គម្រោង​នាំ​អំបិល​ចូល​កម្ពុជា ចំនួន​៣​ម៉ឺន​តោន នឹង​ពន្យារ​ពេល​ទៅ​ខែវិច្ឆិកា​វិញ
ជាតិ
គម្រោង​នាំ​អំបិល​ចូល​កម្ពុជា ចំនួន​៣​ម៉ឺន​តោន នឹង​ពន្យារ​ពេល​ទៅ​ខែវិច្ឆិកា​វិញ
15, Oct 2018 , 2:27 pm        
រូបភាព
​ភ្នំពេញ​៖ អំបិល​ចំនួន​៣​ម៉ឺន​តោន ដែល​កម្ពុជា គ្រោង​នាំចូល​ពី​បរទេស ក្នុង​ខែតុលា​នេះ ត្រូវបាន​ពន្យា​ពេល​នាំចូល​នៅ​ខែវិច្ឆិកា ឆ្នាំ​២១០៨ វិញ​។ បើតាម​ការអះអាង​រប​ស់លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប មូលហេតុ​ដែល​ការ​នាំចូល​អំបិល​ត្រូវ​ពន្យា​ពេល ដោយសារ​ច្បាប់ និង​សំណើរ​ដែល​បានដាក់​ទៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម មិនទាន់​ទទួលបាន​នៅឡើយ​។

 
​លោក ប៊ុន បារាំង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សមាគមន៍​ផលិត​អំបិល បានដាក់​សំណើរ​សុំ​គោលការណ៍​នាំចូល​អំបិល​ពី​បរទេស​ទៅ​រដ្ឋាភិបាល​រួចហើយ  នៅតែ​រង់ចាំ​សេចក្តីសម្រេច​ប៉ុណ្ណោះ​។ លោក​បាន​បន្តថា ហេតុផល​នៃ​ការពន្យា​ពេលនេះ ព្រោះ​សំណើ និង​ច្បាប់​នាំចូល​នេះ ទើបបាន​ឆ្លង​ទៅដល់​មន្ត្រី​ពាក់ព័ន្ធ​ទទួលបន្ទុក​។ ដូច្នេះ​ច្បាប់ និង​គោលការណ៍​នាំចូល​ទាំងនោះ អាចធ្វើ​រួចរាល់​នា​ចុងខែ​តុលា​។ 
 
​ជាការ​អះអាង​សាជាថ្មី  របស់​ប្រធាន​សហគមន៍​ផលិត​អំបិល​កំពត​-​កែប រូបនេះ បាន​បញ្ជាក់ថា​៖ «​អំបិល​ចំនួន​៣​ម៉ឺន ដែល នាំចូល​ពី​ចិន​២​ម៉ឺន និង​ពី​ថៃ​១​ម៉ឺន​តោន នឹង​មកដល់​កម្ពុជា នៅក្នុង​វិច្ឆិកា​ខាងមុខ​»​។​
 
​កាលពី​ឆ្នាំ​២០០៨ អំបិល​ដែល​កម្ពុជា​បាន​នាំចូល​ជា​លើក​ទី​១ ពី​ប្រទេស​ចិន មាន​ចំនួន​៦​ម៉ឺន​តោន ដើម្បី​តម្រូវ​បំពេញតម្រូវការ​ក្នុងស្រុក​។ ក្នុង​មួយឆ្នាំៗ កម្ពុ​ជាមាន​តម្រូវ​អំបិល​ប្រើប្រាស់​ប្រមាណ​១០​ម៉ឺន​តោន​។​នេះ​បើតាម​លោក ប៊ុន បារាំង​។​
 
​សូមបញ្ជាក់ មូលហេតុ​ដែល​សហគម​ន៍​ផលិត​អំបិល​កំពត​-​កែប សម្រេចការ​នាំចូល​អំបិល​នេះ ដោយសារតែ​អាកាសធាតុ​នៅ​កម្ពុជា​មានការ​ប្រែប្រួល​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ ក្នុងអំឡុងពេល​ប្រមូល​ផល​អំបិល​៕ 
 

Tag:
 ​អំបិល​
  ប៊ុន បារាំង​
 ​កំពត​
 ​កែប​
© រក្សាសិទ្ធិដោយ thmeythmey.com