ជាតិ
សង្គមជាតិ
កុំបោះសន្ទូចរំលងភ្នំ!
× មិនថាក្នុងស្ថាប័នរដ្ឋ ឬក្នុងក្រុមហ៊ុនឯកជននោះទេ ក្នុងនាមជាមន្ត្រី ឬបុគ្គលិកថ្នាក់ក្រោម ពួកគេត្រូវស្គាល់ឋានៈនិងទីតាំងដែលខ្លួនឈរឲ្យច្បាស់។ ស្គាល់ឋានៈនិងទីតាំងយ៉ាងដូចម្តេច? គឺត្រូវដឹងថា តើភារកិច្ចណាជារបស់ខ្លួន ហើយភារកិច្ចណាមិនមែនជារបស់ខ្លួន? តើកិច្ចការណាដែលខ្លួនអាចធ្វើបាន ហើយកិច្ចការណាដែលខ្លួនមិនអាចធ្វើបាន? ខ្លួន មានតួនាទីអ្វី មិនមានតួនាទីអ្វី? សិទ្ធិអំណាចរបស់ខ្លួនមានកម្រិតត្រឹមណា?
អ្វីដែលរឹតតែត្រូវជៀសវាងនោះ គឺមន្ត្រី ឬបុគ្គលិកថ្នាក់ក្រោម មិនត្រូវធ្វើកិច្ចការ ដែលមិនមែនជារបស់ខ្លួនជាដាច់ខាត បើគ្មានការអនុញ្ញាត ជាពិសេសកិច្ចការទាំងឡាយណា ដែលច្បាប់ និងស្ថាប័ន មិនបានកំណត់ឲ្យធ្វើ ឬក៏ថាជាកិច្ចការរបស់ថ្នាក់លើ។ មន្ត្រី ឬបុគ្គលិក ត្រូវចេះប្រមាណខ្លួន ដោយមិនត្រូវធ្វើកិច្ចការ ដែលហួសពីព្រំដែន ហួសពីឋានានុក្រម ឬ ហួសពីសមត្ថកិច្ចរបស់ខ្លួនឡើយ។
សុភាសិតបុរាណខ្មែរ បានពោលថា «កុំបោះសន្ទូចរំលងភ្នំឲ្យសោះ» ព្រោះវា មិនត្រឹមតែទៅមិនរួចនោះទេ តែថែមទាំងធ្វើឲ្យខ្លួនរងក្តីអាម៉ាស់ និងការសើចចំអកពីអ្នកដទៃថែមទៀត។ ក្នុងរឿងនេះ មានករណីរបស់អភិបាលខណ្ឌដង្កោ និងអភិបាលខេត្តកណ្តាល ជាឧទាហរណ៍។
ត្រឹមជាអភិបាលខណ្ឌ តែបែរជាហ៊ានផ្ញើសារតាមបណ្តាញទំនាក់ទំនង WhatsApp ទៅកាន់នាយករដ្ឋមន្ត្រីដោយផ្ទាល់ ដើម្បីសូមបន្តតំណែង។ ទង្វើនេះ ធ្វើឲ្យអភិបាលខណ្ឌដង្កោ លក់មុខមិនស្ទើរទេ ដោយសារតែនាយករដ្ឋមន្ត្រី បានស្តីបន្ទោសជាសាធារណៈ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី កាលពីចុងខែសីហា ឆ្នាំ២០១៨។
រឿងដែលគួរឲ្យទើសភ្នែកមួយនេះ កន្លងទៅមិនទាន់បានប៉ុន្មានផង ស្រាប់តែមានរឿងស្រដៀងគ្នាដដែលនេះ បានកើតឡើងម្តងទៀត នៅដើមខែតុលា ឆ្នាំ២០១៨។ រឿងក្រោយនេះ គឺអភិបាលខេត្តកណ្តាល បានដាក់លិខិតទៅនាយករដ្ឋមន្ត្រី ដើម្បីសុំដាក់មនុស្សម្នាក់ ឲ្យធ្វើជាបេក្ខជនអភិបាលខេត្តថ្មី ដែលគ្រោងនឹងបំបែកចេញពីខេត្តកណ្តាល។
វាសនារបស់អភិបាលខេត្តកណ្តាល ក៏មិនខុសពីអភិបាលខណ្ឌដង្កោដែរ ដោយនាយករដ្ឋមន្ត្រី បានយកទៅនិយាយនៅមុខគេឯងដូចគ្នា ក្នុងវេទិកាស្តីពីទិវាគ្រូបង្រៀន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២0១៨។ បើស្តាប់ទៅ ទង្វើរបស់អភិបាលខេត្តកណ្តាល ហាក់ធ្វើឲ្យនាយករដ្ឋមន្ត្រី ខឹងខ្លាំងជាងទង្វើរបស់អភិបាលខណ្ឌដង្កោទៅទៀត។
ដោយសារតែមិនសប្បាយចិត្តនឹងការសុំតំណែងជាមុន ទាំងដែលខេត្តថ្មី មិនទាន់នឹងបង្កើតឡើងផងនោះ នាយករដ្ឋមន្ត្រី ក៏ប្រកាសលុបចោលគម្រោងបង្កើតខេត្តថ្មីចោលតែម្តង។ សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់សាធារណជនថា លោកបានចារលើលិខិតស្នើសុំរបស់អភិបាលខេត្តកណ្តាលថា «តើប្រញាប់ងាប់ទៅណា?»។ ប៉ុន្តែ ពេលនោះ នាយករដ្ឋមន្ត្រី ពុំបានបញ្ចេញឡើយថា អ្នកដែលស្នើសុំ គឺជាអ្នកណា។
គេទើបនឹងដឹងនាពេលថ្មីៗនេះថា អ្នកស្នើសុំនោះ គឺអភិបាលខេត្តកណ្តាល ក្រោយពីលិខិតស្នើសុំ បានបែកធ្លាយ។ ក្នុងលិខិតស្នើសុំ ដែលចុះហត្ថលេខាតាំងពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២0១៨ ដោយអភិបាលខេត្តកណ្តាល គេ ពិតជាឃើញចំណារបស់នាយករដ្ឋមន្ត្រីមែន ដែលចារថា «ប្រញាប់ងាប់ទៅណា បើខេត្តមិនទាន់បំបែកផង?»។ នៅមានឃ្លាមួយទៀត ដែលនាយករដ្ឋមន្ត្រី បានចារលើលិខិតស្នើសុំនោះ គឺ «បើបំបែកមែន ក៏មិនឲ្យដែរ ព្រោះអស់លោក លោភលន់ពេក»។
ក្រោយមន្ត្រីថ្នាក់ក្រោមជាតិទាំងពីររូបខាងលើ ធ្វើទង្វើបែបនេះហើយ សារព័ត៌មាន បានចុះផ្សាយជាហូរហែ។ ជាពិសេស អ្នកប្រើប្រាស់បណ្តាញសង្គម បានបង្ហោះនិងចែករំលែកតៗគ្នា ពីរឿងរ៉ាវរបស់ពួកលោកទាំងពីរ ដោយភ្ជាប់ជាមួយសារបែបសើចចំអក៕
© រក្សាសិទ្ធិដោយ thmeythmey.com