ប្រជាជនចិនកើនឡើងគ្រប់ទីកន្លែងលើពិភពលោក ហើយបានបង្កើតបញ្ហាដូចគ្នា។ ពួកគេមិនសូវគោរពច្បាប់ទម្លាប់ ខ្សោយសីលធម៌ គ្មានសណ្តាប់ធ្នាប់ មានចរិតឈ្លើយ និងកោងកាចជាដើម។ ប៉ុន្តែមិនមែនមានន័យថា រាល់ប្រជាជនចិនសុទ្ធតែអាក្រក់បែបនេះឬតំណាងឲ្យប្រជាជាតិចិនទាំងមូលទេ។ប្រជាជនចិនខ្លះក៏មិនពេញចិត្តនឹងប្រជាជនគ្នាឯងដែរ។ រដ្ឋាភិបាលចិនខ្លួនឯងដឹង និងយល់ច្បាស់ថា វាជាបញ្ហាធំ និងធ្វើឲ្យចិនខូចមុខមាត់ដែរ។ ដូច្នេះហើយ ក្រុងប៉េកាំងប្រឹងពង្រឹងការគ្រប់គ្រងអ្នកទេសចរដែលបង្ករឿងនៅបរទេសនេះដូចគ្នាដោយកំណត់ឈ្មោះពួកគេក្នុងបញ្ជីខ្មៅមិនឲ្យធ្វើដំណើរទៅបរទេសទៀត។
ខាងក្រោមនេះអាចជាមូលហេតុមួយចំនួនដែលបណ្តាលឲ្យប្រជាជនមានឥរិយាបថមិនគួរឲ្យស្វាគមន៍បែបនេះ៖
១.ក្លាយជាអ្នកមានទ្រព្យមួយពព្រិចភ្នែក
អាមេរិកចំណាយពេលមិនក្រោម១០០ឆ្នាំទេដើម្បីឈានមកកាន់តំណែងមហាអំណាចដឹកនាំក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោកនេះ។ ចុះចិនវិញ? ចិនទទួលយកសេដ្ឋកិច្ចមូលធននិយម និងស្ថិតលើផ្លូវក្លាយជាមហាអំណាចសេដ្ឋកិច្ច ក្រោយការបើកចំហរសេដ្ឋកិច្ចអំឡុងឆ្នាំ ១៩៧៨ ប៉ុណ្ណោះ។
ប្រជាជនចិនទើបមានលទ្ធភាពកើបលុយចន្លោះ ២០ ទៅ ២៥ឆ្នាំចុងក្រោយនេះទេ។ វេលាខ្លីប៉ុណ្ណឹងមិនគ្រប់គ្រាន់សម្រាប់ប្រជាជនខ្លះក្នុងចំណោម ១,៤ពាន់លាននាក់ត្រៀមខ្លួនធ្វើជាអ្នកមានឡើយ។ ត្រៀមខ្លួននេះសំដៅលើចំណេះដឹង ប្តូរចិត្ត គំនិត អត្តចរិក និងឥរិយាបថ។ បើក្លាយជាអ្នកមានតាមដំណាក់កាល គេក៏ទំនងជាអាចក្លាយជាអ្នកមានដែលថ្លៃថ្នូរ។
២. របត់ប្រវត្តិសាស្ត្រធ្វើឲ្យពលរដ្ឋចិនអាត្មានិយមនិងគ្មានច្បាប់ទម្លាប់
កត្តាប្រវត្តិសាស្ត្រមានឥទ្ធិពលធំដែលធ្វើឲ្យប្រជាជនចិនមានស្ថានភាពដូចបច្ចុប្បន្នអត្មានិយម ចង់រស់តែឯងនិងមានឥរិយាបថមិនគួរឲ្យស្វាគមន៍។ គេត្រូវដឹងថា ចិនឆ្លងកាត់របត់ប្រវត្តិសាស្ត្រច្រើនទាំងហិង្សានយោបាយ, បដិវត្តន៍ សង្គ្រាមស៊ីវិល, ការឈ្លានពានពីសំណាក់បរទេសដែលបំផ្លាញសណ្តាប់ធ្នាប់សង្គម, អស្ថិរភាព, អនាធិបតេយ្យ, ភាពក្រីក្រ....។ រាប់ត្រួសៗ ព្រឹត្តិការណ៍សំខាន់ៗរួមមាន សង្គ្រាមអាភៀនជាមួយអង់គ្លេសឆ្នាំ ១៨៣៩, ជប៉ុនឈ្លានពានឆ្នាំ ១៩៣៧, ចលនាបដិវត្តន៍សេដ្ឋកិច្ច និងសង្គមមហាលោតផ្លោះមហាអស្ចារ្យឆ្នាំ ១៩៥៨, បដិវត្តវប្បធម៌ឆ្នាំ ១៩៦៦ ជម្រះកម្អែលមូលធននិយម រួមទាំងព្រឹត្តិការណ៍សម្លាប់រង្គាលនៅធានអានមេនឆ្នាំ ១៩៨៩។
៣.កង្វះខាតការអប់រំ!!!
