ចុងខែកញ្ញាកន្លងទៅ នាយករដ្ឋមន្ត្រីវ័យចំណាស់ផុតគេលោក មហាធៀ មហាម៉ាត់ បានបញ្ជាក់ថា ម៉ាឡេស៊ីមិនចង់បានសម្ព័ន្ធភាពយោធាជាមួយប្រទេសណាមួយឡើយ ហើយក៏មិនចង់មានសង្គ្រាមឬជម្លោះជាមួយប្រទេសណាដែរជាពិសេសង្ហបុរីជាមិត្តជិតខាង។ លោកក៏ទទួលស្គាល់ថា យោធាម៉ាឡេស៊ីមិនអាចប្រៀបយោធាសិង្ហបុរីឡើយ។
ពេលស្ថិតនៅក្នុងទីក្រុងឡុងដ៏ចុងខែកញ្ញាកន្លងទៅនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ បានផ្តល់បឋកថាមួយទៅកាន់ វិទ្យាស្ថានកិច្ចការបរទេសជុំវិញបញ្ហាអនាគតនៃប្រជាធិបតេយ្យនៅអាស៊ី។ ពេលនោះលោកបានលើកឡើងច្រើនជុំវិញគោលនយោបាយការពារជាតិរបស់ម៉ាឡេស៊ីបច្ចុប្បន្ន។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama នាយករដ្ឋមន្ត្រីវ័យ ៩៣ឆ្នាំរូបនេះបានអះអាងថា ម៉ាឡេស៊ីមិនចង់មានសម្ព័ន្ធភាពយោធា និងអនុញ្ញាតឲ្យមានការបើកមូលដ្ឋានទ័ពនៅលើដីម៉ាឡេស៊ីឡើយ។ ម៉ាឡេស៊ីក៏រឹតតែមិនត្រូវការជម្លោះឬសង្គ្រាមជាមួយប្រទេសណាមួយដែរ។
«យើងចង់មានឯករាជភាព និងសេរីភាពពីប្រទេសដទៃ ហើយយើងក៏មិនចង់ពាក់ព័ន្ធនឹងកិច្ចការប្រទេសដទៃដែរ»។ លោក មហាធៀ និយាយដូច្នេះ។
នាយករដ្ឋមន្ត្រីរូបនេះបានពន្យល់បន្ថែមផងដែរថា ថ្វីបើម៉ាឡេស៊ីជាសមាជិកនៃកិច្ចព្រមព្រៀងការពារជាតិប្រទេសប្រាំ (FPDA) ដែលត្រូវធ្វើការងាររួមគ្នាក៏ដោយ ក៏វាមិនមានន័យថា ម៉ាឡេស៊ីត្រូវដើរតាមនយោបាយប្រទេសទាំងនោះដែរ។ ម៉ាឡេស៊ីនៅតែមានសិទ្ធិអនុវត្តគោលនយោបាយផ្ទាល់ខ្លួនដដែល។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៧១ ដោយមានសមាជិកប្រាំមានម៉ាឡេស៊ី, អូស្ត្រាលី, នូវែលសេឡង់, សិង្ហបុរី និងអង់គ្លេស។
បន្ថែមពីនិយាយរឿងគោលជំហរមិនចង់បានសម្ព័ន្ធភាពយោធា លោក មហាធៀ ក៏បានឆ្លៀតឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងបញ្ហាប្រឈមមុខគ្នាមួយចំនួនជាពិសេសជម្លោះដែនកោះដែលកើតមានឡើងរវាងម៉ាឡេស៊ី និងប្រទេសជិតដូចជាសិង្ហបុរី ក៏ដូចជាឥណ្ឌូណេស៊ី។
លោក មហាធៀ ចង់សំដៅលើបញ្ហាជម្លោះដែលមានជាមួយសិង្ហបុរីលើសំណុំរឿងកោះ Pulau Batu Putih ដែលជាអ្វីដែលលោក មហាធៀ មិនពេញចិត្តព្រោះតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីថា វាជាកម្មសិទ្ធិសិង្ហបុរី។ ចំណែកមួយទៀតជម្លោះកោះ Ligitan និង Sipadan ជាមួយឥណ្ឌូណេស៊ី ។ លោក មហាធៀ ពេញចិត្តការសម្រេចរបស់តុលាការអន្តរជាតិព្រោះ ម៉ាឡេស៊ីជាអ្នកដែលឈ្នះក្តី។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា វាជារឿងចាំបាច់ដែលភាគីត្រូវគោរពសេចក្តីសម្រេចរបស់តុលាការ។
ជុំវិញបញ្ហាផ្សេងទៀតដែលម៉ាឡេស៊ីមានជាមួយសិង្ហបុរី នាយករដ្ឋមន្ត្រីទីប្រាំពីររបស់ម៉ាឡេស៊ីរូបនេះបាននិយាយថា ម៉ាឡេស៊ីនៅតែរក្សាជំហរក្នុងការចរចាលើបញ្ហាទាំងនោះព្រោះថា ម៉ាឡេស៊ីគ្មានចេតនាណាមួយចង់ធ្វើសង្គ្រាមជាមួយប្រទេសជិតខាងដូចជាសិង្ហបុរីឡើយ។ លោកក៏ទទួលស្គាល់ដែរថា សិង្ហបុរីជាប្រទេសដែលមានឥទ្ធិពល និងមានអំណាចយោធាខ្លាំង ពោលគឺខ្លាំងជាងម៉ាឡេស៊ី បើទោះជាប្រទេសនេះមានទំហំតូចក៏ដោយចុះ៕