អន្តរជាតិ
ទោះ​មាន​បញ្ហា​ច្រើន​មិនចេះចប់ លោក ត្រាំ ថា មាន​ក្ដី​សុខ​ក្នុង​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​
15, Oct 2018 , 8:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​កាន់តំណែង​ប្រធានាធិបតី​អាមេរិក​បាន​ជិត​ពីរ​ឆ្នាំ លោក ដូ​ណា​ល់ ត្រាំ បាន​ប្រឈមមុខ​សមរភូមិ​នយោបាយ​ជាច្រើន​ដូច​ជាការ​គោលនយោបាយ​អន្តោប្រវេសន៍ ការដំឡើង​ពន្ធ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​ការប្រឆាំង​បេក្ខភាព​ចៅក្រម​តុលាការ​កំពូល​របស់លោក​ជាដើម​។ ទោះ​ជាមាន​ព្យុះ​នយោបាយ​បោកបក់​ជា​បន្តបន្ទាប់​ក្ដី លោក ត្រាំ អះអាងថា លោក​មាន​ក្ដី​សុខ​ក្នុង​តំណែង​ជា​ប្រធានាធិបតី​របស់​អាមេរិក ខណៈ​លោក​បាន​រៀនសូត្រ​ច្រើន​ពី​ការងារ​ក្នុង​រយៈពេល​នេះ​ផង​។​

 
​មាន​ប្រវត្តិ​ជា​អ្នកជំនួញ​អចលនទ្រព្យ និង​គ្មាន​បទពិសោធ​ផ្នែក​នយោបាយ លោក ដូ​ណា​ល់ ត្រាំ បែរជា​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ទៅវិញ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CBS ដែល​ផ្សាយ​នៅ​ថ្ងៃទី​១៤ ខែតុលា លោក ត្រាំ ផ្ទាល់​ក៏​ចាត់ទុកជា​រឿង​ចម្លែក​បន្តិច​ដែល​ពេល​និយាយថា លោក​ជា​ប្រធានាធិបតី​អាមេរិក ហើយ​លោក​គិតថា មនុស្ស​រាល់គ្នា​ក៏មាន​គំនិត​បែបនេះ​ដែរ​។ 
 
​ជ័យជម្នះ​របស់លោក ត្រាំ លើ​អ្នកនយោបាយ​ជើង​ខ្លាំង ហ៊ី​ឡា​រី គ្លី​ន​តុ​ន ពិតជា​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ភ្ញាក់​មិនតិច​ឡើយ​។ ទោះ​មាន​បទពិសោធ​ច្រើន​ផ្នែក​ជំនួញ​មែន លោក ត្រាំ ទទួលស្គាល់ថា ចាត់ចែង​បរិយាកាស​នយោបាយ​នៅ​វ៉ាស៊ីនតោន​ពិតជា​ស្មុគស្មាញ​ជាង​ពិភព​ជំនួញ​ទៅទៀត​។ លោក​ប្រាប់​ទូរទស្សន៍ CBS ថា វ៉ាស៊ីនតោន​ជា​កន្លែង​កាច​សាហាវ ដែល​ពេញ​ដោយ​ការវាយប្រហារ​គ្នា ការចូល​ចិត្ត​និយាយ​អាក្រក់​ពីគ្នា និង​ការចាក់​ពីក្រោយ​ខ្នង ប៉ុន្តែ​លោក​មាន​ក្ដី​សុខ​នៅ​ទីនោះ​។​
 
​កាន់កាប់​សេត​វិមាន​បាន​ជិត​ពីរ​ឆ្នាំ​មកហើយ​នោះ លោក ត្រាំ ដែលជា​អ្នកជំនួញ​ប្រាក់​វាល់​លាន​ដុល្លារ បាន​រៀន​ច្រើន ដែល​ធ្វើ​ឲ្យ​លោក​មានដូចជា​ប្រធានាធិបតី​មែនទែន​ទៅហើយ​។ ជិត​ពីរ​ឆ្នាំនេះ ប្រធានាធិបតី​អាមេរិក​ទី​៤៥ រូបនេះ ជួប​បញ្ហា​ប្រទាំង​ប្រទើស​ជាច្រើន​មុខ​លើ​គោលនយោបាយ​រដ្ឋាភិបាល​របស់លោក​។ លោក ត្រាំ ត្រូវគេ​រិះគន់​កប់​មាត់​លើ​នយោបាយ​អន្តោប្រវេសន៍រ​បស់​ខ្លួន​ដូច​ជាការ​រឹតត្បិត​ការធ្វើដំណើរ​របស់​ជន​មូស្លីម ការ​បំបែក​ម្ដាយ​និង​កូន​ដែល​ឆ្លងដែន​ខុសច្បាប់​ជាដើម​។​
 
​ងាក​ទៅ​រឿង​ពាណិជ្ជកម្ម​វិញ លោក ត្រាំ បាន​ផ្លាស់​គោលនយោបាយ​អាមេរិក​ស្ទើរ​ទាំងស្រុង អនុវត្ត​នយោបាយ​គាំពារ​និយម និង​គិតតែ​ប្រយោជន៍​ខ្លាំងជាងគេ​បង្អស់​។ លោក​បាន​បង្កើត​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​អាក្រក់​ជាមួយ​ចិន ដែល​គេឯង​បារម្ភ​ពី​ហានិភ័យ​នៃ​ការ​រាលដាល​ជម្លោះ​នៅ​ទូទាំង​ពិភពលោក​។ មកទល់​សព្វថ្ងៃ មហាអំណាច​ពិភពលោក​ទាំងពីរ បាន​ដំឡើង​ពន្ធ​លើ​ផលិតផល​គ្នា​ទៅវិញទៅមក​ក្នុង​ទំហំ​ប្រាក់​រាប់ពាន់​ដុល្លារ​។​
 
​សំណុំរឿង​អាស្រូវ​ផ្លូវភេទ​របស់លោក Brett Kavanaugh ជា​បញ្ហានយោបាយ​ចុងក្រោយ​របស់លោក ត្រាំ ទម្រាំ​អាច​ឆ្លង​ផុត​។ លោក ត្រាំ បានជ្រើសរើស​លោក Kavanaugh ឲ្យ​ធ្វើជា​ចៅក្រម​ថ្មី​នៅ​តុលាការ​កំពូល​អាមេរិក តែ​លោ​ករង​ការ​ចោទថា បំពាន​ផ្លូវ​ភេទស្ត្រី​ម្នាក់​កាលពី​អំឡុង​ទសវត្សរ៍​១៩៨០ ។ យ៉ាងណាក្ដី ព្រឹទ្ធសភា​អាមេរិក​ដែល​កាន់កាប់​សំឡេង​ភាគច្រើន បាន​យល់ព្រម​លើ​បេក្ខភាព​របស់លោក Kavanaugh ដដែល​៕
 

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com