ជាតិ
នយោបាយជាតិ
ជប៉ុនគាំទ្រកម្ពុជាធ្វើម្ចាស់ផ្ទះជំនួបអាស៊ី-អឺរ៉ុប ឆ្នាំ២០២០ សម្ដេច ហ៊ុន សែន ចាប់ដៃលោក ស៊ីនហ្ស អាបេ នាជំនួបនៅតូក្យូ។ (រូបភាព AFP)
× ជប៉ុន បានគាំទ្រសំណើរបស់កម្ពុជាដើម្បីធ្វើជាម្ចាស់ជំនួបអាស៊ី-អឺរ៉ុបឆ្នាំ២០២០ ។ ការគាំទ្រនេះ ធ្វើឡើងនាជំនួបរវាងនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ជាមួយសមភាគីកម្ពុជាសម្ដេច ហ៊ុន សែន កាលពីថ្ងៃទី៨ ខែតុលា នៅទីក្រុងតូក្យូ។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអះអាងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីស្វាគមន៍មេដឹកនាំប្រទេសដ៏ច្រើនបែបនេះ។
ជំនួបអាស៊ី-អឺរ៉ុប (ASEM) តែងតែធ្វើឡើងនៅរៀងរាល់២ឆ្នាំម្ដង ដោយប្រទេសអាស៊ី និងអឺរ៉ុបដាក់វេនគ្នាធ្វើម្ចាស់ផ្ទះម្ដងម្នាក់។ ជំនួបលើកទី១២ នឹងធ្វើឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែតុលា ឆ្នាំ២០១៨ ។ ជំនួបលើកទី១៣ ឆ្នាំ២០២០ នឹងត្រូវដល់វេនអាស៊ី រៀបចំវិញម្ដង ហើយកម្ពុជាបានស្នើជាបេក្ខភាពដើម្បីធ្វើម្ចាស់ផ្ទះជំនួបដ៏ធំមួយនេះ។
បេក្ខភាពរបស់កម្ពុជា ត្រូវបានជប៉ុនដែលជាប្រទេសធំមួយនៅអាស៊ី គាំទ្រហើយ។ នេះបើតាមការប្រកាសរបស់សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ នៅថ្ងៃទី៨ ខែតុលាកន្លងទៅ។ សារព័ត៌មានជប៉ុន Japan Today ផ្សាយថា សម្ដេច ហ៊ុន សែន ក៏បានអរគុណលោក អាបេ ដែលត្រៀមខ្លួនជួយកម្ពុជាក្នុងការរៀបចំជំនួបអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០ ។
«ហើយសង្ឃឹមថា នឹងមានការអនុម័តទៅលើគោលជំហរបែបនេះសម្រាប់ការប្រជុំអាស៊ី-អឺរ៉ុបនៅព្រុចសែលខាងមុខ។» នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាក្នុងសន្និសីទសារព័ត៌មានដដែល ជុំវិញបេក្ខភាពរបស់កម្ពុជា។ ទាក់ទងបញ្ហានេះដែរ មុនធ្វើដំណើរទៅកាន់ជប៉ុន សម្ដេច ហ៊ុន សែន បានប្រាប់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ថា ការធ្វើជាម្ចាស់ផ្ទះ ASEM នេះ កម្ពុជានឹងមានឱកាសបង្ហាញសក្ដានុពលដើម្បីទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរ។
បើសិនបេក្ខភាពរបស់កម្ពុជាត្រូវបានឯកភាពមែននោះ វានឹងក្លាយជាលើកដំបូងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជំនួបដ៏ធំរបស់មេដឹកនាំប្រទេសនៅអាស៊ី និងអឺរ៉ុប។ លោក សុក ស៊ីផាណា ទីប្រឹក្សារដ្ឋាភិបាល លើកឡើងថា បេក្ខភាពរបស់កម្ពុជា ត្រូវបានគាំទ្រដោយសមាជិកអាស៊ានទាំង៩ផ្សេងទៀត ហើយកម្ពុជាអាចទទួលមេដឹកនាំពិភពលោកបាន ព្រោះមានសណ្ឋាគារច្រើន និងអាគារខ្ពស់នៅទូទាំងប្រទេស ជាពិសេស រាជធានីភ្នំពេញក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ នេះបើតាមការផ្សាយរបស់ Kyodo ។
សូមបញ្ជាក់ថា ជំនួបអាស៊ី-អឺរ៉ុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប។ ជំនួបនេះនឹងមានដៃគូចូលរួមជាច្រើនដូចជាប្រទេសតំបន់អឺរ៉ុបចំនួន៣០ ដែលក្នុងនោះរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន២៨ បូកថែមន័រវ៉េស និងស្វ៊ីស រួមប្រទេសតំបន់អាស៊ីចំនួន២១ និងអគ្គលេខាធិការដ្ឋានអាស៊ានផង៕
Tag:
ហ៊ុន សែន
កម្ពុជា
ជប៉ុន
ASEM)
© រក្សាសិទ្ធិដោយ thmeythmey.com