អន្តរជាតិ
IMF៖ អត្រា​អតិផរណា​វេ​ណេ​ស៊ុយ​អេ​ឡា​កើន​ដល់ ១,៣​លាន​ភាគរយ​ចុង​ឆ្នាំនេះ និង​ដល់ ១០​លាន​ភាគរយ​ឆ្នាំក្រោយ​
10, Oct 2018 , 1:39 pm        
រូបភាព
​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បានបញ្ជាក់​នៅ​សប្តាហ៍​នេះ​ក្នុង​របាយការណ៍​ថ្មី​របស់ខ្លួន​ថា អត្រា​អតិផរណា​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​នឹង​កើន​ឡើងដល់​ជាង ១ លាន​ភាគរយ​គិត​ត្រឹម​ចុងឆ្នាំ ២០១៨​នេះ​។ បញ្ហា​នេះ​កើតឡើង​ព្រោះ​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​អ​លទ្ធភាព​ក្នុងការ​បន្ថយ​គម្លៀត​ថវិកា និង​បន្ត​បោះ​ពុ​ម្ពប្រាក់​បន្ថែម​ទៀតផង​។​


 
​របាយការណ៍​ថ្មី​ចេញផ្សាយ​ពីថ្ងៃ​អង្គារ​ទី ៩ ខែតុលា​បាន​ព្យាករ​ថា អត្រា​អតិផរណា​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​នឹង​កើន​ឡើងដល់ ១,៣៧ លាន​ភាគរយ​នៅត្រឹម​ចុងឆ្នាំ ២០១៨​នេះ ហើយ​វា​នឹង​បន្ត​កើនឡើង​ដល់ ១០​លាន​ភាគរយ​ត្រឹម​ឆ្នាំ ២០១៩ បើសិនជា​គ្មាន​វិធានការ​ដោះស្រាយ​។​
 
​យោងតាម Bloomberg មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​នេះ​ព្យាករ​ដោយ​ផ្អែកលើ​ការវាយប្រហារ​កាលពី​ខែកក្កដា​ដែល​រកឃើញថា អត្រា​អតិផរណា​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​កើន​ដល់ ១​លាន​ភាគរយ​។ អត្រា​នេះ​កើនឡើង​ប្រហែល ១​រយ​ដង​បើ​ប្រៀបធៀប​នឹង​អត្រា​អតិផរណា​កាល​ខែមករា​ដែលមាន​ត្រឹម ១៣០០០​ភាគរយ​ប៉ុណ្ណោះ​។​
 
​ក្រៅពី​កម្រិត​អតិផរណា​កើនឡើង​ហួស​បរិយាយ​នោះ IMF ក៏បាន​វាយតម្លៃ​ផងដែរ​ថា ទំហំ​សេដ្ឋកិច្ច​វេ​ណេ​ស៊ុយ​អេ​ឡា​នឹង​ថយចុះ​រហូតដល់ ១៨​ភាគរយ​ក្នុង​ឆ្នាំ ២០១៨​នេះ​។ វា​ជា​ឆ្នាំ​ទី​បី​ហើយ​ដែល​ទំហំ​សេដ្ឋកិច្ច​វេ​ណេ​ស៊ុយ​អេ​ឡាប​ន្ត​រួម​តូច​ក្នុង​កម្រិត​ពីរ​ខ្ទង់​បែបនេះ​។ ការរួម​តូច​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នេះ​គឺ​ដោយសារ​អស្ថិរភាព​ នយោបាយ, សេដ្ឋកិច្ច និង​ការថយចុះ​នៃ​សមត្ថភាព​ផលិត​ប្រេង​ឆៅ​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។​
 
​របាយការណ៍​អង្គ​ការនាំ​ប្រេង​ចេញ OPEC បង្ហាញថា ការផលិត​ប្រេង​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ធ្លាក់ចុះ​ខ្លាំង​។ ប្រទេស​នេះ​បូម​ប្រេង​បាន​តិចជាង ១,៥ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ បើ​ទោះ​វេ​ណេ​ស៊ុយ​អេ​ឡា​មាន​ប្រេង​បម្រុង​ទុក​ច្រើនក្តី​។ 
 
​ស្ថានភាព​សេដ្ឋកិច្ច​កាន់តែ​អាក្រក់​ជះ​ឥ​ទិ្ធ​ពល​កាន់តែខ្លាំង​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា ហើយ​វា​ប្រាកដ​ណាស់​ថា ប្រជាជន​កាន់តែច្រើន​នឹង​បន្ត​រត់គេច​ចេញពី​គ្រោះមហន្តរាយ​ទៅ​ជ្រកកោន​នៅ​ប្រទេសជិតខាង​។ ចំណែក​ប្រជាជន​ដែល​បន្ត​រស់នៅ​ក្នុងប្រទេស​រងគ្រោះ​កាន់តែខ្លាំង​ដោយសារ​ជំងឺ​តម្កាត់ កង្វះខាត​ស្បៀងអាហារ និង​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​ជាដើម​។​
 
​ចំណែក​រដ្ឋាភិបាល​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ឯណោះ​វិញ​បន្ត​ចោទប្រកាន់​សហរដ្ឋអាមេរិក​ជុំវិញ​បញ្ហា​ដែល​កើតមានឡើង​ក្នុងស្រុក​។ ចាប់ពី​ឆ្នាំ ២០១៣​មក រដ្ឋាភិបាល​ម៉ា​ឌុយ​រ៉ូ បន្ត​បោះ​ពុ​ម្ព​ប្រាក់​បន្ថែម និង​បន្ត​បង្កើន​ប្រាក់ខែ​គោល​កម្មករ​ចំនួន ២៤​ដង​រួចទៅហើយ​ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​អតិផរណា​កើន​លើសលុប​នេះ ហើយ​ក្នុង​ខែសីហា​កន្លងទៅ រដ្ឋាភិបាល​នេះ​សម្រេច​បង្កើន​ប្រាក់​ឈ្នួល ៣០០០​ភាគរយ ពោលគឺ​ដល់ ១៨០០​បូ​លី​វ៉ា ដែលមាន​តម្លៃ​តិចជាង ២០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ​៕
 

Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  អតិផរណា​
© រក្សាសិទ្ធិដោយ thmeythmey.com