ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
​ភ្ជុំបិណ្ឌ​៖ ខ្មែរលើ ខ្មែរក្រោម ក៏​ចូលរួម​ដូច​កម្ពុជា​ដែរ​
11, Oct 2018 , 3:59 pm        
រូបភាព
រូបភាពមានប្រភពពីអ្នករស់នៅសុរិន្ទ
រូបភាពមានប្រភពពីអ្នករស់នៅសុរិន្ទ
ដោយ:
ភ្នំពេញ​៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ​ប្រពៃណីជាតិ និង​សាសនា​ដ៏​ធំ​របស់​កម្ពុជា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​។ ពិធី​សាសនា​ដ៏​ធំ​នេះ​ត្រូវបាន​ប្រជាជន​ខ្មែរ ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន មិន​ថា​ទៅ​រស់​ទីណា​ឡើយ​។ យ៉ាងណាមិញ​ពិធី​សាសនា​ធំ​មួយ​នេះ ត្រូវបាន​ពលរដ្ឋ​ខ្មែរលើ និង​ខ្មែរ​កម្ពុជា​បន្ត​ប្រតិបត្តិ​មិន​អាក់ខាន ទោះ​មិនមាន​ពេល​ឈប់សម្រាក​ដូច​នៅ​ប្រទេស​កម្ពុជា​ក្ដី​។​

 
​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ជូន​ដោយ​កញ្ញា ថា​ន រស្មី ដូចតទៅ​៖


 
 
​ចាប់ពី​ថ្ងៃទី​១​រោច ខែភទ្របទ រហូតដល់​ថ្ងៃទី​១៥​រោច ខែភទ្របទ គឺជា​ឱកាស​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​។ ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ទូទាំងប្រទេស​កម្ពុជា ហើយ​ខ្មែរលើ និង​ខ្មែរ​កម្ពុជា​ក្រោម ក៏​ចូលរួម​ប្រារព្ធ​ដូចគ្នា​។ ពិតណាស់​កម្មវិធី​បុណ្យជាតិ និង​សាសនា​ដ៏​ធំ​មួយ​នេះ ត្រូវបាន​ប្រទេស​កម្ពុជា​យើង ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម ដោយ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ទៅ​វត្ត​ធ្វើបុណ្យ តាម​វេន និង​ទៅតាម​វត្ត​ផ្សេងៗ​ទៀត​តាម​ពេលវេលា​ដែល​អាច​ទៅបាន​។​
 
​កម្មវិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ប្រារ​ណ្ឌ​នៅ​កម្ពុជា ត្រូវបាន​អ្នក​ខ្មែរ​កម្ពុជា​ក្រោម មើលឃើញថា​មាន​ភាព​អ៊ូអរ​ជាង​នៅ​ខ្មែរ​កម្ពុជា​ក្រោម ដោយសារតែ​ជន​ប្រុស​ស្រី ក្មេង​ចាស់ ទៅ​វត្ត​រៀងរាល់ថ្ងៃ​។ ខុសប្លែក​ពី​នៅ​កម្ពុជា​ក្រោម ហាក់​មាន​សភាព​ស្ងាត់ ដោយសារ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទីនោះ​មានការ​រវល់​ច្រើន​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក កែវ សំរេច ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មកពី​ខេត្ត មាត់ជ្រូក ដែល​វៀតណាម​ហៅថា​ចូ​វ​ដុក​។​
 
​សំឡេង​លោក កែវ សំរេច​៖ «​ឡើងមក​ដល់​នេះ​ទៅ​វត្ត​ឃើញ​មាន​មនុស្ស​ច្រើន​អីចឹង​សប្បាយ​ដែរ បើ​នៅក្រោម​ថ្ងៃ​ធម្មតា​ចឹ​ង​មិនមាន​មនុស្ស​មក​វត្ត​ច្រើន​ទេ​។ ទាល់តែ​ថ្ងៃ​សូម​សីល ថ្ងៃ​ពេញ​បរ​មី​អី​បាន​មាន​យាយ តា​ចាស់ៗ មក​វត្ត​ច្រើន​។ នៅ​នេះ​មនុស្ស​មក​ចង្ហាន់​លោក​អី​មាន​រាល់ថ្ងៃ ហើយ​នៅ​ពេញ​នេះ ពេល​មក​វត្ត​អ៊ូអរ​សប្បាយ​ដែរ មាន​ចាស់​មាន​ក្មេង​»​។​
 
