ជាតិ
សម្តេច ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២ នៅ​ប៊ែ​ល​ហ្ស៊ិ​កនា​សប្តាហ៍​ក្រោយ​
14, Oct 2018 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេច ហ៊ុន សែន នឹង​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM)​លើក​ទី​១២ ដែល​រៀបចំ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ពីថ្ងៃ​ទី​១៨-១៩ ខែតុលា ។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ចេញផ្សាយ​នៅ​ថ្ងៃទី​១៤ ខែតុលា​នេះ បាន​ឲ្យ​ដឹង​ដូច្នេះ​។


 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​(ASEM) លើក​ទី​១២ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​«​អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​» ក្នុង​បំណង​ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​អាស៊ី និង​អឺរ៉ុប ខណៈពេលដែល​តំបន់​ទាំងពីរ​ជំរុញ​កសាង​កម្លាំង​រួមគ្នា ដោះស្រាយ​បញ្ហា​ជាច្រើន ចាប់ពី​ការបង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បម្រែបម្រួល​អាកាសធាតុ​ជាដើម​។  
 
​សេចក្តីប្រកាស​ព័ត៌មាន បា​ន្យ​ដឹង​ទៀតថា សម្តេច​ហ៊ុន សែន នឹង​ថ្លែង​បទ​អន្តរាគមន៍​ដោយ​ផ្តោតលើ​ប្រធានបទ​«​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​» នៅក្នុង​សម័យប្រជុំ​ពេញអង្គ​ផងដែរ​។ 
 
​ក្នុងពេល​ស្នាក់នៅ​ប្រទេស​បែលហ្ស៊ិក សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា  នឹងមាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា ជាមួយ​សម​ភាគី​លោក Dmitry Medvedev នាយករដ្ឋមន្ត្រី​រុស្ស៊ី​,​លោក Viktor Orbán នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ហុង​ហ្គ្រី​, លោកស្រី Erna Solberg នាយករដ្ឋមន្ត្រី​ន័​រវេ​ស​, លោក Andrej BabiŠ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឆែក និង​ថ្នាក់ដឹកនាំ​គណៈប្រតិភូ​ដទៃទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដោយបាន​បន្តទៀតថា សម្តេច ហ៊ុន សែន ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​ខ្មែរ និង​សិស្ស និស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​បែលហ្ស៊ិក​ផងដែរ​៕
​ 

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com