ជប៉ុននឹងដំឡើងពន្ធលើការលក់ដូរនៅថ្ងៃចន្ទទី ១៥ ខែតុលានេះឲ្យដល់១០ភាគរយ។ បទបញ្ជាដំឡើងពន្ធនេះនឹងចាប់ផ្តើមចូលជាធរមានពីខែតុលាឆ្នាំ ២០១៩ ខាងមុខ ហើយការសម្រេចបង្កើនពន្ធនេះគឺ ដើម្បីដោះស្រាយបញ្ហាបំណុលរដ្ឋដែលកើនឡើងខ្ពស់គួរឲ្យបារម្ភ។ ក្រៅពីបំណុល ជប៉ុនត្រូវដោះស្រាយបញ្ហាច្រើនជំពូកក្នុងនោះមានការថយចុះនៃចំនួនប្រជាជន និងការរួមតូចនៃសេដ្ឋកិច្ចជាតិផង។
បន្ទាប់ពីមានការពន្យារពេលដំឡើងកម្រិតពន្ធលើការលក់ដូរជាច្រើនដងមកនោះ គេរំពឹងថា នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ នឹងប្រកាសដំឡើងកម្រិតពន្ធជាផ្លូវការលើការលក់ដូរពី ៨ភាគរយដល់ ១០ភាគរយនៅថ្ងៃចន្ទ ទី ១៥ ខែតុលា នេះ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដោយផ្អែកលើកាសែតជប៉ុន Yomiuri Shimbun រដ្ឋាភិបាលលោក អាបេ ប្រកាសដំឡើងពន្ធលើការលក់ដូរនេះ នៅក្រោយពេលបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយផង ហើយគររំពឹងថាវានឹងមានការអនុម័តកញ្ចប់ថវិកាបន្ថែមសម្រាប់ឆ្នាំ ២០១៨ ផងដែរ។
១.ការដំឡើងពន្ធបន្ថែមនៅជារឿងចម្រូងចម្រាស
ដើមឡើយក្រុងតូក្យូមានផែនការដំឡើងពន្ធបន្ថែមនេះតាំងពីខែតុលាឆ្នាំ ២០១៥មកម្ល៉េះ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលវិញដោយសារមានការបារម្ភថា ចំណាត់ការនេះអាចនឹងធ្វើឲ្យសេដ្ឋកិច្ចជប៉ុនជួបវិបត្តិ ខណៈដែលសេដ្ឋកិច្ចនេះផុយស្រួយស្រាប់។
តាមពិតទៅជប៉ុនបានដំឡើងពន្ធលើការប្រើប្រាស់ជាច្រើនដងរួចមកហើយកន្លងមក។ ក្នុងខែមេសាឆ្នាំ ១៩៩៧ ជប៉ុនដំឡើងពន្ធពី ៣ភាគរយដល់ ៥ភាគរយ។ កម្រិតនេះត្រូវបានដំឡើងម្តងទៀតនៅក្នុងខែមេសាឆ្នាំ ២០១៤ មកដល់ ៨ភាគរយ។
ត្រឡប់មកវិញ ការសម្រេចដំឡើងពន្ធលើការលក់ដូរដល់ ១០ភាគរយនេះជាចំណាត់ការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាបំណុលសាធារណៈ។ ជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីបី ជប៉ុនត្រូវបានគេស្គាល់ថា ជាប្រទេសដែលជាប់បំណុលខ្ពស់បំណុលមួយ។ ប៉ុន្តែដោយសារបំណុលភាគច្រើនជាប្រភេទបំណុលក្នុងស្រុក វាមានអាត្រាការប្រាក់ទាប ដែលអនុញ្ញាតឲ្យជប៉ុនអាចបញ្ចៀសបញ្ហាវិបត្តិបំណុលដូចដែលប្រទេសក្រិកប្រឈមកន្លងមក។
ខាងក្រុមអ្នកតាមដានសេដ្ឋកិច្ចបានវាយតម្លៃថា ការបង្កើនពន្ធដល់ ១០ភាគរយនេះមានសារសំខាន់ដោយសារតែរដ្ឋាភិបាលជប៉ុនត្រូវការហិរញ្ញវត្ថុដើម្បីទ្រទ្រង់ការចំណាយលើសេវាសន្តិសុខសង្គម ជាពិសេសប្រព័ន្ធសុខាភិបាលសម្រាប់ប្រជាជនជប៉ុនដែលសម្បូរដោយមនុស្សចាស់ជរានោះ។
