អន្តរជាតិ
អាមេរិក នឹងបង្កើនការរឹតត្បិតការនាំចេញនុយក្លេអ៊ែរស៊ីវិលទៅចិន រដ្ឋមន្រ្តីថាមពលអាមេរិក Rick Perry (រូបភាព AFP)
× រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១១ ខែតុលា បានប្រកាសថា ខ្លួននឹងបង្កើនការរឹតត្បិតការនាំចេញនុយក្លេអ៊ែរស៊ីវិលទៅកាន់ចិន។ ការរឹតត្បិតនេះ ធ្វើឡើងស្របពេលលោក ត្រាំ នៅតែមិនបន្ធូរដៃឲ្យចិនសូម្បីបន្តិចក្នុងជម្លោះពាណិជ្ជកម្មដែលកំពុងក្ដៅគគុកនៅឡើយ។ ប្រធានាធិបតីអាមេរិករូបនេះក៏ព្រមានក្រុងប៉េកាំងជាថ្មីទៀតថា នឹងរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ បើមិនព្រមផ្លាស់ប្ដូរឥរិយាបថតាមការចង់បានរបស់ក្រុងវ៉ាស៊ីនតោនទេនោះ។
ស្របពេលជម្លោះពាណិជ្ជកម្មនៅតែធ្ងន់ធ្ងរ មិនទាន់ថមថយអ្វីនោះ ក្រុងវ៉ាស៊ីនតោនបានបង្វែរគោលដៅថ្មីទៀតបន្ថែមពីលើការដំឡើងពន្ធ ដើម្បីដាក់សម្ពាធលើក្រុងប៉េកាំងឲ្យបន្ទន់ជំហររបស់ខ្លួន។ ក្រសួងថាមពលអាមេរិក នៅថ្ងៃទី១១ ខែតុលា ប្រកាសថា ខ្លួននឹងចាត់វិធានការរឹតត្បិតលើការនាំចេញនុយក្លេអ៊ែរស៊ីវិលទៅចិន ដែលជាទីផ្សារសំខាន់មួយសម្រាប់ផលិតផលនុយក្លេអ៊ែររបស់អាមេរិក។ ចិន ដែលកំពុងមានសន្ទុះសេដ្ឋកិច្ចខ្លាំង ត្រូវការថាមពលដើម្បីបំប៉នកំណើនសេដ្ឋកិច្ចខ្លួន។
រដ្ឋមន្ត្រីថាមពលអាមេរិក Rick Perry បានពន្យល់ថា អាមេរិកមិនអាចមិនខ្វល់ពីសន្តិសុខជាតិបានឡើយក្នុងជំនួញនុយក្លេអ៊ែរស៊ីវិលជាមួយចិន ព្រោះចិនព្យាយាមស្វែងរកបច្ចេកវិទ្យានុយក្លេអ៊ែរតាមផ្លូវផ្សេងក្រៅពីយន្តការទ្វេភាគីដែលមានស្រាប់។ ប៉ុន្តែនេះក៏មិនមែនមានន័យថា អាមេរិកបោះបង់ម៉ូយដ៏ធំរបស់ខ្លួនដែរ គ្រាន់តែបង្កើនការត្រួតពិនិត្យខ្លាំងជាងមុន ហើយក៏អាចឈានដល់ការបដិសេធផ្ដល់អាជ្ញាបណ្ណថ្មីដល់ក្រុមហ៊ុនថាមពលរដ្ឋចិនផង។
ការពន្យល់របស់លោក Perry គ្រាន់តែផ្នែកមួយនៃការបារម្ភរបស់អាមេរិកប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺអាមេរិកខ្លាចបាត់ទីផ្សារថាមពលនុយក្លេអ៊ែរ ហើយដែលអាចធ្លាក់ទៅក្នុងដៃចិនវិញ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីក្រុងវ៉ាស៊ីនតោនលើកឡើងថា អស់ពេលរាប់ទសវត្សរ៍មកហើយ ចិនបានប្រឹងប្រែងទាញមកបច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ដែលវានឹងឲ្យអាមេរិកបាត់បង់ទីផ្សារពិភពលោក និងការងារក្នុងស្រុកផង។
ចំណាត់ការថ្មីរបស់អាមេរិក ប្រៀបដូចជាយកអំបិលចាក់លើមុខរបួសដែលកំពុងរីករាលដាលខ្លាំង ខណៈលោក ត្រាំ គំរាមចាត់វិធានការបន្ថែមទៀតលើចិន បើចិនមិនព្រមផ្លាស់ប្ដូរឥរិយាបថទៀត។ ប្រធានាធិបតីអាមេរិកក្នុងរិះគន់ចិនដែលកេងចំណេញពីអាមេរិករហូតមកផងដែរ និងអះអាងថា ចិនរស់នៅយ៉ាងស្រួលយូរពេកហើយ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News លោក ត្រាំ ថែមទាំងនិយាយថា៖ «ពួកគេគិតថា ប្រជាជនអាមេរិកឆ្កួត។ តែប្រជាជនអាមេរិកមិនឆ្កួតឡើយ។»
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ អាមេរិកបាននាំចេញទៅកាន់ទីផ្សារចិននូវនុយក្លេអ៊ែរស៊ីវិលក្នុងទំហំទឹកប្រាក់១៧០លានដុល្លារ ដែលធ្វើឲ្យចិនក្លាយជាទីផ្សារនុយក្លេអ៊ែរធំទីពីររបស់អាមេរិក បន្ទាប់អង់គ្លេស។ ការសម្រេចចិត្តរបស់រដ្ឋបាលលោក ត្រាំ នឹងធ្វើឲ្យក្រុមហ៊ុនអាមេរិកជួបបញ្ហានៅរយៈពេលខ្លី ប៉ុន្តែអាមេរិកពិតជាមិនអាចប្រថុយបាត់បង់ទីផ្សារអន្តរជាតិរយៈពេលវែងខាងមុខឡើយ៕
Tag:
អាមេរិក
ចិន
ដូណាល់ ត្រាំ
នុយក្លេអ៊ែរស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com