សៀមរាប៖ ក្នុងបំណងដើម្បីកាត់បន្ថយការប្រើប្រាស់ថង់បា្លស្ទីកនៅកម្ពុជា យុវជនមួយរូបបានច្នៃសំបកដបធ្វើជាវត្ថុសិល្បៈផ្សេងៗ។ ភើ សុផុន ជាវិចិត្រករគូរគំនូរមួយរូប ហើយបានប្រើពេល៥ឆ្នាំមកហើយ ដើម្បីដំឡើងវត្ថុសិល្បៈដែលច្នៃពីសំបកដបបា្លស្ទីកដែលត្រូវបានប្រជាពលរដ្ឋខ្មែរមិនឱ្យតម្លៃ។
សុផុន បង្កើតវត្ថុសិល្បៈទាំងនេះឡើងដើម្បីប្រាប់ដល់មហាជនថា សំបកដបដែលគេបោះចោលនោះ ក៏អាចច្នៃជាវត្ថុប្រើប្រាស់ផ្សេងៗបានផងដែរ ក្នុងនោះសារសំខាន់របស់យុវជនរូបនេះ គឺចង់ឱ្យមានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ដែលជះឥទ្ធិពលមិនល្អដល់ស្រទាប់បរិយាកាសក្នុងភពផែនដី និងដែលសាកលលោកកំពុងព្រួយបារម្ភ។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ដូចតទៅ៖
ប្លាស្ទីក កំពុងក្លាយជាកង្វល់មួយសម្រាប់ពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏បានធ្វើយុទ្ធនាការខ្លាំងក្លាដែរ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកនេះ។ ដើម្បីរួមចំណែកជួយសង្គមតាមរយៈការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក វិចិត្រករមួយរូបបានច្នៃដបប្លាស្ទីកបង្កើតជាវត្ថុសិល្បៈផ្សេងៗដែលអាចប្រើសម្រាប់ជាអត្ថប្រយោជន៍បាន។
យុវជន ភើ សុផុន បានចាប់ផ្តើមមានគំនិតច្នៃសំបកដបប្លាស្ទីកកាលពី៥ឆ្នាំមុន ពេលដែលគេមើលឃើញពីសារប្រយោជន៍សំបកដបទាំងនោះ ដែលត្រូវពលរដ្ឋឯទៀតមិនឱ្យតម្លៃ។ គេបានប្រមូលសំបកដបទឹកសុទ្ធដោយខ្លួនឯង និងមួយចំនួនទិញពីស្ដង់អេតចាយក្នុងខេត្តសៀមរាបផង។
រូបសិល្បៈរបស់ ភើ សុផុន ត្រូវបានយកទៅតាំងបង្ហាញនៅសណ្ឋាគារមួយនៅទីក្រុងសៀមរាប។ សណ្ឋាគារ ម៉េម័រ បានចូលរួមជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ហើយគាំទ្រស្នាដៃសិល្បករណាដែលមានគំនិតដូចគ្នានេះ។ សុផុន បានឱ្យដឹងថា រូបភាពដែលតាំងបង្ហាញឱ្យភ្ញៀវមើលនៅចុងខែកញ្ញា គឺជារូបតួអក្សរដែលផ្គុំចេញជាអក្សរ «ភ្នំពេញ» ដែលគេប្រើប្រាស់សំបកដបប្រហែល ៤ទៅ៥ពាន់។ ក្រៅពីនេះ ក៏មានរូបចេតិយ និងមកុដដែលគេច្នៃបានយ៉ាងស្រស់ស្អាតផងដែរ។
ទម្រាំអាចផលិតវត្ថុសិល្បៈដែលច្នៃចេញពីសំបកដបបាន សុផុន ត្រូវប្រើពេលចាប់ពីមួយអាទិត្យទៅច្រើនខែ តាមទំហំរូបតូច ឬធំ។ សម្រាប់រូបតូច សុផុន ត្រូវអង្គុយធ្វើដល់មួយអាទិត្យ ឯរូបធំដូចជារូបចេតិយជាដើម ត្រូវចំណាយពេលចាប់ពី២ ទៅ៣ខែឯណោះ។ សុផុន ចង់ឱ្យពលរដ្ឋខ្មែរមានគំនិតកែច្នៃ មិនត្រូវមើលរំលងសម្ភារទាំងនោះឡើយ។
តំណាងសណ្ឋាគារម៉េម័រ ផាឡេស ដែលគាំទ្រស្នាដៃ និងបានសម្រួលដល់ទីតាំងសម្រាប់ការតាំងបង្ហាញវត្ថុសិល្បៈរបស់លោក សុផុន បានលើកឡើងថា ការច្នៃប្រឌិតរបស់វិចិត្រកររូបនេះ គឺស្របតាមគោលដៅតែមួយរបស់សណ្ឋាគារ ដែលចង់ឱ្យមានការកាត់បន្ថយថង់ប្លាស្ទីកក្នុងសណ្ឋាគារ។ ជាមួយនឹងគោលដៅនេះ ម៉េម័រ បានសម្រេចច្នៃគល់ស្លឹកគ្រៃសម្រាប់ធ្វើបំពង់បឺត ដើម្បីបម្រើសេវាកម្មដល់ភ្ញៀវផងដែរ។ នេះបើតាមការលើកឡើង របស់លោក ងួន ឆៃ។
សណ្ឋាគារម៉េម័រ ផាឡេស បានចាប់ផ្តើមធ្វើយុទ្ធការមិនឱ្យមានការប្រើប្រាស់ប្លាស្ទិកក្នុងសណ្ឋាគារ ចាប់ពីដើមឆ្នាំ២០១៨ គឺចាប់ពីសណ្ឋាគារបើកដំណើរការមក។ ក្រៅពីមិនប្រើបំពង់បឺតជ័រ ម៉េម័រក៏មិនប្រើប្រាស់ដបទឹកផងដែរ។ សណ្ឋាគារនេះ មានឧបករណ៍បន្សុទ្ធទឹកស្អាតប្រើប្រាស់ដោយខ្លួនឯង ដើម្បីចៀសវាងការប្រើប្រាស់សំបកដបប្លាស្ទិកផងដែរ។
អាចថា ម៉េម័រជាសណ្ឋាគារគំរូមួយ ដែលដាក់គោលដៅកាត់បន្ថយការប្រើប្រាស់បា្លស្ទិក ដូច្នេះហើយទើបគំនិតនេះត្រូវបានអតិថិជនជាភ្ញៀវ សម្ដែងការគាំទ្រជាខ្លាំង និងខ្លះទៀតមានការភ្ញាក់ផ្អើល ក៏ដូចជាចង់រៀនសូត្រតាមផងដែរ។ អ្នកគ្រប់គ្រងសណ្ឋាគារនេះ ក៏ចង់ឱ្យសណ្ឋាគារដទៃទៀត ចាប់ផ្តើមរៀបចំគោលដៅនេះ បំណងជួយឱ្យបរិស្ថានល្អទាំងអស់គ្នា នាពេលអនាគត៕