ជាតិ
កម្ពុជា រៀបចំ​ខួប​៦​ឆ្នាំ​នៃ​ការ​សោយ​ទិ​វ​ង្គ​តរបស់​ព្រះ​បរម​រតន​កោដ្ឋ​
14, Oct 2018 , 4:08 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី ១៥ តុលា​នេះ កម្ពុជា​នឹង​ប្រារព្ធ​ខួប​៦​ឆ្នាំ នៃ​ការយាង​សោយ​ទិ​វ​ង្គ​ត់របស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះ​នរោត្តម ស៊ី​ហ​នុ ព្រះ​បរម​រតន​កោដ្ឋ​។ ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង​៧​កន្លះ​ព្រឹក​តទៅ នា​សួនច្បារ​ខាងកើត​វិមានឯករាជ្យ​។


 
​នៅក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​៦​ឆ្នាំនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ បានដាក់​ចេញ​នូវ​ផែនការ​ណែនាំ​មួយចំនួន​ទាក់ទង​នឹង​ការរៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​«​ព្រះ​បរម​រតន​កោដ្ឋ​»​។ 
 
​បើតាម​ផែនការ​ណែនាំ ក្រសួងព្រះបរមរាជវាំង ត្រូវ​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា «​ព្រះ​បរម​រតន​កោដ្ឋ​» តាម​ប្រពៃណីជាតិ​សាសនា​។ ចំណែក​នៅតាម​វត្ត​អារាម​នានា ត្រូវ​រៀបចំ​ពិធី​គោរព និង​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ «​ព្រះ​បរម​រតន​កោដ្ឋ​» និង​ដាក់តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍​ព្រះករុណា​ផងដែរ​។ 
 
​ជាមួយគ្នានេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ បាន​ណែនាំ​ដល់​គ្រប់​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​-​ខេត្ត ត្រូវដាក់​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍ ព្រះករុណា​«​ព្រះ​បរម​រតន​កោដ្ឋ​»​ដោយ​ប្រើ​ព្រះ​បរម​ឆាយាល័ក្ខណ៍​ថ្មី​មិន​ស្លក់​ពណ៌ បំភ្លឺ​ភ្លើងពណ៌ និង​តុបតែង​លម្អ​ទង់ជាតិ​ឲ្យ​បាន​សមរម្យ​។ 
 
​ដោយឡែក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ បាន​ណែនាំ​ដល់​ក្រសួង​ព័ត៌មាន ថា​ត្រូវមាន​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​តាម​វិទ្យុ ទូរទស្សន៍​ជាតិ ឯកជន​អំពី​ព្រះរាជ​ជីវប្រវត្តិ ព្រះរាជ​សកម្មភាព និង​ស្នា​ព្រះហស្ត​របស់​ព្រះករុណា «​ព្រះ​បរម​រតន​កោដ្ឋ​»​។  
 
​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ ក៏បាន​ប្រាប់​ដល់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ណែនាំ​គ្រប់​ស្ថាន អគ្គរាជទូត និង​ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅក្រៅ​ប្រទេស​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា «​ព្រះ​បរម​រតន​កោដ្ឋ​» ឲ្យ​បាន​សមរម្យ​ដែរ​។ 
 
​សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា ដោយ​ទទួល​ព្រះ​បរម​ប​ច្ឆា​មរណនាម «​ព្រះ​បរម​រតន​កោដ្ឋ​»៕
 

Tag:
 ព្រះ​បរម​រតន​កោដ្ឋ​
 ​ខួប​៦​ឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com