អន្តរជាតិ
នាយករដ្ឋមន្ត្រី​ជប៉ុន សន្យា​ជួយ​លោកស្រី ស៊ូ​ជី រក​ដំណោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​
12, Oct 2018 , 9:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាន​ប្តេជ្ញា​ជាថ្មី​ក្នុងការ​ជ្រោមជ្រែង និង​ឧបត្ថម្ភ​ដល់​ជន​ភៀស​ដែល​កំពុងស្នាក់នៅ​ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស រួមទាំង​សហការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ​គិតគូរ​រក​ដំណោះស្រាយ​សមរម្យ​សម្រាប់​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នេះ​ផង​។ ការប្តេជ្ញា​នេះ ធ្វើឡើង​ស្របពេល​មី​យ៉ាន់​ម៉ា កំពុងតែ​ទទួលរង​សម្ពាធ​កាន់តែ​ធ្ងន់​ពី​សហគមន៍​អន្តរជាតិ​។​


 
​តាមរយៈ​ជំនួប​ទ្វេភាគី​នៅក្នុង​រដ្ឋធានី​តូ​ក្យូ​នៅ​ថ្ងៃ​៩ ខែតុលា លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ចំពោះមុខ លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បាន​ទទួលស្គាល់ថា បញ្ហា​នៅក្នុង​រដ្ឋ រ៉ា​ក់​ខាន (Rakhine) ដែលជា​កន្លែង​នៃ​វិបត្តិ​ជនភៀសខ្លួន គឺជា​បញ្ហា​ដ៏​ស្មុគស្មាញ​បំផុត​។ លោក ក៏បាន​សន្យា​បន្ត​គាំទ្រ​មី​យ៉ាន់​ម៉ា​ក្នុងការ​ធ្វើ​ឲ្យ​ការរៀបចំ​នៃ​ការវិលត្រឡប់​របស់​ជ​ន​ភៀសខ្លួន​កើតឡើង​យ៉ាងពិត​ប្រាកដ​ដែរ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Myanmar Times នាយករដ្ឋមន្ត្រី​ខាងលើ​ក៏បាន​សន្យា​ជួយ​មី​យ៉ាន់​ម៉ា​ក្នុងការ​បង្កើត​បរិយាកាស​មួយ​ល្អ​សម្រាប់​ជនជាតិភាគតិច​មូស្លីម និង រាប់បញ្ចូល​ទាំង​ការសាងសង់​ផ្ទះ​សម្រាប់​ពួកគេ​ផងដែរ​។ ពិសេស​នោះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​រូបនេះ ក៏​ថែមទាំង​អះអាងថា ជប៉ុន ក៏​នឹង​ជួយ​គិតគូរ​មី​យ៉ាន់​ម៉ា​ដើម្បី​រក​ដំណោះស្រាយ​ទៀតផង​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល​នោះ ការសន្យា​ជួយ​មី​យ៉ាន់​ម៉ា​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​កាលៈទេស​នេះ គឺជា​រឿង​ដែល​សំខាន់​ណាស់​សម្រាប់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។ នោះ ក៏​ព្រោះ​តែមាន​ប្រទេស​មិន​ច្រើនពេក​ទេ ដែល​ឈរ​នៅ​ខាង​មី​យ៉ាន់​ម៉ា នៅពេលដែល​និយាយ​ដល់​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នោះ​។ សូម្បីតែ​បណ្តា​ប្រទេសមួយ​ចំនួន​នៃ​គ្រួសារ​អាស៊ាន ក៏​មិនសូវ​ចង់​ទទួលយក​ហេតុផល​ឬ​សគល់​នៃ​វិបត្តិ​ដែល​ពន្យល់​ដោយ​មី​យ៉ាន់​ម៉ា​ដែរ​។​
 
​គួរ​ជម្រាប​ថា វិបត្តិ​ជនភៀសខ្លួន​នៅក្នុង​រដ្ឋ​រ៉ា​ក់​ខាន​របស់​មី​យ៉ាន់​ម៉ា បាន​ផ្ទុះឡើង​ខ្លាំង​នៅ​ចុងឆ្នាំ​២០១៧​។ ព្រឹត្តិការណ៍ ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ពន្យល់ថា កើតឡើង​ដោយសារ​ប្រតិបត្តិការ​វាយបក និង​បោសសម្អាត​ក្រុម​ឧទ្ទាម​ប្រដាប់​វុ​ធ​របស់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​នេះ ដែល​បាន​បង្ក​ឲ្យ​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៧០​ម៉ឺន​ក់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​។ 
 
​ទោះ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ព្យាយាម​ពន្យល់​បែបនេះ​ក្តី របាយការណ៍​របស់​ភ្នា​ក់​ជំនាញ​សិទ្ធិមនុស្ស រួមទាំង​អង្គការសហប្រជាជាតិ បាន​រកឃើញ​ផ្ទុយ​ពី​ការលើកឡើង​នេះ ពោលគឺ​ពួកគេ​រកឃើញ​ពី​ចេតនា និង​សញ្ញាណ​នៃ​ការប្រព្រឹត្ត​បទល្មើស​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។
 
​ក៏ដោយ​តែ​បញ្ហា​នេះ បន្ថែម​លើ​ការធ្វើ​សេចក្តីថ្លែងការណ៍​ថ្កោលទោស សហភាព​អឺរ៉ុប ដែលជា​ទីផ្សារ​ធំ​មួយ​របស់​មី​យ៉ាន់​ម៉ា បានចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​ក្នុងការ​ព្រមាន​ដាក់ទណ្ឌកម្ម​មី​យ៉ាន់​ម៉ា ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​ក្នុងការ​នាំចូល​ទៅកាន់​ទី​ផ្សារ​អឺរ៉ុប​ទៀតផង​ថ្មីៗ​នេះ​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  ជប៉ុន​
  អ៊ុង​សាន ស៊ូ​ជី​
  ស៊ី​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com