អន្តរជាតិ
នារី​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់​បាត់បង់​ឱកាស​រៀបការ ដោយ​មិត្ត​ប្រុស​ខ្លួន​ចេះ​លេង​ឧបករណ៍​តន្ត្រី​
11, Oct 2018 , 9:30 pm        
រូបភាព
ដោយ: ធីតា
 ចំណេះដឹង​ផ្នែក​តន្ត្រី​គឺជា​ឧបសគ្គ​រារាំង​ចំណង​អា​ពា​ហ៍រ​វាង​នារី​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់ និង​មិត្ត​ប្រុស​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Okaz កាលពីដើម​ខែតុលា​កន្ល​ង​មក​។ នារី​វ័យ​៣៨​ឆ្នាំ​រូបនោះ មិនអាច​បញ្ចុះបញ្ចូល​គ្រួសារ និង​ផ្លូវច្បាប់​បានឡើយ ដោយសារតែ​មិត្ត​ប្រុស​របស់ខ្លួន​ធ្លាប់ជា​តន្ត្រីករ​ម្នាក់​ផ្នែក​ឧបករណ៍ Oud ដែលមាន​សណ្ឋាន​ដូច​ហ្គី​តា​។​

 
​នារី​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់​ដែលជា​បុគ្គលិក​បម្រើការ​នៅ​ធនាគារ​មួយ​ក្នុង​តំបន់ Qassim បាន​ចាញ់ក្តី​គ្រួសារ​របស់ខ្លួន ក្រោយ​ការព្យាយាម​តវ៉ា​ផ្លូវច្បាប់​អស់​រយៈពេល​២​ឆ្នាំ​។ កាលពី​ពីរ​ឆ្នាំមុន នារី​ដែលមាន​វ័យ​ជិត​៤០​ឆ្នាំ​ទៅហើយនោះ ត្រូវបាន​មិត្ត​ប្រុស​សុំ​រៀបការ ប៉ុន្តែ​ឪពុកម្តាយ និង​គ្រួសារ​គាត់​ជំទាស់​។​
 
​ទាក់ទង​នឹង​ការជំទាស់ ក្រុមគ្រួសារ​ខាង​ស្រី បាន​លើកឡើងថា កម្រិត​នៃ​ការគោរព​ប្រណិប័តន៍​សាសនា​របស់​បុរស​នោះ ទាប​ជាង​កូនស្រី​ខ្លួន ដោយសារតែ​គេ​ធ្លាប់​ធ្វើជា​តន្ត្រីករ ដែល​មិន​នឹងធឹង ពោលគឺ​ប្រវត្តិ​មិនល្អ​។​
 
​នៅ​ចំណោម​ក្រុម​អ្នក​អភិរក្ស​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត អ្នកលេង​ឧបករណ៍​តន្ត្រី​ត្រូវបាន​ចាត់ទុកជា​មនុស្ស​ដែលមាន​កេរ្តិ៍ឈ្មោះ​មិនល្អ​។ ឪពុកម្តាយ​ខាង​ស្រី​មាន​សិទ្ធិ​បដិសេធ​លើក​កូនស្រី​ទៅ​ឲ្យ​បុរស​នោះ​។​
 
​កាសែត Okaz បាន​បញ្ជាក់ថា ស្ត្រី​ដែលជា​បុគ្គលិក​ធនាគារ​បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការ ប៉ុន្តែ​បរាជ័យ​ជា​បន្តបន្ទាប់​ទាំង​នៅ​សាលាដំបូង និង​សាលាឧទ្ធរណ៍ ដោយ​តុលា​ការពឹង​ផ្អែកទៅលើ​អំណះអំណាង​ខាង​អាណាព្យាបាល​។​
 
​ស្រី​រូបនោះ មិន​ព្រម​បោះបង់​ការព្យាយាម​របស់​ខ្លួន​នោះឡើយ ដោយ​នាង​បន្ត​ស្វែងរក​ការគាំទ្រ​ផ្លូវច្បាប់ ហើយ​អះអាងថា មិត្ត​ប្រុស​របស់ខ្លួន​ពិតជា​មនុស្ស​ល្អ​។ ប្រសិនបើ​នាង​បន្ត​បរាជ័យ គាត់​ប្រឈម​បាត់បង់​ឱកាស​រៀបការ ដោយសារ​បច្ចុប្បន្ន​ឈានចូល​ដល់​អាយុ​ជិត​៤០​ឆ្នាំ​ទៅហើយ​៕
 

Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com