ជាតិ
សេដ្ឋកិច្ច
ស្ដង់​ពិ​ព័រណ៍​១៧៣ មកពី​៨០​ប្រទេស ចូលរួម​តាំងពិព័រណ៍​ទេសចរណ៍​កម្ពុជា​-​អន្តរជាតិ​លើក​ទី​២
11, Oct 2018 , 3:30 pm        
រូបភាព
ភ្នំពេញ​៖  ស្តង់​ពិ​ព័រណ៍​១៧៣ មកពី​ប្រទេស​ចំនួន​៨០ បាន​ចូលរួម​តាំងពិព័រណ៍​ទេសចរណ៍​កម្ពុជា​-​អន្តរជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ នៅ​ទីក្រុង​ភ្នំពេញ​។ ក្រៅពីនេះ​ក៏មាន​៥០០​ក្រុមហ៊ុន ដែល​មកពី​ស្ថាប័ន​ទេសចរណ៍​ជាតិ ស្ថាប័ន​មកពី​តំបន់​អាស៊ាន​បូក​៣ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចូលរួម​តាំងពិព័រណ៍​ទេសចរណ៍​នេះ ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១១-១៣​តុលា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។

 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​នៅក្នុង​ព្រឹ​តិ្ត​ការណ៍​ខាងលើ នា​ថ្ងៃទី​១១​តុលា ថា ពិព័រណ៍​ទេសចរណ៍​កម្ពុជា​-​អន្តរជាតិ​លើក​ទី​២​នេះ មានការ​កើនឡើង​ជិត​៥៦​ភាគរយ​នៃ​ចំនួន​ស្តង់  បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ មាន​១១០​ស្តង់​។​
 
​រដ្ឋមន្ត្រី​រូបនេះ បាន​បន្តថា ការកើនឡើង​នេះ បានបង្ហាញ​ឲ្យ​ឃើញថា ព្រឹត្តិការណ៍​ពិព័រណ៍ Cambodia Travel Mart (CTM) គឺជា​វេទិការ​ធុរកិច្ច​ទេសចរណ៍​ដ៏​មាន​សារសំខាន់​ក្នុងការ​ជំរុញ ការផ្សព្វផ្សាយ​លក់​កញ្ចប់​ទស្សនៈកិច្ច រវាង​អ្នកទិញ និង​អ្នកលក់ ជំនាញ​ទេសចរណ៍​។ ជាពិសេស​វា​ជា​ឱកាស​មួយ សម្រាប់​ឲ្យ​ពួកគេ​ធ្វើការ​រួមគ្នា ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​លើ​ការធ្វើដំណើរ​ទេសចរណ៍ និង​ចែករំលែក​បទពិសោធន៍​នានា ក្នុង​អាជីវកម្ម​ទេសចរណ៍ និង​ស្វែងរក​វិធានការ​ថ្មីៗ​រួមគ្នា ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​បន្ថែមទៀត​។ 
 
​ព្រឹត្តិការណ៍​នេះ បាន​បង្ហាញថា​កម្ពុជា​ពិតជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ក្នុង និង​ក្រៅ​តំបន់ ពី​ការ​ទស្សនា​លំហែ​កម្សាន្ដ អាចជា​គោលដៅ​សម្រាប់​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ធំៗ​កម្រិត​អន្តរជាតិ ដូចជា MICE Event ជាក់ស្ដែង ព្រឹត្តិការណ៍​ពិព័រណ៍ CTM នាពេលនេះ​។​
 
​ជាមួយគ្នានេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មានប្រសាសន៍ ក្នុង​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​-​អន្តរជាតិ​លើក​ទី​២​នេះ ថា វិស័យ​ទេសចរណ៍ បានធ្វើ​ឲ្យ​កម្ពុជា ទទួលបាន​សិទ្ធិ​ស្មើមុខស្មើមាត់​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ តាមរយៈ​ការទទួលបាន​នូវ​ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក​ជាច្រើន   ពី​ស្ថាប័ន​ទេសចរណ៍​អន្តរជាតិ​ល្បីៗ​នានា​ជា​បន្តបន្ទាប់​។​
​លោក បន្ថែម​ដូច្នេះ​ថា​៖​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែលជា​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ គឺជា​« មាស​បៃតង​»​ដែល​កំពុង​បោះជំហាន​រីកចម្រើន​យ៉ាងខ្លាំង​ជា​លំដាប់ ដោយ​រក្សាបាន​នូវ​កំណើន​ទេសចរណ៍​រាល់​ឆ្នាំ​។ 
 
​គួរ​បញ្ជាក់ថា រយៈពេល​៨​ខែ ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ជាង​៣,៩​លាន​នាក់  កើន​១១.៧​ភាគរយ​។ ជាមួយគ្នានេះ កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ចំនួន ៦,២​លាន​នាក់ នៅ​បំណាច់​ឆ្នាំ​២០១៨​នេះ​៕ 
 
 
 
 

Tag:
 ​ទេសចរណ៍​
  ពិព័រណ៍​
  ថោង ខុន​
  ជា សុផារ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com