​បុរស​វ័យ​ជាង​២០​ឆ្នាំ ដែល​មក​កំសាន្ត​រាជធានី​ភ្នំពេញ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រូបនេះ​បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​កម្ពុជា​ក្រោម​មិនសូវមាន​ក្មេងៗ​ចូលរួម​ច្រើន​ព្រោះ​បុណ្យ​ភ្ជុំបិណ្ឌ មិនមែនជា​ពិធីបុណ្យ​ជាតិ​វៀតណាម ដូច្នេះ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជាប់រវល់​ធ្វើការ​រៀនសូត្រ មិនបាន​ឈប់សម្រាក​នោះទេ​។ ទើប​ធ្វើ​ឲ្យ​ភ្ជុំបិណ្ឌ​នៅ​ទឹកដី​កម្ពុជា​ក្រោម​មិនមាន​ភាព​អ៊ូអរ​ដូច​នៅ​កម្ពុជា​កណ្ដាល​។ «​នៅ​មាត់ជ្រូក​ពេល​កាន់បិណ្ឌ​មាន​ពុទ្ធបរិស័ទ​ទៅ​ច្រើន​ដែរ តែ​ចាស់ៗ​ច្រើនជាង​ក្មេង​។ ព្រោះ​អី​ក្មេង​ខែ​នេះ​គេ​ចូល​កង​វិញ​ហើយ អ្នកខ្លះ​រៀន​ជិត អ្នកខ្លះ​រៀន​ឆ្ងាយ ដូច្នេះ​មិនសូវ​បាន​ទៅ​វត្ត​។ តែ​នៅ​នេះ​ក្មេងៗ​វ៉ា​កង​អីចឹង​មាន​ក្មេងៗ​មក​វត្ត​ច្រើន​»​។​
 
​មិនមែន​មានតែ​លោក កែវ សំរេច អ្នក​ខេត្ត​មាត់ជ្រូក (​ចូ​វ​ដុក​) ទេ​ដែល​ឃើញថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ខេត្ត​លោក​មិនសូវមាន​ភាព​អ៊ូអរ សូម្បីតែ​កញ្ញា  រិ​ន សុខ​លក្ខិណា ជា​អ្នក​ខេត្ត​ក្រមួនស (​វៀតណាម​ហៅ គៀន​យ៉ាង​)​ក៏​លើកឡើងថា​ខេត្ត​កញ្ញា​មិនមាន​សភាព​អ៊ូអរ​ដែរ​។ ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​ស្ត្រី​វ័យ ២៩​ឆ្នាំ​រូបនេះ មិន​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​ឡើយ ដោយ​រង់ចាំ​រដូវ​បុណ្យចូលឆ្នាំ​ចិន​មកដល់ ទើប​អ្នក​ខេត្ត​ក្រមួនស រូបនេះ​ទៅ​ស្រុក​ជុំ​បងប្អូន​នៅ​ទីនោះ​។​
 
​ទោះ​មិនសូវមាន​ភាព​អ៊ូអរ​ច្រើន តែ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​កម្ពុជា​ក្រោម​ហាក់​មាន​សាមគ្គីភាព​ច្រើន ដោយ​ពលរដ្ឋ​តាម​វេន​នីមួយៗ បាន​រៃ​ប្រាក់ អង្ក ចូលគ្នា​ហើយ​ទៅ​សម្រាន្ត​នៅ​វត្ត​តែម្ដង​ដើម្បី​រៀបចំ​បោះ​បាយបិណ្ឌ និង​ម្ហូបអាហារ ជូន​ដល់​ព្រះសង្ឃ​។​
 