យ៉ាងណាក៏ ការប្រកាសបង្កើនពន្ធជារឿងរសើប និងចម្រូងចម្រាសខ្លាំងដែរ ដូចដែលបានរៀបរាប់ខាងដើមស្រាប់។ ប៉ុន្តែលើកនេះ នាយករដ្ឋមន្ត្រី អាបេ មានសុទិដ្ឋិនិយមថា វានឹងមានផលប៉ះពាល់ខ្លាំងលើការប្រើប្រាស់ទំនិញនិងសេវាដូចកាលឆ្នាំ ២០១៤ឡើយ ដោយសាររដ្ឋាភិបាលលោកដាក់ចេញកម្មវិធីឧបត្តម្ភធនថ្មីផង។ កាលឆ្នាំ ២០១៤ ពេលរដ្ឋាភិបាលដំឡើងពន្ធដល់ ៨ ភាគរយ ការចំណាយលើការប្រើប្រាស់ធ្លាក់ចុះយ៉ាងគំហុក ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជប៉ុនខ្លាំងគួរសមដែរ។
២.សេដ្ឋកិច្ចជប៉ុនកាន់តែដុនដាប ខណៈចំនួនប្រជាជនជប៉ុនថយចុះ
ដោយឡែក សេដ្ឋកិច្ចជប៉ុនកាន់តែប្រឈមវិបត្តិច្រើនឡើងដោយសារប្រជាជនជប៉ុនកាន់តែច្រើនឡើង មានវ័យចំណាស់ ហើយវាក៏មានការថមថយចំនួនប្រជាជនផងដែរ។ រាលការថមថយប្រជាជន និងកើនឡើងចំនួនចាស់ជរា វាមានន័យថា ការថមថយកម្លាំងពលកម្មដែលជាកម្លាំងចលករនៃការលូតលាស់នៃសេដ្ឋកិច្ចកើតមានដែរ។
បើតាមសារព័ត៌មាន Financial Times ចំនួនប្រជាជនជប៉ុនចាប់ផ្តើមថយចុះនៅក្នុងឆ្នាំ ២០១០ ដោយប្រជាជននេះថយចុះប្រហែល ១,៣លាននាក់។ របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថា នៅត្រឹមឆ្នាំ ២០៦៥ ចំនួនប្រជាជននេះនឹងត្រូវចុះដល់ ២៨ លាននាក់បន្ថែមទៀត ឬស្មើនឹង ២២ភាគរយ។
ចំណែកចំនួនចាស់ជរាវិញនោះកើនឡើងឆាប់រហ័សដែរ។ ចាប់ពីឆ្នាំ ២០០០ ចំនួនប្រជាជនជប៉ុនដែលស្ថិតក្នុងវ័យអាចធ្វើការងារបានថយចុះ ១៣ភាគរយ ហើយនៅត្រឹមឆ្នាំ ២០៤០ យ៉ាងហោចណាស់ប្រជាជនជប៉ុនម្នាក់ក្នុងចំណោមបីនាក់នឹងមានអាយុលើស ៦៥ឆ្នាំដែលវាមានន័យថា វាមានភាគរយខ្ពស់បំផុតបើប្រៀបធៀបជាមួយប្រទេសឯទៀតលើពិភពលោក។
អង្គការរូបិយវត្ថុអន្តរជាតិបានព្រមាននៅដើមខែកញ្ញានេះថា បញ្ហានោះដែលជប៉ុនត្រូវជួបប្រទះនោះគឺ ការរួមតូចនៃសេដ្ឋកិច្ច។ អង្គការនេះព្យាករថា ក្នុងរយៈពេលប្រហែល ៤០ឆ្នាំទៀតសេដ្ឋកិច្ចជប៉ុនថយចុះអស់ មួយភាគបួនដោយសារការរួមតូចនៃចំនួនប្រជាជននេះ។
យ៉ាងណាមិញ ការកើនឡើងនៃចំនួនប្រជាជនចាស់ជរា វាជាបន្ទុកធំមួយសម្រាប់រដ្ឋាភិបាលត្រូវ ដោះស្រាយ។ បញ្ហាធំនោះគឺ កែទម្រង់ប្រព័ន្ធសន្តិសុខសង្គម ផ្តោតសំខាន់លើប្រាក់សោធននិវត្តន៍ និងធានារ៉ាប់រងសុខភាពសម្រាប់។ ប៉ុន្តែរដ្ឋាភិបាលលោក អាបេ បានសន្យាសម្រេចវាឲ្យបាននៅពេលខាងមុខផងដែរ។
ជុំវិញវិបត្តិកង្វះខាតកម្លាំងពលកម្មដោយសារប្រជាជនថយចុះនិងកាន់តែចាស់ រដ្ឋាភិបាលលោក អាបេ ក៏ដាក់ចេញគោលនយោបាយថ្មីទាក់ទាញប្រជាជនដែលមានជំនាញៗពីបរទេសដើម្បីបំពេញតាមវិស័យដែលខ្វះខាត។ ជនបរទេសដែលមានសមត្ថភាព មានជំនាញបច្ចេកទេស និងភាសា នឹងអាចទទួលបានទិដ្ឋាការពិសេសរយៈពេលដល់ប្រាំឆ្នាំ និងបានទទួលសិទ្ធនាំយកគ្រួសារទៅរស់នៅជាមួយ និងអាចបានសញ្ជាតិជប៉ុនផងដែរ៕