ការបោះឆ្នោតបង្គ្រប់អាសនៈត្រូវរៀបចំឡើងនៅថ្ងៃសៅរ៍ទី ១៣ ខែតុលានេះនៅមណ្ឌលបោះឆ្នោត Port Dickson ដែលជាក្រុងស្ថិតនៅភាគខាងត្បូងម៉ាឡេស៊ី។ ការបោះឆ្នោតនេះនឹងជួយត្រួសត្រាយផ្លូវសម្រាប់អតីតមេបក្សប្រឆាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ត្រឡប់ចូលនយោបាយ និងឈានទៅកាន់តំណែងជានាយករដ្ឋមន្ត្រីទីប្រាំបីរបស់ម៉ាឡេស៊ីជំនួយលោក មហាធៀ មហាម៉ាត់ផង។
ក្រោយការឃោសនានយោបាយពីរសប្តាហ៍កន្លងមកនេះ ប្រជាជននៅក្រុង Port Dickson ច្រើនជាង ៧៥០០០នាក់ចាប់ផ្តើមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់ខ្លួននៅថ្ងៃសៅរ៍ទី ១៣ ខែតុលានេះ។ គណៈកម្មការរៀបចំការបោះឆ្នោតរំពឹងថា ប្រជាជនដែលគ្រប់អាយុបោះឆ្នោតយ៉ាងតិច ៧០ភាគរយនឹងទៅបោះឆ្នោត ហើយលទ្ធផលនឹងត្រូវប្រកាសនៅយប់ថ្ងៃសៅរ៍ដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ការបោះឆ្នោតបង្គ្រប់អាសនៈនេះធ្វើឡើងក្រោយពេលសមាជិកសភាម្នាក់នៃសម្ព័ន្ធបក្សកាន់អំណាច Pakatan Harapan ចុះចេញពីតំណែងដើម្បីត្រួសត្រាយផ្លូវឲ្យលោក អាន់វ៉ា អ៊ីប្រាហ៊ីម ចូលនយោបាយវិញ។
ក្នុងការឃោសនាពីរសប្តាហ៍មកនេះ លោក អាន់វ៉ា បានប្រឹងប្រែងយ៉ាងខ្លាំង និងបានសន្យាចំពោះប្រជាជនជាអ្នកបោះឆ្នោតថាលោកនឹងនាំមកការអភិវឌ្ឍ , រដ្ឋាភិបាលដែលស្អាតស្អំ និងជំរុញទេសចរណ៍ក្នុងតំបន់ផងដែរ។
នៅក្នុងការឃោសនានៅថ្ងៃចន្ទដើមសប្តាហ៍នេះ នាយករដ្ឋមន្ត្រីវ័យ ៩៣ឆ្នាំលោក មហាធៀ ដែលត្រូវបានគេស្គាល់ថាជាសត្រូវចាស់របស់លោក អាន់វ៉ានោះ ក៏បានបង្ហាញខ្លួនលើឆាកជួបជុំសមាជិកសមាជិកាបក្សជាមួយលោក អាន់វ៉ា។ វាជាការបង្ហាញខ្លួនរួមគ្នាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលប្រហែល ២០ឆ្នាំមកនេះដែរ។ លោក មហាធៀ បានទទូចឲ្យអ្នកបោះឆ្នោតគាំទ្រលោក អាន់វ៉ា ដែលជាអ្នកស្នងតំណែងលោក ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈមរបស់ម៉ាឡេស៊ីជាពិសេសបញ្ហាពុករលួយ និងសេដ្ឋកិច្ចនោះ។
យ៉ាងណាក៏ដោយ មណ្ឌលបោះឆ្នោតខាងលើមានប្រជាជនចិនម៉ាឡេស៊ីរស់នៅច្រើនដែរ ហើយគេវាយតម្លៃថា លោក អាន់វ៉ា នឹងមានលទ្ធភាពខ្ពស់ក្នុងការដណ្តើមយកអាសនៈក្នុងការបោះឆ្នោតថ្ងៃសៅរ៍នេះដែរ។
តាមពិតទៅ ការឈ្នះបានអាសនៈនេះជាលក្ខខណ្ឌតម្រូវសំខាន់បំផុតមួយសម្រាប់អតីតមេបក្សប្រឆាំងដ៏មានឥទ្ធិពលរូបនេះព្រោះលោកត្រូវត្រឡប់ចូលឆាកនយោបាយវិញ និងឈានទៅកាន់តំណែងប្រមុខរដ្ឋាភិបាលជំនួសលោក មហាធៀម មហាម៉ាត់ នាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេលើលោកផង។
លោក អាន់វ៉ា ធ្លាប់ជាសមាជិកអតីតសម្ព័ន្ធបក្សកាន់អំណាច Barisan Nasional និងកាន់តំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុផង ប៉ុន្តែលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីបទរួមភេទជាមួយមនុស្សប្រុសដូចគ្នានិងពុករលួយ ដោយរដ្ឋាភិបាលរបស់លោក មហាធៀ ឆ្នាំ ១៩៩៨ ក្រោយពេលដែលទំនាក់ទំនងរវាងអ្នកទាំងពីរល្អក់កករ។ លោក អាន់វ៉ា ត្រូវបានគេដោះលែងឲ្យមានសេរីភាពឆ្នាំ ២០០៤ ប៉ុន្តែក្នុងឆ្នាំ ២០១៥ លោកត្រូវបានគេកត់ទោសម្តងទៀតក្រោមបទចោទដដែលក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ម្តង។ វាយុទ្ធសាស្ត្របិទផ្លូវសត្រូវនយោបាយរបស់ខ្លួន ដោយសារលោក អាន់វ៉ា មានប្រជាប្រិយភាពខ្ពស់។
យ៉ាងណាមិញ ពេលស្ថិតក្នុងពន្ធនាគារ លោក អាន់វ៉ា បានចាប់ដៃជាមួយលោក មហាធៀ ដោយទុកអតីតកាលជូរចត់មួយឡែកដើម្បីបង្កើតសម្ព័ន្ធនយោបាយ ហើយក៏បានឈ្នះការបោះឆ្នោតសភាកាលពីខែឧសភាកន្លងទៅ។ ក្រោយការបោះឆ្នោតនេះ លោក មហាធៀ បានស្នើសុំឲ្យព្រះមហាក្សត្រលើកលែងទោសឲ្យលោក អាន់វ៉ា ហើយការលើកលែងទោសនេះបើកផ្លូវឲ្យលោកត្រឡប់ចូលនយោបាយជាថ្មីដែរ។ ម្យ៉ាងទៀតក្រោមកិច្ចព្រមព្រៀងនយោបាយរួមគ្នានេះ លោក អាន់វ៉ា នឹងត្រូវជំនួសតំណែងលោក មហាធៀ ជានាយករដ្ឋមន្ត្រីទីប្រាំបីផង៕