​កញ្ញា រិ​ន សុខ​លក្ខិណា បញ្ជាក់ថា​៖«​នៅ​កម្ពុជា​ក្រោម​យើង​ពេល​យើង​កាន់បិណ្ឌ​ចាស់ៗ​ដាក់​វេន តាម​ភូមិ យើង​ប្រមូល​លុយ អ្នកខ្លះ​អត់លុយ​ឲ្យ​គេ​ឲ្យ​អង្ក ឲ្យ​នេះ​ឲ្យ​នោះ ហើយ​ពេលព្រឹក យាយៗ តាៗ ឬ​អ្នក​ទំនេរ​គេ​ទៅ​វត្ត​ដាំបាយ​ដ​ណើ​ប​យើង​។ នៅ​នេះ​គេ​ធ្វើ​នំ​លក់ តែ​នៅ​ក្រមួនស ស្រុក​ខ្ញុំគេ អត់​ធ្វើ​លក់​ទេ គេ​ធ្វើ​ផ្ទាល់​តែម្ដង​អង្ក ដែល​បាន​ពី​រៃ​គ្នា​ហ្នឹង​។ ហើយ​ទៅ​សម្រាក​នៅ​វត្ត​ហ្មង​ដើម្បី​ដាំបាយ​ធ្វើ​ចង្ហាន់​លោក និង​បោះ​បាយបិណ្ឌ​»​។​
 
​អាជីវករ​លក់​ភេសជ្ជៈ​មុខ​វត្ត​សាមគ្គី​រង្សី មកពី​ខេត្ត​ក្រមួនស (​គៀន​យ៉ាង​) រូបនេះ ក៏បាន​បន្ថែមថា ការ​បុ​ណ្ឌ​ភ្ជុំបិណ្ឌ​នៅ​ខេត្ត​កញ្ញា ក៏​មិនបាន​សម្រាក​ដូច​ខេត្ត​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​ក្រោម​ដែរ​។ តែ​នៅ​៣​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ទើប​ពលរដ្ឋ​នៅទីនេះ ដាក់​ច្បាប់​សម្រាក ទោះ​ត្រូវ​កាត់​ប្រាក់ខែ​ក៏ដោយ​។​
​កញ្ញា រិ​ន សុខ​លក្ខិណា បញ្ជាក់ថា​៖ «​អ្នកខ្លះ​មាន​ពេល​គេ​ទៅ​វត្ត​ច្រើន អ្នកខ្លះ​មិនសូវមាន​ពេល​យូរ​ទៅ​ម្ដង​។ មានតែ​យាយៗ​ទៅ​ច្រើន ព្រោះ​មានការ​ងារ​ច្រើន​មិនបាន​សម្រាក​ទេ​។ តែ​យើង​អាចដាក់​ច្បាប់​បាន​ទាំង​ចូលឆ្នាំ ទាំង​ភ្ជុំ តែ​ត្រូវគេ​កាត់​ប្រាក់ខែ​យើង​។ អីចឹង​ភ្ជុំ​៣​ថ្ងៃ​ចុងក្រោយ​ទើប​មាន​មនុស្ស​ច្រើន​។ ស្រណោះ​នៅ​ស្រុក​ដែរ ដែល​មិនបាន​ទៅ​ស្រុក​»​។​
 
​មិនមែន​មានតែ​ខ្មែរ​កម្ពុជា​ក្រោម ឬ​ខ្មែរ​យើង​ឡើយ​ដែល​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សូម្បីតែ​ខ្មែរលើ ដែលមាន​ដូចជា ខេត្ត​សុរិន្ទ ខេត្ត​បូរី​រ៉ា​ម ខេត្ត​ស៊ីសាកេត និង​ខេត្ត​ត្រាត ដែលមាន​ជនជាតិដើម​ខ្មែរ​រស់នៅ​ទីនោះ ក៏មាន​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ផងដែរ​។ តែ​ពិធីបុណ្យ​នៅ​ទីនោះ​មិនមាន​កម្មវិធី​បោះ​បាយបិណ្ឌ​នោះទេ តែមាន​កម្មវិធី​ចាក់ក​ញ្ជើ ដែល​យក​ចំណីអាហារ បន្លែ ផ្លែឈើ ពី​ផ្ទះ​នីមួយៗ​មកចាក់​នៅមុខ​វិហារ​ដើម្បី​ឧទ្ទិស​ជូន​ដល់​ដូនតា​ដែល​បាន​ចែក​ឋាន​ទៅ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ច័ន្ទ សុធា​សូរ្យ ជា​ជនជាតិ​ខ្មែរសុរិន្ទ រស់នៅ​ខេត្ត​សុរិន្ទ​ផ្ទាល់​តែម្ដង​។​
 
