ជាតិ
សង្គមជាតិ
កុមារីកម្ពុជាម្នាក់ស្ថិតក្នុងចំណោមបេក្ខជន១២១នាក់សម្រាប់ពានកុមារសន្តិភាពអន្តរជាតិ សូម៉ាលី និងបេក្ខជនផ្សេងទៀត រួមទាំងម្ចាស់ជ័យលាភីមួយចំនួន
× មូលនិធិ KidsRights ដែលមានមូលដ្ឋាននៅក្រុងអាំស្ទែរដាម ប្រទេសហូឡង់ នឹងប្រកាសជ័យលាភីពានរង្វាន់កុមារសន្តិភាពអន្តរជាតិ (International Children’s Peace Prize 2018) នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។ កុមារ១២១នាក់ពី៤៥ប្រទេស ត្រូវជ្រើសរើសសម្រាប់ការប្រជែងពានរង្វាន់នេះ ដែលក្នុងនោះមានកុមារីកម្ពុជាមួយរូបផងដែរ។
ពានរង្វាន់ International Children’s Peace Prize ដ៏មានកិត្យានុភាពនេះ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៥មក ក្នុងគោលបំណងលើកគុណតម្លៃកុមារលើពិភពលោកដែលប្រឹងប្រែងតស៊ូដើម្បីសិទ្ធិរបស់ខ្លួន និងលើកកម្ពស់ការយល់ដឹងរបស់កុមារផ្សេងៗទៀត។
កុមារីឈ្មោះ សុម៉ាលី ត្រូវបានអង្គការ AFESIP ជ្រើសរើសសម្រាប់ការប្រជែងយកពានរង្វាន់ឆ្នាំនេះ។ យោងតាមរឿងរ៉ាវសង្ខេបដែលបង្ហោះនៅលើគេហទំព័រ kidsrights.org សូម៉ាលី ជាជនរងគ្រោះម្នាក់ដោយការរំលោភបំពាន និងការគំរាមសម្លាប់ពីសំណាក់បុរសចំណាស់ម្នាក់។ ក្រោយមកនាងទទួលបាននូវការថែទាំងផ្នែកវេជ្ជសាស្ត្រ និងចិត្តសាស្ត្រនៅអង្គារ AFESIP ផ្ទាល់តែម្តង។
បច្ចុប្បន្ន សូម៉ាលី បានក្លាយប្រធានក្រុមនៃកម្មវិធីភាពជាដឹកនាំ ដែលមានគោលដៅជំរុញឲ្យកុមារីដែលធ្លាប់រងគ្រោះនានា នាំគ្នាប្រឹងប្រែងតស៊ូក្នុងឆាកជីវិតរបស់ខ្លួន។ នៅតាមសហគមន៍ សូម៉ាលី គឺជាកុមារីដ៏គម្រូម្នាក់។
កុមារដែលឈ្នះពានរង្វាន់នេះកន្លងមករួមមាន Nkosi Johnson (អាហ្វ្រិកខាងត្បូង), Om Prakash Gurjar (ឥណ្ឌា) Thandiwe Chama (សំប៊ី), Mayra Avellar Neves (ប្រេស៊ីល), Baruani Ndume (តង់ហ្សានី), Francia Simon (សាធារណរដ្ឋដូមីនិក), Michaela Mycroft (អាហ្វ្រិកខាងត្បូង), Kesz Valdez (ហ្វីលីពីន), Malala Yousafzai (ប៉ាគីស្ថាន), Neha Gupta (អាមេរិក), Abraham Keita (លីបេរី), Kehkashan Basu (អារ៉ាប់រួមអេមីរ៉ាត) និង Mohamad Al Jounde (ស៊ីរី)៕
© រក្សាសិទ្ធិដោយ thmeythmey.com