែរ​យកទៅ​វត្ត​អារាម គឺ​ដើម្បី​លើកតម្កើង និង​អភិរក្ស​អត្តសញ្ញាណ​ជាតិ​ផង​។ ម្យ៉ាងវិញទៀត ចង់បង្ហាញ​ថា​នំ​ខ្មែរ​អាចធ្វើ​ពេល​ក៏បាន​ដែរ មិន​ចាំ​ដល់​ថ្ងៃ​បិណ្ឌ​១៣ ឬ​១៤  ឬក៏​មាន​ពិធី​បុណ្យទាន​ធំៗ ចាំ​នាំគ្នា​វេច​នោះទេ​»​។​
 
​អ្នកស្រី អ៊ីង សុផាត ជា​ចាស់ទុំ​មួយរូប ដែល​រស់នៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល បាន​និយាយ​ពី​ការ​ថយ​វត្តមាន​នំ​ខ្មែរ​នៅតាម​ទី​អារាម​នៅក្នុង​អំឡុង​កាន់បិណ្ឌ​ដែរ​។ ស្ត្រី​វ័យ​៦២​ឆ្នាំ​រូបនេះ រៀបរាប់ថា​៖«​កាលពី​ខ្ញុំ​នៅ​ក្មេង ឲ្យ​តែ​ជិត​ដល់​បុណ្យ​ភ្ជុំ​ធំ ឬ​ពេល​កាន់បិណ្ឌ ខ្ញុំ​តែងតែ​ឃើញ​ផ្ទះ​នីមួយៗ​ពី​ចុង​ភូមិ​ដល់​ដើមភូមិ នាំគ្នា​កាត់​ស្លឹកចេក​មក​ហាល​ពេញមុខ​ផ្ទះ​។ អ្នកខ្លះ​ធ្វើ​ខ្សែចំណង​នំ និង​រក​សណ្តែកបាយ​ជាដើម ដើម្បី​ត្រៀម​វេច​នំ​មុន​ភ្ជុំ​ធំ​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​។ ឯ​គ្រួសារ​ខ្លះ នាំគ្នា​វេច​នំ ពិសេស​នំអន្សមចេក និង​អន្សមជ្រូក តាំងពី​បិណ្ឌ​១​មកម្ល៉េះ​សម្រាប់​យកទៅ​វត្ត​ក្នុង​ថ្ងៃ​កាន់​វេន​បិណ្ឌ​របស់ខ្លួន​។ ប៉ុន្តែ​មកដល់​រយៈ​ប្រហែល​៥​ឆ្នាំ​ចុង​ក្រោយនេះ ការ​វេច​នំ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​បាន​ថយចុះ​»​។​
 
​អ្នកស្រី អ៊ីង សុផាត​ពន្យល់ថា ការថយចុះ​នៃ​ការ​វេច​នំ​ក្នុង​រយៈ​ភ្ជុំបិណ្ឌ​នេះ អាច​បណ្តា​មកពី មនុស្ស​ចាស់ៗ​ជំនាន់​ដើម​បាន​ស្លាប់ ឯ​ក្មេងៗ​សម័យ​ឥឡូវ​មិនសូវ​ចាប់អារម្មណ៍​រៀន​វេច​នំ​ពី​ឱ​ពុក​ម្តាយ ឬ​ជីដូន​ជីតា​ទេ​។ បើ​មាន​អ្នកចេះ​វេច​នំអន្សម ក្នុងភូមិ​ក៏មាន​មិន​ច្រើន​ដូច​មុន​ទៀត​ដែរ​។  នេះ​ជាការ​បន្ថែម​របស់​អ្នកស្រី សុផាត​៕
 







Tag:
 នាឡិ​
 ​នំ​ខ្មែរ​
  ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com