​លោក ច័ន្ទ សុធា​សូរ្យ បញ្ជាក់ថា​៖«​ចាប់ពី​ថ្ងៃ​១​រោច ដល់​១៣​រោច​គេ​ទៅ​វត្ត ហើយ​១៣​រោច​គេ​សែនដូនតា នៅ​ស្រុក​សុរិន្ទ​គេ​ហៅ​សែន​ដូច​តា​។ គេ​រៀបចំ​សំណែន​មាន​ម្ហូបចំណី អន្សម​នំ ផ្លែឈើ គេ​ស្រោច​ទឹក​ហៅ​ដូនតា ដែល​បាន​ចែក​ឋាន​ទៅ​។ ថ្ងៃ​ចុងក្រោយ​គេ​ទៅ​វត្ត​រៀបចំ​ចង្ហាន់​ប្រគេន​លោក​។ នៅទីនេះ​មិនមាន​ពិធី​បោះ​បាយបិណ្ឌ​ទេ មានតែ​ពិធី​ចាក់ក​ញ្ជើ ដែល​យក​កញ្ជើ​ដែល​ដាក់​នំអន្សម​ទៅ​ចាក់​នៅមុខ​ឧបោសថ​»​។​
 
​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ខេត្ត​សុរិន្ទ បូរី​រ៉ា​ម ស៊ីសាកេត និង​ខេត្ត​ត្រាត ដំបូង​ឡើយ​គេ​ហៅ​បុណ្យ​បិណ្ឌ​តូច បិណ្ឌ​ធំ តែ​ក្រោយៗ​មក ពិធី​នេះ​ក៏បាន​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ភាគច្រើន​ហៅថា​ពិធី​សែនដូនតា​។ បើតាម​លោកគ្រូ​បង្រៀន​ថ្នាក់​វិទ្យាល័យ វ័យ​ជាង​៥០​ឆ្នាំ​ខាងលើ បន្ថែមថា ទោះ​រដ្ឋបាល​មិនបាន​ឲ្យ​ច្បាប់​ឈប់សម្រាក តែ​ខ្មែរ​នៅ​ទីនោះ​តែងតែ​ដាក់​ច្បាប់​សម្រាក​ការងារ​៣​ថ្ងៃ ដើម្បី​មក​ធ្វើបុណ្យ​ជូន​ដូនតា មិន​ខុសគ្នា​ពី​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ​យើង​ឡើយ​។​
 
​ពិតណាស់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ពិធី​បុ​ណ្ឌ​ជាតិ និង​សាសនា​ដ៏​ធំ​មួយ​របស់​កម្ពុជា ដែល​ជាការ​រំលឹក​នឹក​គុណ​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​។ ដូច្នេះហើយ​មិន​ថា​ខ្មែរ​ដែល​គោរ​ពុទ្ធសាសនា ទៅ​រស់នៅ​ដល់ទី​ណា​ទេ មិនដែល​រំលង​ឡើយ​នូវ​ពិធី​បុណ្យឧទ្ទិសកុសល ជូន​ដូនតា និង​ជួបជុំ​សាច់ញាតិ ដ៏​ធំ​មួយ​នេះឡើយ​៕
 
 
 

Tag:
 ​ខ្មែរ​កម្ពុជា​ក្រោម​
 ​ខ្មែរ​
 ​ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com