ជាតិ
សម្តេច ហ៊ុន សែន ពេញចិត្ត​ឲ្យ​អ្នកដឹកនាំ​វ័យក្មេង​នៃ​បក្ស​ផ្សេងៗ​រៀនសូត្រ​ពី​ប្រជាធិបតេយ្យ​នៅ​ជប៉ុន
08, Oct 2018 , 6:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន នឹង​អញ្ជើញ​តំណាង​គណបក្ស​ផ្សេងៗ​របស់​កម្ពុជា រួមទាំង​មន្ត្រី​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទៅ​ទស្សនកិច្ច​ស្វែងយល់​ដំណើរការ​ប្រជាធិបតេយ្យ នៅ​ប្រទេស​ជប៉ុន នាពេលខាងមុខ​។ នេះ​បើតាម​ការ​ថ្លែង​របស់លោក ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន នៅក្នុង​សន្និសីទកាសែត​រួមគ្នា​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​៨​ខែតុលា​នេះ​នៅក្នុង​ប្រទេស​ជប៉ុន​។​

 
​បន្ទាប់ពី​ការ​ថ្លែង​របស់លោក អា​បេ បានបញ្ចប់  សម្ដេច ហ៊ុន សែន បានបង្ហាញ​ការពេញចិត្ត​ចំពោះ​ការអញ្ជើញ​តំណាង​គណបក្ស​ផ្សេងៗ​ឲ្យ​ទៅ​ដក​បទពិសោធន៍​នៅ​ប្រទេស​ជប៉ុន​។ សម្ដេច​មានប្រសាសន៍​ដូច្នេះ​ថា​៖«​ខ្ញុំ​ពិតជា​ពេញចិត្ត​នូវ​អ្វីដែល​លោក អា​បេ បានលើកឡើង ទាក់ទង នឹង​ការអញ្ជើញ​យុវជន​ដឹកនាំ​វ័យក្មេង​នៃ​បណ្ដា​បក្សនយោបាយ ក៏ដូចជា​ស្ថាប័ន​យុត្តិធម៌ រួមទាំង​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត មក​ទស្សនកិច្ច​ដកប​ទ​ពិសោធន៍​នៅ​ប្រទេស​ជប៉ុន​»​។ 
 
​សម្ដេច​បាន​បន្ថែម​ដូចនេះ​ទៀតថា​៖«​នេះ​ជា​វិធីសាស្ត្រ​នៃ​ការកសាង​ប្រជាធិបតេយ្យ​សម្រាប់​អនាគត​វែងឆ្ងាយ​របស់​កម្ពុជា​។ អ្នកនយោបាយ​ចាស់ៗ អាច​ផុតរលត់ ក៏ប៉ុន្តែ​សម្រាប់​អ្នកនយោបាយ​ក្មេងៗ ពួកគេ​អាច​កសាង​វប្បធម៌​ប្រជាធិបតេយ្យ​មួយរយៈ​ពេល​យូរ ហើយ​មាន​សុខដុម​រម្យ​នា​ជាមួយគ្នា​ទៀតផង​»​។​
 
​ជាមួយគ្នានេះ សម្ដេចនាយក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ភាគី​ជប៉ុន​បន្ត​ជួយ​គាំទ្រ​ការរៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​ទៀត​។ សូមបញ្ជាក់ថា សម្ដេច​ប្រមុខ​រដ្ឋាភិបាល បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ នៅ​ទីក្រុង​តូ​ក្យូ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០​ខែតុលា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com