ចិនជាមហាអំណាចសេដ្ឋកិច្ចលេខពីរ មានប្រជាជនសរុបប្រហែល១,៤ពាន់លាននាក់ (របាយការណ៍ធនាគារពិភពលោកឆ្នាំ ២០១៧ ប្រជាជនចិនយ៉ាងហោចណាស់ ៨០០លាននាក់រួចផុតពីភាពក្រីក្រ)។
ប៉ុន្តែសំណួរគឺថា តើការអប់រំនៅចិនបានផ្តល់ឱកាសឲ្យប្រជាជនភាគច្រើនអាចរៀនសូត្របានខ្ពង់ខ្ពស់ ល្មមអាចមានសីលធម៌សមរម្យ យល់ដឹងខុសត្រូវ គោរពច្បាប់ទម្លាប់ និងស័ក្តិសមជាមនុស្សមានទំនួលខុសត្រូវថ្លៃថ្នូរ ឬយ៉ាងណា?
ក្នុងសម័យបដិវត្តន៍វប្បធម៌ចន្លោះពីឆ្នាំ ១៩៦៦ដល់ឆ្នាំ ១៩៧៦ អ្នកមានចំណេះដឹងត្រូវរងការធ្វើទុក្ខបុកម្នេញនិងគាបសង្កត់ខ្លាំង។ ដល់ឆ្នាំ ១៩៧៨ នេះទេ ស្របពេលដែលបក្សកម្មុយនីស្តចិនចាប់ផ្តើមបើកចំហសេដ្ឋកិច្ច ទើបវិស័យអប់រំត្រូវគេយកចិត្តទុកដាក់ និងទទួលបានការវិនិយោគនោះ។ ចាប់ពីពេលនោះអប់រំត្រូវគេកំណត់ជាវិស័យចម្បងមួយបន្ទាប់ពីកសិកម្ម និងឧស្សាហកម្ម។
ប៉ុន្តែបើទោះជាបែបនេះក្តី ប្រព័ន្ធនយោបាយបិទ, កត្តាប្រជាសាស្ត្រ, អំពើពុករលួយ, វិសមភាពសង្គម និង ភាពក្រីក្រ សុទ្ធសឹងជាឧបសគ្គចម្បងដែលនៅបន្តរារាំងការអភិវឌ្ឍវិស័យអប់រំទូទាំងប្រទេស និងធានាថា គ្រប់គ្នាមានលទ្ធភាពទទួលចំណេះដឹងមូលដ្ឋានដដែល។
៤.មិនសូវមានលំហូរចូលវប្បធម៌ពីក្រៅ
មិនមែនរាល់ឥទ្ធិពលវប្បធម៌បរទេសសុទ្ធតែអាក្រក់ឡើយ។ វាអាចជួយបើកខួរក្បាល បើកចិត្ត ប្តូរផ្នត់គំនិត និងធ្វើឲ្យយើងភាពទំនើបស៊ីវិល័យ។ អ្នកណាក៏ដឹងថា ចិនមាននយោបាយបិទ ចំហរតែសេដ្ឋកិច្ច។ សេរីភាពទទួលព័ត៌មានក្នុង និងក្រៅប្រទេស រួមជាមួយការបញ្ចេញមតិ ត្រូវបានរឹតត្បិត និងស្ថិតក្រោមការតាមដាន។ វាមិនចម្លែកទេដែលឥទ្ធិពលវប្បធម៌បរទេសពិបាកជ្រាបចូលក្នុងសង្គមចិន។
៥.មិនសូវមានឱកាសស្វែងយល់ពីពិភពខាងក្រៅ
ការធ្វើដំណើរទៅក្រៅប្រទេសជួយប្តូរផ្នត់គំនិតដូចគ្នា។ តើរយៈពេលយូរប៉ុណ្ណា និង ប្រជាជនចិនច្រើនប៉ុណ្ណាអាចធ្វើដំណើរទៅក្រៅប្រទេសបាន? តាមពិតទៅវាទើបមួយទសវត្សរ៍ចុងក្រោយនេះប៉ុណ្ណោះដែលប្រជាជនចិនច្រើនលាននាក់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើដំណើរទៅក្រៅបរទេស និង អាចស្វែងយល់និងរៀនសូត្រពីពិភពខាងក្រៅ។ យោងតាមសារព័ត៌មាន South China Morning Post ក្នុងឆ្នាំ ១៩៩៧ ប្រជាជនចិនត្រឹម ៨,៤លាននាក់ប៉ុណ្ណោះធ្វើដំណើរទៅក្រៅប្រទេស។ ប្រជាជនចិនធ្វើដំណើរទៅក្រៅប្រទេសកើនដល់ ៨៣ លាននាក់ក្នុងឆ្នាំ ២០១២, កើនដល់ ១០០លាននាក់នាឆ្នាំ ២០១៤ និងកើនដល់លើស ២០០លាននាក់ក្នុងឆ្នាំ ២០១៧៕