អន្តរជាតិ
ហេតុអ្វីបានជាព្យុះមានឈ្មោះ?
× ក្នុងមួយឆ្នាំៗ ព្យុះមិនតិចជាង២០ឡើយបានបោកបក់ពីតំបន់មហាសមុទ្រប៉ាស៊ីហ្វិកទៅកាន់តំបន់ដីគោក និងប្រទេសកោះនៃទ្វីបអាស៊ី។ Mangkhut, Barijat គឺជាព្យុះដែលបានវាយប្រហារប្រទេសនានារបស់អាស៊ី ហើយបង្កជាមហន្តរាយទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ ដែលសម្លាប់មនុស្សរាប់សិបនាក់ ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ហេតុអ្វីបានព្យុះកំណាចទាំងនោះ មានឈ្មោះ? ហើយផ្ដល់ប្រយោជន៍អ្វី?
ព្យុះត្រូវបានដាក់ឈ្មោះដោយមជ្ឈមណ្ឌលព្រមានពីខ្យល់ព្យុះ ដើម្បីងាយស្រួលក្នុងការផ្ដល់ព័ត៌មានទៅឲ្យសាធារណជន និងងាយស្រួលទំនាក់ទំនងរវាងស្ថាប័នព្យាករដំណើររបស់ព្យុះនីមួយៗផង។ ឧទាហរណ៍ គេងាយស្រួលចាំព្យុះ Peter ជាជាងការកំណត់អត្តសញ្ញាណព្យុះដោយប្រើលេខ ឬតាមរយៈខ្សែរយៈទទឹងរបស់វា។ វាកាន់តែស្រួលសម្រាប់ការប្រើឈ្មោះ នៅពេលដែលមានព្យុះជាច្រើនបោកបក់ក្នុងមួយឆ្នាំៗ។
ឈ្មោះព្យុះនីមួយៗ ត្រូវបានរៀបចំស្រេចទៅតាមទីតាំងដែលព្យុះកើតមានដំបូង។ ការដាក់ឈ្មោះព្យុះនេះ ផ្ដើមជាដំបូងនៅសមុទ្រអាត្លង់ទិកក្នុងការដាក់ឈ្មោះព្យុះ Hurricane ដែលល្បឿនខ្យល់មានដល់៧៣គីឡូម៉ែត្រក្នុងមួយម៉ោង ទើបមានឈ្មោះ។ តៗមក មជ្ឈមណ្ឌលតាមដានខ្យល់ព្យុះនៅតាមតំបន់ជាច្រើននៅប៉ាស៊ីហ្វិក ឥណ្ឌា និងអូស្ត្រាលី ក៏ប្រើរបៀបដាក់ឈ្មោះនេះដែរ។
ដំបូង ព្យុះត្រូវបានដាក់ឈ្មោះតាមឈ្មោះព្រះតាមថ្ងៃនីមួយៗក្នុងប្រតិទិនគ្រិស្តសាសនា។ សព្វថ្ងៃនេះ ព្យុះដំបូងត្រូវបានដាក់ឈ្មោះដែលផ្ដើមដោយអក្សរ A ហើយព្យុះទីពីរផ្ដើមដោយអក្សរ B រួចអនុវត្តតាមលំដាប់អក្សរទៀត។ ពេលខ្លះ ក្នុងឆ្នាំលេខគូ ព្យុះនៅលំដាប់លេខសេសត្រូវបានដាក់ឈ្មោះបុរស ឯឆ្នាំលេខសេស ព្យុះនៅលំដាប់លេខសេសនឹងមានឈ្មោះស្រី។
នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ទីភ្នាក់ងារឧតុនិយមជប៉ុនជាអ្នកកំណត់ឈ្មោះព្យុះអន្តរជាតិ ជំនួសទីភ្នាក់ងារព័ត៌មានឧតុនិយមអន្តរជាតិ។ ទីភ្នាក់ងារជប៉ុនប្រមូលឈ្មោះ៣៥ពីបញ្ជីឈ្មោះចំនួន១៤០ ដែលបញ្ជូនមកដោយប្រទេស និងតំបន់ចំនួន១៤ ។ ឈ្មោះព្យុះដែលបង្កការខូចខាតច្រើន នឹងត្រូវដាក់ឲ្យចូលនិវត្តន៍ ហើយជំនួសដោយឈ្មោះថ្មី។ Wukong, Haishen និងFengshen ជាឈ្មោះព្យុះដាក់តាមរបៀបចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com