សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងជើង​មាន​ធនធាន​រ៉ែត​ម្លៃ​ជាង​៣,៣​ទ្រី​លាន​ដុល្លារ​
11, Oct 2018 , 5:59 pm        
រូបភាព
​កូរ៉េខាងជើង​មាន​ធនធាន​រ៉ែ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែលមាន​តម្លៃ​ប្រមាណ​៣,៣​ទ្រី​លាន​ដុល្លារ​ឯណោះ​។ នេះ​បើតាម​ការប៉ាន់ស្មាន​រប​ស់​ទីភ្នាក់ងារ​ធនធាន​រ៉ែ​កូរ៉េខាងត្បូង​។ ធនធាន​រ៉ែ​ដ៏​ច្រើន​មហាសាល​នេះ​របស់​កូរ៉េខាងជើង អាច​ផលិត​ជា​សម្ភារ​ទំនើបៗ​ដូចជា​ទូរ​សព្ទ​ដៃ​ជាដើម ខណៈ​កូរ៉េខាងត្បូង​ដែលជា​ប្រទេស​ផលិត​សម្ភារ​មាន​បច្ចេកវិទ្យា​ខ្ពស់ ត្រូវ​នាំចូល​វត្ថុ​ធាតុ​ពី​ប្រទេស​ផ្សេង​។ ចិន ជា​ប្រទេស​ដែល​ទទួលបាន​សិទ្ធិ​ស្ទើរ​ទាំងស្រុង​ក្នុងការ​ទាញយក​ធនធាន​រ៉ែ​ទាំងនេះ​។​

 
​ក្នុង​របាយការណ៍​ផ្ញើ​ទៅកាន់​សភា​កូរ៉េខាងត្បូង សាជីវកម្ម​រ៉ែ​កូរ៉េខាងត្បូង (KRC) ប៉ាន់ប្រមាណ​ថា ធនធាន​រ៉ែ​របស់​កូរ៉េខាងជើង​មាន​ច្រើនជាង​នៅ​កូរ៉េខាងត្បូង​១៥​ដង​ឯណោះ ដែល​តាម​តម្លៃ​ទីផ្សារ​សព្វថ្ងៃ មាន​ទំហំ​ដល់​ទៅ​ជាង​៣,៣​ទ្រី​លាន​ដុល្លារ​ឯណោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Yonhap នៅ​ថ្ងៃទី​១១ ខែតុលា​។​
 
​តាម​របាយការណ៍​ដដែល កូរ៉េខាងជើង​មាន​រ៉ែ​ជាច្រើន​មុខ​នៅ​កប់​ក្រោម​ដី​របស់ខ្លួន​។ ក្នុងនោះ​មានដូចជា​ម៉ាញេ​ស៊ីត​ចំនួន​៦​ពាន់​លាន​តោន​, ក្រា​ហ្វី​ត​ចំនួន​២​លាន​តោន​, ដែក​ចំនួន​៥​ពាន់​លាន​តោន និង​តង់​ស្តែ​ន​ចំនួន​២៥០,០០០​តោន​។ មកទល់ពេលនេះ កូរ៉េខាងជើង​បាន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ចំនួន​៤០ ជាមួយ​ក្រុមហ៊ុន​បរទេស ដែល​ក្នុងនោះ​៩០​ភាគរយ​នៃ​កិច្ចព្រមព្រៀង គឺធ្វើឡើង​ជាមួយ​ចិន ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ខ្លួន​។​
 
​សមាជិកសភា​កូរ៉េខាងត្បូង Park Jung បង្ហាញ​ក្ដីបារម្ភ​ចំពោះ​ឥទ្ធិពល​របស់​ចិន​ក្នុង​ជំនួញ​រ៉ែ​របស់​កូរ៉េខាងជើង ហើយ​លោក​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ត្រួតពិនិត្យ​ធនធាន​រ៉ែ​របស់​កូរ៉េខាងជើង​ឲ្យ​បាន​ឆាប់​តាមតែ​អាចធ្វើ​បាន​។ សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​កាន់អំណាច​រូបនេះ​បន្តថា បើ​អាច​ទាញយក​រ៉ែ​ទាំង​នោះបាន សេ​អ៊ូ​លអាច​ប្រើប្រាស់​ធនធាន​រ៉ែ​ទាំងនេះ​បាន​រាប់​សតវត្សរ៍​ឯណោះ ដែល​នេះ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ឲ្យ​បាន​លឿន​។​
 
​កន្លងមក ក្រុង​សេ​អ៊ូ​ល​ក៏បាន​ស្រាវជ្រាវ​ភោគទ្រព្យ​រ៉ែ​នៅ​កូរ៉េខាងជើង​ដែរ ក្រោយ​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ​នៅ​ឆ្នាំ​២០០០ ។ ប៉ុន្តែ​ការស្រាវជ្រាវ​ក៏​ផ្អាក​ទៅវិញ​នៅ​ឆ្នាំ​២០១០ បន្ទាប់ពី​ទំនាក់ទំនង​នៅ​ឧបទ្វីប​កូរ៉េ​មិនល្អ​។ ធនធាន​រ៉ែ​របស់​កូរ៉េខាងជើង​ទាំងនោះ អាច​ផលិត​ជា​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ត និង​ផលិតផល​ទំនើបៗ​ជាច្រើន​ទៀត​។ សព្វថ្ងៃ កូរ៉េខាងត្បូង​ត្រូវ​នាំចូល​វត្ថុ​ធាតុ​ទាំងនេះ​ពី​បរទេស​ដើម្បី​បំពេញតម្រូវការ​របស់​ខ្លួន​។​
 
​ក្នុងករណី​កូរ៉េខាងត្បូង​អាច​ទាញយក​ធនធាន​រ៉ែ​ទាំង​នោះបាន កូរ៉េខាងត្បូង​អាច​កាត់​បន្ថយថ្លៃ​ចំណាយ​យ៉ាងច្រើន​លើ​ការនាំ​ចូល ហើយ​ម្យ៉ាង​ក៏​អាចជួយ​កូរ៉េខាងជើង​ដែរ​។ នេះ​ក៏​ព្រោះតែ​កូរ៉េខាងជើង​មានតែ​ធនធាន តែ​គ្មាន​សម្ភារ​គ្រប់គ្រាន់​ឡើយ ហើយ​ស្ថិតក្រោម​ទណ្ឌកម្ម​របស់​អន្តរជាតិ​ទៅទៀត​។ កូរ៉េខាងត្បូង​ពិតជា​ត្រូវការ​ធនធាន​របស់​កូរ៉េខាងជើង​ដើម្បី​ផលិត​ទំនិញ​ទំនើបៗ ដែល​អាច​លក់​ក្នុងតម្លៃ​ថ្លៃ​៕
 
 
 
  

Tag:
 ​កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com