កីឡាជាតិ
ជាតិ
កីឡាការិនី​ប៉េតង់ កែ ឡេង និង​អ៊ុក ស្រីមុំ ឈ្នះ​ពាន Trophée L’Équipe នៅ​បារាំង​
11, Oct 2018 , 12:44 pm        
រូបភាព
​កីឡាការិនី កែ ឡេង និង​អ៊ុក ស្រីមុំ បាន​ក្លាយជា​ម្ចាស់​ជើងឯក​លើ​វិញ្ញាសារ​វាយ​គូ​នារី នៃ​ពានរង្វាន់ Trophée L’Équipe ដែល​រៀបចំ​ដោយសារ​ព័ត៌មាន​កីឡា​ដ៏​ល្បី​របស់​បារាំង L’Equipe ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Quarterback​។ ព្រឹត្តិការណ៍ Trophee L’Equipe ជា​លើក​ទី​ពីរ​នេះ ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៤ ខែតុលា​នៅ​ទីលាន Boulodrom de Tours ដេ​ប៉ា​តឺ​ម៉​ង់ Indre-et-Loire ប្រទេស​បារាំង​។​



​ការប្រកួត​មាន​ក្រុម​ចំនួន​៨ ពី​៣​ទ្វីប​ផ្សេងៗ​គ្នា​ចូលរួម ដោយ​កែ ឡេង និង អ៊ុក ស្រីមុំ ស្ថិតនៅក្នុង​ពូ​ល B ជាមួយ​ក្រុម​កីឡាការិនី​បារាំង ទុយ​នី​ស៊ី និង​មួយក្រុម​ដែល​ហៅថា​វីរ​កីឡាការិនី​បារាំង​។ កម្ពុជា បាន​ផ្តើម​ការប្រកួត​ជាមួយនឹង​ជ័យជម្នះ ១៣-១១ លើ​វីរ​កីឡាការិនី​បារាំង Florence Schopp និង Marie-Christine Virebayre​។​

​បន្ទាប់មក ក្រុមកីឡា​ការិនី​កម្ពុជា បន្ត​ប៉ះ​ជាមួយ​កីឡាការិនី​ទុយ​នី​ស៊ី  Beji Mouna និង Belli Asma ១៣-៩ ។ ក្រុម​ទុយ​នី​ស៊ី ជួប​កម្ពុជា ក្រោយ​ឈ្នះ​ក្រុម​បារាំង​មួយទៀត គឺ Charlotte Darodes និង Anna Maillard ក្នុង​លទ្ធផល ១៣-៨ ។​

​កម្ពុជា​ឡើង​បន្តទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ដោយ​ប៉ះ​ជាមួយ​ក្រុមកីឡា​ការិនី​ថៃ​នៅ​តំបន់​អាស៊ី​ដូចគ្នា​។ ជា​លទ្ធផល កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ បាន​យកឈ្នះ Phantipha Wongchuvej និង Thongsri Thamakord ក្នុង​លទ្ធផល ១៣-១០​។​

​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ កម្ពុជា ប៉ះ ទុយ​នី​ស៊ី សារជាថ្មី ដោយ​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ លែង​ឲ្យ Beji Mouna និង Belli Asma តដៃ​បាន​ច្រើន​ដូច​មុន​។ ជាមួយនឹង​ពិន្ទុ​នាំមុខ ១/០ ៣/០ ៥/០ ៧/០ និង​៧/២ ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ម្ចាស់​ជើងឯក​វាយ​គូ​ផ្នែក​នារី​ក្នុង​លទ្ធផល ១៣/២ ។ Phantipha Wongchuvej និង Thongsri Thamakord បាន​ចំណាត់ថ្នាក់​លេខ​បី ក្រោយ​ឈ្នះ​ក្រុម​អ៊ីតាលី Jessica Rattenni និង Vanessa Romeo ក្នុង​លទ្ធផល ១៣/៥ ។​

​នេះ​ជា​ជោគជ័យ​ថ្មី​មួយ​បន្ថែមទៀត​របស់​កីឡាការិនី កែ ឡេង ម្ចាស់​ជើងឯក​ពិភពលោក​វិញ្ញាសា​វាយយក​ពិន្ទុ ឆ្នាំ​២០១៣, ២០១៥ និង​២០១៧ និង អ៊ុក ស្រីមុំ ម្ចាស់​ជើងឯក​ពិភពលោក​ឯកត្តជន​ឆ្នាំ​២០១៧ ។​

​កាលពី​ឆ្នាំ​២០១៧ ក្រុម​កីឡាការិនី​ម្ចាស់ផ្ទះ​បារាំង Angelique Colombet និង Audrey Bandiera ក្លាយជា​ម្ចាស់​ជើងឯក​ក្រោយ​យកឈ្នះ​ក្រុមកីឡា​ការិនី​ទុយ​នី​ស៊ី Mouna Beji និង Nadia Ben Abdesselem ក្នុង​លទ្ធផល ១៣-១០ ។ ក្រុមកីឡា​ការិនី​ថៃ Natawan Fuengsanit និង Thongsri Thamakord បាន​លេខ​៣ ក្រោយ​ឈ្នះ​ក្រុមកីឡា​ការិនី​ម៉ា​ដា​ហ្គា​ស្កា Joespha Randriamiandrisoa Holy និង Fanja Aubriot ក្នុង​លទ្ធផល ១៣-៧ ។​

​ចំណែក​ក្រុម​បុរស ថៃ​ក្លាយជា​ម្ចាស់​ជើងឯក​ក្រោយ​ឈ្នះ​ក្រុម​ម៉ា​ដា​ហ្គា​ស្កា ១៣-៩ ខណៈ​ក្រុម​ទុយ​នី​ស៊ី បាន​លេខ​៣ ដោយ​ឈ្នះ​ក្រុម​បារាំង ១៣-៩ ដូចគ្នា​។ ក្រុម​កីឡាករ​កម្ពុជា សុខ ច័ន្ទ​មាន និង​ញ៉ែម បូរ៉ា បរាជ័យ​ក្នុង​ឈាន​ផុតពី​ពូ​ល​។​

​ព្រឹត្តិការណ៍​ឆ្នាំនេះ ក្រុម​អាស៊ី​តំណាង​ដោយ​កម្ពុជា និង​ថៃ ក្រុម​អាហ្វ្រិក​មាន​ម៉ា​ដា​ហ្គា​ស្កា និង​ទុយ​នី​ស៊ី រីឯ​ក្រុម​អឺរ៉ុប មាន​ម្ចាស់ផ្ទះ​បារាំង ដា​ណឺ​ម៉ាក និង​អ៊ីតាលី​៕



Tag:
 កែ ឡេង
  អ៊ុក ស្រីមុំ
  ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com