អន្តរជាតិ
ម៉ាឡេស៊ី​ដោះលែង​ជនជាតិ​វី​ហ្គ័​រ​១១​នាក់ ដោយ​មិន​ខ្វល់​សំណើ​បត្យាប័ន​របស់​ចិន​
12, Oct 2018 , 9:59 pm        
រូបភាព
ជនជាតិវីហ្គ័រដែលត្រូវដោះលែង បានធ្វើដំណើរទៅកាន់តួកគី (រូបភាព Reuters)
ជនជាតិវីហ្គ័រដែលត្រូវដោះលែង បានធ្វើដំណើរទៅកាន់តួកគី (រូបភាព Reuters)
​អាជ្ញាធរ​ម៉ាឡេស៊ី បាន​ដោះលែង​ជនជាតិ​វី​ហ្គ័​រ (Uighur) ចំនួន​១១​នាក់ ដែល​រត់គេច​ពី​មន្ទីរ​ឃុំខ្លួន​នៅ​ទឹកដី​ថៃ​កាលពី​ឆ្នាំ​២០១៧ ។ មេធាវី​ជនជាតិភាគតិច​របស់​ចិន​ទាំងនេះ និយាយថា ជនជាតិ​វី​ហ្គ័​រ​ត្រូវបាន​បញ្ជូនទៅ​កាន់​តួ​ក​គី​ហើយ​។ នេះ​មានន័យថា ក្រុង​គួ​ឡា​ឡាំ​ពួ បាន​ទាត់ចោល​សំណើ​ធ្វើ​បត្យាប័ន​របស់​ក្រុង​ប៉េកាំង​។

 
​លោក Fahmi Abdul Moin មេធាវី​របស់​ជនជាតិ​ភាគតិច​វី​ហ្គ័​រទាំង​១១​នាក់ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​១២ ខែតុលា ថា កូនក្ដី​របស់ខ្លួន ត្រូវបាន​ដោះលែង បន្ទាប់ពី​រាជអាជ្ញា​ម៉ាឡេស៊ី​បាន​ទម្លាក់​បទ​ចោទ​ប្រឆាំង​លើ​ករណី​ឆ្លង​ចូល​ទឹកដី​ម៉ាឡេស៊ី​ខុសច្បាប់​។ ជនជាតិ​វី​ហ្គ័​រ​១១​នាក់​នេះ ស្ថិតក្នុង​ចំណោម​ជនជាតិ​វី​ហ្គ័​រ​២៥​នាក់ ដែល​បាន​ហែក​គុក​នៅ​ទឹកដី​ថៃ​កាលពី​ឆ្នាំ​២០១៧ មុននឹង​ឆ្លង​ចូល​ទឹកដី​ម៉ាឡេស៊ី​។​
 
​ក្រោយ​ការដោះលែង​ក្រោម​ហេតុផល​មនុស្សធម៌ ជនជាតិភាគតិច​ទាំង​១១​នាក់ ក៏បាន​ធ្វើដំណើរ​ទៅកាន់​តួ​ក​គី​នៅ​ថ្ងៃទី​៩ ខែតុលា​កន្លងទៅ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) បាន​ស្វាគមន៍​ការសម្រេចចិត្ត​របស់​ម៉ាឡេស៊ី ព្រោះ​បើ​បញ្ជូន​ទៅកាន់​ទឹកដី​ចិន​វិញ​នោះ ពួកគេ​នឹង​ប្រឈមមុខ​ការឃុំខ្លួន ឬ​ការធ្វើ​ទារុណកម្ម ឬក៏​ទោស​ធ្ងន់​ជាងនេះទៅទៀត​។​
 
​តាមពិតទៅ ក្រុង​ប៉េកាំង​បានដាក់​សំណើ​ទៅកាន់​រដ្ឋាភិបាល​ចាស់​ម៉ាឡេស៊ី​ដើម្បី​ធ្វើ​បត្យាប័ន​ជនជាតិ​វី​ហ្គ័​រទាំង​១១​នាក់​នេះ​កាលពី​ខែកុម្ភៈ​។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​ថ្មី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ មិន​ខ្វល់​សំណើ​របស់​ចិន​ឡើយ ខណៈ​ម៉ាឡេស៊ី​ហាក់​ប្រកាន់​នយោបាយ​ឯករាជ្យ​ជាង​មុន​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​។ ចំណែកឯ​រដ្ឋាភិបាលរ​បស់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ វិញ មាន​ទំនោរ​ខ្លាំង​ទៅរក​ចិន​។​
 
​កាលពី​ឆ្នាំ​២០១៧ លោក ណា​ជីប បាន​បញ្ជូន​ជនជាតិ​វី​ហ្គ័​រ​ចំនួន​២៩​នាក់​ទៅ​ឲ្យ​ក្រុង​ប៉េកាំង​វិញ ដោយ​អះអាងថា ជាប់​ពាក់ព័ន្ធ​នឹង​សកម្មជន​ជ្រុលនិយម​។ ជនជាតិ​វី​ហ្គ័​រ ត្រូវបាន​រាយការណ៍​ថា រង​ការ​ធ្វើទុក្ខបុកម្នេញ​នៅឯ​តំបន់​ស៊ីន​ជាំ​ង​ភាគ​ខាងលិច ជាទី​ដែល​ពួកគេ​ជួប​ការ​រឹតត្បិត​សិទ្ធិសេរីភាព​យ៉ាងខ្លាំង ពិសេស​ការប្រតិបត្តិ​សាសនា​ឥស្លាម​តែម្ដង​។​
 
​នៅ​ស៊ីន​ជាំ​ង​ដែល​តំបន់​ស្វយ័ត​មួយ​របស់​ចិន ជនជាតិ​វី​ហ្គ័​រ និង​ជន​មូស្លីម​ច្រើនជាង​មួយ​លាន​នាក់ ត្រូវបាន​ឃុំខ្លួន​ក្នុង​មន្ទីរ​កែប្រែ​ឡើងវិញ​សម្រាប់​ទោសទណ្ឌ​ស្រាលៗ​ដូចជា​ការទាក់ទង​ជាមួយ​សមាជិកគ្រួសារ​ដែ​ល​រស់នៅ​ក្រៅប្រទេស ឬក៏​ចែករំលែក​ការ​ថ្ងៃ​លំហែកាយ​សាសនា​ឥស្លាម​តាម​បណ្ដាញ​សង្គម​ជាដើម​។ ទោះ​ជាមាន​ភស្តុតាង​ច្រើនសន្ធឹក​សន្ធាប់​ក្ដី ក្រុង​ប៉េកាំង​បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងអស់នេះ​៕ 

Tag:
 ម៉ាឡេស៊ី​
  ចិន​
  Uighur
© រក្សាសិទ្ធិដោយ thmeythmey.com