ជាតិ
សម្ដេច ស ខេង ប្រាប់​អន្តរជាតិ​ថា កម្ពុជា​មិនមែនជា​ប្រទេស ដែលមាន​តម្រូវការ​សត្វព្រៃ​ទេ ប៉ុន្តែ​រងគ្រោះ​ដោយសារ​ឈ្មួញ​ដឹក​ឆ្លងកាត់​
12, Oct 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា មិនមែនជា​ប្រទេស​ដែលមាន​តម្រូវការ​សត្វព្រៃ សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ឡើយ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​មានការ​ជួញដូរ​ខុសច្បាប់​ដែរ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ចំពោះមុខ​បណ្ដា​ប្រទេស​អន្តរជាតិ នៅ​ជុំវិញ​ពិភពលោក ក្នុង​សន្និសីទ​ស្តីពី​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​លើក​ទី​៤ នៅ​ទីក្រុង​ប្រទេស​អង់គ្លេស​។​

 
​សម្ដេច ស ខេង បាន​ប្រាប់​ថ្នាក់ដឹកនាំ​អន្តរជាតិ​ទាំងនោះ​ថា កម្ពុជា គឺជា​ប្រទេស​ដែល​សំបូរ​ទៅដោយ​ធនធានធម្មជាតិ និង​សំបូរ​វប្បធម៌ ដ៏​មានតម្លៃ​ឥត​គណនា ដែលមាន​ធនធាន​រ៉ែ ព្រៃឈើ សត្វ​ចម្រុះ​គ្រប់​ប្រភេទ នៅតាម​តំបន់​ខ្ពង់រាប​កម្ពុជា​។ បន្ទាប់ពី​លើក​ចំណុច​ទាំងនេះហើយ សម្ដេច ស ខេង ក៏បាន​បញ្ជាក់ថា កម្ពុជា គឺជា​ប្រទេស​ដែល​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ប៉ុន្តែ​ក៏​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​រងគ្រោះ ដោយសារ​ឈ្មួញ​ដឹកជញ្ជូន​ឆ្លងកាត់​ខុសច្បាប់ ទៅកាន់​ប្រទេស​ទី​៣​ផងដែរ​។​
 
​ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​លើក​ទី​៤ នៅ​ទីក្រុង​ប្រទេស​អង់គ្លេស រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បកស្រាយ​ដូច្នេះ​ថា​៖«​កម្ពុជា មិនមែនជា​ប្រទេស​ដែល​អនុញ្ញាត​ឲ្យ​មានការ​ជួញដូរ​ផលិតផល​សត្វព្រៃ​ស្របច្បាប់​នោះទេ ហើយក៏​មិនមែនជា​ប្រទេស ដែលមាន​តម្រូវការ​សត្វព្រៃ​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​នោះដែរ​។ ប៉ុន្តែ​ការ​វិវដ្ដ​នៃ​សភាពការណ៍​សាកលលោក​ក្នុងពេល​បច្ចុប្បន្ននេះ ក៏បាន​ជំរុញ​ឲ្យ​កម្ពុជា ជា​ប្រទេស​ដែល​ឆ្លងកាត់​នូវ​ឧក្រិដ្ឋកម្ម ឧក្រិដ្ឋជន​ក្នុងការ​ដឹកជញ្ជូន នៃ​ការ​ចរាចរណ៍​ផលិតផល​សត្វព្រៃ​ខុសច្បាប់ ទៅដល់​គោលដៅ​ប្រទេស​ទី​៣»​។​
 
​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អាជ្ញាធរ​កម្ពុជា បាន​បង្ក្រាប និង​បំបែក​ករណី​ដឹកជញ្ជូន​សត្វព្រៃ​ខុសច្បាប់​មួយចំនួនធំ តាមរយៈ​ការសហការ​ជាមួយ​ដៃគូរ​ពាក់ព័ន្ធ និង​បណ្ដា​សមាជិក​ប្រឆាំង​ប្រយុទ្ធ​សត្វព្រៃ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង​។​
 
​បើតាម​សម្ដេច ស ខេង បទល្មើស​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​មិន​ត្រឹមតែ​នាំមក​នូវ​មហន្តរាយ ដល់​និរន្តរភាព​បរិស្ថាន និង​ធនធានធម្មជាតិ​នៃ​ភពផែនដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថវិកា​ដែល​ទទួលបាន​ពី​ការប្រព្រឹត្ត​បទល្មើស​នេះ អាចបង្កើត​បញ្ហា​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ក្នុងសង្គម និង​សកលលោក ដូចជា ការសម្អាត​ប្រាក់ អំពើ​ភេរវកម្ម ការជួញដូរ​មនុស្ស ការជួញដូរ​គ្រឿងញៀន ការជួញដូរ​អាវុធ​ខុសច្បាប់​ជាដើម​។​
 
​ដើម្បី​បង្ហាញ​ពី​ជំហរ​រឹងមាំ ក្នុងការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើកយក​គោលការណ៍ និង​វិធាន​ការសំខាន់ៗ​មួយចំនួន ដែល​រាជរដ្ឋាភិបាល​កម្ពុជា បន្ត​អនុវត្ត​នោះ​រួមមាន​៖ ទី​១៖ ការធ្វើ​វិសោធនកម្ម និង​ការបង្កើត​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មីៗ បន្ថែម​តាម​ការចាំបាច់ ដើម្បី​បម្រើ​ដល់​ការរៀបចំ​គោលនយោបាយ​គាំពារ និង​ការគ្រប់គ្រង ថែរក្សា អភិរក្ស​សត្វព្រៃ ឲ្យ​កាន់តែ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ។​
 
​ទី​២៖ បន្ត​ពង្រឹង​ការអនុវត្តន៍​ច្បាប់​ឲ្យ​កាន់តែ​តឹងរឹង តាមរយៈ​ការ​រឹតបន្តឹង​ការដាក់ទោសទណ្ឌ ឬ​ការផ្តន្ទាទោស ចំពោះ​សកម្មភាព​ល្មើសច្បាប់ ពាក់ព័ន្ធ​នឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។ ទី​៣៖ សហការ​ជាមួយ​សមាសភាព​ពាក់ព័ន្ធ​ទាំង​នៅ​ថ្នាក់ជាតិ និង​អន្តរជាតិ​ព្រមទាំង ស្ថាប័ន​រដ្ឋាភិបាល គ្រឹះស្ថាន​ឯកជន អង្គការ​សង្គម​ស៊ីវិល ដៃគូ​ពាក់ព័ន្ធ​ជាតិ​-​អន្តរជាតិ ដើម្បី​ចូលរួម​អនុវត្ត និង​ប្រមូលផ្តុំ​ការគាំទ្រ​ក្នុង​សកម្មភាព​ប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅ​កម្ពុជា ក្នុង​តំបន់ និង​សកលលោក​។ ជាពិសេស​បន្ត​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង តាមរយៈ​ការអប់រំ​ណែនាំ​សាធារណជន​ទូទៅ​ឲ្យ​យល់ដឹង​អំពី តម្លៃ និង​សារៈសំខាន់​នៃ​ធនធានធម្មជាតិ និង​សត្វព្រៃ ដែលជា​សមាសធាតុ​ដ៏​ចាំបាច់​នៃ​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី​ជាដើម​៕
 

Tag:
 ​ស ខេង
  សត្វព្រៃ​
© រក្សាសិទ្ធិដោយ thmeythmey.com