ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ ទំនិញផលិតនៅកម្ពុជា មិនមែនផ្តត់ផ្គង់សម្រាប់តែទីផ្សារកម្ពុជានោះទេ សម្តេច ហ៊ុន សែន ថ្លែងក្នុងវេទិកាធុរកិច្ចមេគង្គជប៉ុន «តំបន់ប្រមូលផ្តំនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី» ទីក្រុងតូក្យូ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨
× ថ្លែងក្នុងវេទិកាធុរកិច្ចមេគង្គជប៉ុន «តំបន់ប្រមូលផ្តំនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី» ទីក្រុងតូក្យូ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគទាំងអស់ ជាពិសេសអ្នកវិនិយោគជប៉ុនដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ។ សម្តេចបានលើកឡើង កម្ពុជាជាប្រទេសមួយក្នុងតំបន់មេគង្គដែលមានសក្តានុពល និងកាលានុវត្តភាពជាច្រើនក្នុងការទាក់ទាញអ្នកវិនិយោគ។
«ទំនិញផលិតនៅកម្ពុជា មិនមែនផ្គត់ផ្គង់សម្រាប់តែទីផ្សាកម្ពុជាដែលមានប្រជាជនប្រមាណតែជាង ១៥លាននាក់តែប៉ុណ្ណោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណ២៥០លាននាក់ ទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ៦៣០ លាននាក់ និងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយតំបន់ (RECP) ដែលមានអតិថិជនប្រមាណ៣ប៊ីលាននាក់ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក»។ នេះជាថ្លែងអះអាងរបស់សម្តេច ហ៊ុន សែន។
ប្រមុខរដ្ឋាភិបាល បានលើកឡើងពីការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ សំដៅស្វែងរក ប្រភពកំណើនសេដ្ឋកិច្ចថ្មី បង្កើតតម្លៃបន្ថែមក្នុងវិស័យចន្ទល់សេដ្ឋកិច្ចដែលមានស្រាប់ និងអនុវិស័យពាក់ព័ន្ធ, ជំរុញការវិនិយោគក្នុងវិស័យកសិកម្ម, រៀបចំខ្លួនសម្រាការឈោងចាប់យកបច្ចេកវិទ្យាថ្មីៗក្នុងយុគសម័យឌីជីយល និងឈោងចាប់យកឱកាសក៏ដូចជាជំនះផលវិបាលពីបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងគោលដៅបម្រើឲ្យបេសកកម្មនៃការដឹកនាំកម្ពុជាឈានទៅសម្រេចបានឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ក្រៅពីបានគូសបង្ហាញពីសក្តានុពលនៃផលិតផលទំនិញរបស់កម្ពុជានៅលើទីផ្សារតំបន់ និងពិភពលោក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងភាពអំណោយផលនៃស្ថិរភាពនយោបាយ ទីតាំងដ៏អនុគ្រោះរបស់កម្ពុជាសម្រាប់ការវិនិយោគ កម្លាំងពលកម្មសម្បូរបែប និងការបើកចំហរសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើង។
ឆ្លៀតឱកាសនៃវេទិកាធុរកិច្ចមេគង្គជប៉ុន «តំបន់ប្រមូលផ្តំនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី» នោះដែរ សម្តេច ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៍ឈ្លាសវៃរបស់ អ្នកវិនិយោគទាំងអស់ ជាពិសេសអ្នកវិនិយោគជប៉ុន ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ ខ្ញុំសូមអំពាវនាវដល់អ្នកវិនិយោគជប៉ុនដែលមិនទាន់បានមកកម្ពុជាអញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ នៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីទាក់ទាញយកប្រយោជន៍ជាអតិបរមាពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលជប៉ុនបានជួយគាំទ្រដល់កម្ពុជា»។
ជាមួយគ្នានេះ សម្តេច បានធានាថា រដ្ឋាភិបាលកម្ពុជានឹងផ្តល់ជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល និងជួយជំរុញដល់ការវិនិយោគ ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៍ដូចជាម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ានប្រមាណបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com