សង្គមអន្តរជាតិ​
អន្តរជាតិ
តើ​សមាជិក​អាស៊ាន​បាន​ជួយ​អ្វីខ្លះ​ដល់​ឥណ្ឌូណេស៊ី​ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​?
11, Oct 2018 , 1:42 pm        
រូបភាព
ដោយ: ថ្មីៗ
គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​ដ៏​មហន្តរាយ បាន​វាយប្រហារ​កោះ​ស៊ូ​ឡា​វេ​ស៊ី​របស់​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ដែល​សម្លាប់​មនុស្ស​ជាង​២​ពាន់​នាក់ និង​ច្រើនជាង​មួយ​ម៉ឺន​នាក់​ទៀត​របួស​។ ក្នុង​ស្មារតី​សាមគ្គីភាព​ក្នុង​តំបន់ ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​បានផ្ដល់​ជំនួយ​ចាំបាច់​ភ្លាមៗ​ទាំង​ថវិកា និង​សម្ភារ​ទៅ​ឲ្យ​ឥណ្ឌូណេស៊ី​ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​ដែល​កំពុង​ត្រូវការ​ជំនួយ​យ៉ាងខ្លាំង​។ ប្រទេសក្រៅ​តំបន់ និង​អង្គការ​អន្តរជាតិ​នានា​ក៏បាន​ផ្ដល់ជំនួយ​សង្គ្រោះ​ជា​បន្តបន្ទាប់​ដែរ​។

 
​គិត​ត្រឹម​ថ្ងៃទី​១០ ខែតុលា ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៨ បាន​សន្យា​ផ្ដល់ ឬ​ផ្ដល់​រួចហើយ​នូវ​ជំនួយ​សង្គ្រោះបន្ទាន់​ទៅ​ឲ្យ​ឥណ្ឌូណេស៊ី លើកលែងតែ​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ​។ នេះ​បើតាម​របាយការណ៍​ដែល​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​ជំនួយ​មនុស្សធម៌​អាស៊ាន (AHA Center) ។ ឡាវ បាន​សន្យា​ផ្ដល់​ទឹកប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ ឯ​វៀតណាម​វិញ​បាន​សន្យា​ផ្ដល់​ចំនួន​១០​ម៉ឺន​ដុល្លារ​ដែរ​។​
 
​រាជរដ្ឋាភិបាល​កម្ពុជា បានផ្ដល់​ឲ្យ​ឥណ្ឌូណេស៊ី​រួចហើយ​នូវ​ទឹកប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ ខណៈ​កាកបាទក្រហមកម្ពុជា​ក៏បាន​ឧបត្ថម្ភ​ទឹក​ចំនួន​៥​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​សមាគម​កាកបាទក្រហម​ឥណ្ឌូ​ណេ​ស៊ីដែរ​។ ក្រៅពី​កម្ពុជា សមាជិក​អាស៊ាន​ផ្សេង​ទៀង​ដូចជា ថៃ​បានផ្ដល់​ទឹកប្រាក់​មនុស្សធម៌​ចំនួន​១៥២,១៩៧​ដុល្លារ​, ម៉ាឡេស៊ី​ផ្ដល់​ទឹកប្រាក់​ចំនួន​២៤១,០០០​ដុល្លារ​, សិង្ហ​បុរី​ចំនួន​១៧២,០០០​ដុល្លារ និង​ហ្វីលីពីន​ចំនួន​៣០​ម៉ឺន​ដុល្លារ​។ 
 
​បន្ថែម​ពីលើ​ជំនួយ​ហិរញ្ញវត្ថុ សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ក៏​ជួយ​ជា​សម្ភារ​ចាំបាច់​សម្រាប់​ការជួយ​សង្គ្រោះ ការរុករក និង​ជម្រក​បណ្ដោះអាសន្ន​ផងដែរ​។ ព្រុយ​ណេ​ដែល​បាន​ពង្រាយ​ក្រុម​សង្គ្រោះបន្ទាន់ និង​វាយតម្លៃ​របស់​អាស៊ាន (ASEAN-ERAT) ចំនួន​២​នាក់​ទៅកាន់​កោះ​ស៊ូ​ឡា​វេ​ស៊ី និង​កំពុង​រកមើល​ការផ្ដល់​ជំនួយ​។ ម៉ាឡេស៊ី​វិញ​ក៏បាន​ពង្រាយ​ឧទ្ធម្ភាគចក្រ​របស់ខ្លួន​ដើម្បី​សម្រួលការ​ដឹកជញ្ជូន​ផ្លូវអាកាស និង​ក្រុម ASEAN-ERAT ចំនួន​៤​នាក់​ដែរ​។​
 
​សិង្ហ​បុរី​ឯណោះ​វិញ ក៏បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ និង​សមាជិក ASEAN-ERAT ចំនួន​៥​នាក់ ទៅកាន់​តំបន់​រងគ្រោះ​ដើម្បី​ចូលរួម​ប្រតិបត្តិ​ការសង្គ្រោះ​នេះ​។ លើសពីនោះ រដ្ឋាភិបាល​សិង្ហ​បុរី​ក៏បាន​ផ្ដល់ជំនួយ​ជា​សម្ភារ​ចំ​បាច់​សម្រាប់​ការប្រើប្រាស់​ដូចជា​តង់​ជម្រក​បណ្ដោះអាសន្ន ភួយ ចំណីអាហារ ថ្នាំសង្កូវ និង​ដប​ទឹក​អនាម័យ​។ រីឯ​ក្រុង​ម៉ានីល​ក៏បាន​បញ្ជូន​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​មុខ​ទៀត​ដែលមាន​តម្លៃ​ចំនួន​២០​ម៉ឺន​ដុល្លារ​ទៀត​។ នេះ​បើតាម​របាយការណ៍​រប​ស់ AHA Center ។​
 
​ក្រៅពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន សហគមន៍​អន្តរជាតិ​ក៏​មិនបាន​ឈរ​ឱបដៃ​មើល​ការលំបាក​របស់​ប្រជាជន​ឥណ្ឌូណេស៊ី​ដែរ​។ ចិន អូស្ត្រាលី ជប៉ុន ស្វ៊ី​ស រុស្ស៊ី ដា​ណឹ​ម៉ាក និង​អាមេរិក​ជាដើម សុទ្ធតែ​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​នៅឯ​កោះ​ស៊ូ​ឡា​វេ​ស៊ី​។ យន្តហោះ​ជាច្រើន​គ្រឿង​ត្រូវបាន​ពង្រាយ និង​ដើម្បី​ដឹកជញ្ជូន​សម្ភារ​ចំ​បាច់​នានា​៕ 

Tag:
 ​អាស៊ាន​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com