ភ្នំពេញ៖ នៅដើមឆ្នាំ២០១៨ មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលឯកសារដ៏សំខាន់មួយ ទាក់ទងនឹងលោកឧត្តមសេនីយ៍ ឡេះ កូសែម ដែលជាបុគ្គលដ៏សំខាន់មួយរូបក្នុងប្រវត្តិសាស្ដ្រខ្មែរ។
ប្រវត្តិរបស់លោក ឡេះ កូសែម ត្រូវបានបិទជិតអស់ជិត៤០ឆ្នាំ។ លោកត្រូវគេស្គាល់ថា ជាមនុស្សម្នាក់ដែលជិតសិ្នទ្ធ នឹងលោកប្រធានាធិបតី លន់ នល់ នៃរបបសាធារណរដ្ឋពីឆ្នាំ ១៩៧០ ដល់១៩៧៥។ លោកបានរួចផុតពីរបបខ្មែរក្រហម និងបាននាំឯកសារដែលពាក់ព័ន្ធផ្ទាល់ខ្លួនជាច្រើនទៅជាមួយ។ ដោយសារគ្មានឯកសារពាក់ព័ន្ធ ធ្វើឱ្យមនុស្សមួយចំនួន បានបង្កើតសាច់រឿងច្រើនពីលោក ដូចជាតួនាទីជាមេបញ្ជាការនៅពេលនោះ ដែលបណ្តាលឱ្យខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញជាដើម។
ភរិយាលោក ឡេះ កូសែម ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសម៉ាឡេស៊ី បានសម្រេចផ្តល់ឯកសាររបស់ប្ដីលោកស្រីទាំងអស់ មកឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រោះលោកស្រីចង់ បង្ហាញភាពស្អាតស្អំរបស់ប្តី ដែលកន្លងជិត៤០ឆ្នាំមកនេះ មិនមានអ្នកណាដឹង។
លោកស្រី ម៉ៃ ឌិនណាជារ បាននិយាយពាក្យមួយឃ្លាទៅលោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា មុនពេលលោកស្រីសម្រេចផ្តល់ឯកសារដែលពាក់ព័ន្ធនឹងប្ដីលោកស្រី ដល់ស្ថាប័នមួយនេះ។ ឯកសារទាំងនោះ លោកស្រីស្រឡាញ់ និងចាត់ទុកដូចប្ដីលោកស្រីយ៉ាងដូច្នោះដែរ។ តែដើម្បីស្រាយបន្ទិលនានា ដែលមនុស្សមួយចំនួនគិតមកលើប្តីខ្លួន លោកស្រី ម៉ៃ ឌិតណាដារ សម្រេចផ្តល់ឯកសារទាំងអស់របស់ប្ដី ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលពីចុងខែកញ្ញា ឆ្នាំ២០១៨ លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានរម្លឹកពីសំដីលោកស្រីភរិយាលោក ឡេះ កូសែម ពេលលោកស្រីសម្រេចប្រគល់ឯកសារប្ដីលោកស្រី ឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា យ៉ាងដូច្នេះថា៖«...ខ្ញុំមិនចង់បានអ្វីទេ គឺចង់បានតែភាពស្អាតស្អំឱ្យគាត់ (ឡេះ កូសែម) តែប៉ុណ្ណោះ»។
លោក ឆាំង យុ យល់ថា ដោយាសារគ្មានឯកសារ មនុស្សបានបង្កើតសាច់រឿងផ្សេងៗទាក់ទងនឹងលោក ឡេះ កូសែម អំពីមូលហេតុដែលបណ្តាលឱ្យខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ។ល។ លោក ឆាំង យុ ប្រាប់សារព័ត៌មានថ្មីៗ តាមការពន្យល់ពីភរិយាលោក ឡេះ កូសែម ថា តាមពិតទៅ លោក ឡេះ កូសែម មានផែនការតទល់នឹងទ័ពខ្មែរក្រហមវិញ ព្រោះគាត់ដឹងថា ពេលខ្មែរក្រហមកាន់កាប់ប្រទេស នោះរបបមួយនេះ នឹងសម្លាប់មនុស្សជាក់ជាមិនខាន។ គាត់បានរៀបចំទ័ពត្រៀមតទល់វិញ តែត្រូវអ្នកនយោបាយធំៗប្រាប់លោកថា មិនអាចឈ្នះ ទើបគេរៀបចំគម្រោងឱ្យលោកទៅប្រជុំនៅប្រទេសថៃ។ ហេតុនេះធ្វើឱ្យលោកមិនអាចបកក្រោយបាន ក្រោយចាកចេញពីកម្ពុជាបន្តិច។
លោក ឡេះ កូសែម និងគ្រួសារ ទទួលបានសញ្ជាតិពីរាជរដ្ឋាភិបាលម៉ាឡេស៊ី។ នៅម៉ាឡេស៊ី លោកបានបន្តធ្វើនយោបាយ និងមានការពិភាក្សាគ្នាជាមួយក្រុមមេទ័ពធំៗ ដែលរត់គេចខ្លួនទៅដល់ទីនោះ ពីការងារបន្ទាប់ថាតើត្រូវចុះចូលជាមួយខ្មែរក្រហម ឬយ៉ាងណា។ គោលជំហររបស់លោក ឡេះ កូសែម មិនព្រមចុះចូលដាច់ខាត ព្រោះលោកជឿថា ខ្មែរក្រហមនឹងសម្លាប់លោក ប្រសិនបើលោកត្រឡប់ចូលស្រុកវិញ។
គោលជំហររបស់លោក ឡេះ កូសែម បានបង្កើតឱ្យមានជម្លោះផ្ទៃក្នុង។ នៅឆ្នាំ ១៩៧៦ លោក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសម៉ាឡេស៊ី ហើយគ្រូពេទ្យបានប្រាប់គ្រួសារលោកថា លោកបានស្លាប់ដោយសារការបំពុលក្នុងអាហារ។
លោក ឡេះ កូសែម ជាជនជាតិចាមតែម្នាក់គត់នៅក្នុងប្រវត្តិសាស្ដ្រខ្មែរ ដែលមានឋានៈខ្ពង់ខ្ពស់ក្នុងជួរកងទ័ព។ លោកកើតក្នុងគ្រួសារត្រកូលអភិជន ដែលម្ដាយឪពុកលោកជាពាណិជ្ជករ។ លោកជាមេបញ្ជាការ និងគ្រប់គ្រងទ័ពទាហានជាច្រើន និងមានទំនាក់ទំនងស៊ីជម្រៅនឹងប្រទេសមជ្ឈិមបូព៌ាផងដែរ។ លោកក៏ជាមិត្តភក្ដិនឹងលោក ហ្គាដាហ្វី មេដឹកនាំប្រទេស លីបី ដែលត្រូវគេធ្វើរដ្ឋប្រហារ និងសម្លាប់នៅក្នុងខែ តុលា ឆ្នាំ២០១១។
លោក ឡេះ កូសែម ជាអតីតនិស្សិតឆ័ត្រយោងនៅប្រទេសបារាំង ដែលធ្លាប់ធ្វើការនៅសម័យសង្គមរាស្ដ្រនិយម របបសាធារណរដ្ឋ ហើយលោកចេះនិយាយភាសាមួយចំនួន មានភាសាបារាំង អង់គ្លេស វៀតណាម ចាម និងខ្មែរ។ នេះជាការសន្មតរបស់លោក ឆាំង យុ តាមរយៈឯកសារដែលលោកទទួលបានពីគ្រួសារលោក ឡេះ កូសែម ដែលមានច្រើនសន្ធឹក។ លោក ក៏ជាប្រធានចលនា FULRO ដែលគេស្គាល់ថាជាចលនាជនជាតិភាគតិចដ៏ធំមួយ ដែលមានបំណងវាយដណ្ដើមអតីតទឹកចាម្ប៉ានៅវៀតណាមភាគកណ្ដាលមកវិញផងដែរ។
ងាកមកឯកសារដែលគ្រួសារលោក ឡេះ កូសែម ប្រគល់ឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជាវិញ តាមការលើកឡើងរបស់លោក ឆាំង យុ ឯកសារទាំងនោះមានចំនួនច្រើន និងសណ្ឋាន។ ឯកសារទាំងនោះរួមមាន ឯកសាររូបថត ៣,៥៧៣រូប ឯកសាររូបថតអាល់ប៊ូម ៣១២ រូប ឯកសារក្រដាស ២,២៤១ ស្មើនឹង ៦,៤៩៥ ទំព័រ ឯកសារសៀវភៅ ១៨ក្បាល និងសៀវភៅ Booklet ៨៥ ក្បាល។ តាមរយៈឯកសារនេះ លោក ឆាំង យុ យល់ថា វានឹងបំពេញចន្លោះប្រហោងនៅក្នុងប្រវត្តិសាស្ដ្រខ្មែរដែលត្រូវបានកប់បាត់រយៈពេលជិត ៤០ឆ្នាំមកនេះ។
ដោយសារឯកសារមានចំនួនច្រើន ដូច្នេះមជ្ឈមណ្ឌលឯកសារកម្ពុជាត្រូវការប្រើពេលវេលាដើម្បីត្រួតពិនិត្យ និងចាប់ផ្តើមសរសេរព័ត៌មានខ្លីៗ ជុំវិញរូបភាពសកម្មភាពនានា និងត្រៀមបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលសាធារណជនអាចចូលមើលបានតាមរយៈអាស័យដ្ឋាន Genocide Education in Cambodia។ ក្នុងពេលឥឡូវនេះ សាធារណជនក៏អាចទៅធ្វើការសិក្សាស្រាវជ្រាវផ្ទាល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានផងដែរ៕