អន្តរជាតិ
លោក មូន ចេអ៊ីន៖ ដល់ពេលអន្តរជាតិផ្ដល់សម្បទានដើម្បីលើកទឹកចិត្តកូរ៉េខាងជើងហើយ រូបភាព AFP
× ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និយាយថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មានភាពស្មោះត្រង់ និងមានឆន្ទៈពិតប្រាកដក្នុងការរំសាយនុយក្លេអ៊ែរ។ លោក មូន និយាយបែបនេះក្នុងការឆ្លើយតបទៅនឹងសំណួររបស់កាសែតបារាំង Le Figaro មុនដំណើរទស្សនកិច្ចនៅប៉ារីស។ យោងតាមហេតុផលនេះ ប្រធានាធិបតីកូរ៉េខាងត្បូងយល់ថា វាដល់ពេលហើយដែលអន្តរជាតិគួរផ្ដល់ការលើកទឹកចិត្តដល់កូរ៉េខាងជើង ដើម្បីឈានដល់ការរំសាយនុយក្លេអ៊ែរទាំងស្រុង។
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានចាប់ផ្ដើមដំណើរទស្សនកិច្ចមួយជុំនៅតំបន់អឺរ៉ុប ជាមួយគោលដៅសំខាន់ក្នុងស្វែងរកការគាំទ្រស្ថានភាពដែលកំពុងល្អប្រសើរនៅឧបទ្វីបកូរ៉េ និងដំណើរការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ បារាំងជាគោលដៅទស្សនកិច្ចដំបូងរបស់លោក មូន ហើយមុនទស្សនកិច្ចនេះ លោកបានប្រាប់កាសែតបារាំង Le Figaro ថា សហគមន៍អន្តរជាតិគួរធ្វើសម្បទានឲ្យកូរ៉េខាងជើង ជាការតបស្នងនូវអ្វីដែលរដ្ឋមួយនេះបានធ្វើកន្លងមក។
ក្នុងសំណេរឆ្លើយតបទៅកាន់កាសែតមួយនេះ លោក មូន ដែលជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ជាច្រើនម៉ោងក្នុងជំនួបបីដងមកនេះ ហាក់ជឿទុកចិត្តខ្លាំងការប្ដេជ្ញាចិត្តរបស់របបក្រុងព្យុងយ៉ាងលើការរំសាយនុយក្លេអ៊ែរ។ ជាមួយការចាត់ទុកការសម្រេចចិត្តរបស់លោក គីម ជារឿងយុទ្ធសាស្ត្រនោះ លោកក៏និយាយដែរថា ប្រមុខដឹកនាំកូរ៉េខាងជើងខកចិត្តយ៉ាងខ្លាំងចំះពោះអន្តរជាតិដែលមិនជឿខ្លួន។
«ពិភពលោកចាំបាច់ត្រូវបង្ហាញកូរ៉េខាងជើងថា ខ្លួនពិតជាបានសម្រេចចិត្តត្រឹមត្រូវមែន និងត្រូវដឹកដៃកូរ៉េខាងជើងទៅកាន់សន្តិភាពយូរអង្វែង។» នេះជាការលើកឡើងរបស់លោក មូន ក្នុងកិច្ចសម្ភាសជាមួយ Le Figaro មុននឹងបន្តថា សហគមន៍អន្តរជាតិគួរចាប់ផ្ដើមពិចារណា ឬអាចដកទណ្ឌកម្មខ្លះលើកូរ៉េខាងជើង។ យ៉ាងណាក្ដី លោក មូន ក៏ប្រាប់ឲ្យកូរ៉េខាងជើងចាត់វិធានការជាក់ស្ដែងថែមទៀតដើម្បីទទួលបានការអនុគ្រោះ។
ក្រុងវ៉ាស៊ីនតោនឯណោះវិញ ចង់ឲ្យក្រុងព្យុងយ៉ាងធ្វើសកម្មភាពរឹងមាំបន្ថែមទៀតមុននឹងខ្លួនអាចធ្វើតាមការទាមទារ ឬក៏ផ្ដល់ការលើកទឹកចិត្តណាមួយ រាប់ទាំងការប្រកាសបញ្ចប់សង្គ្រាមកូរ៉េផ្លូវការ និងការព្យួរទណ្ឌកម្មផងដែរ។ ប៉ុន្តែកូរ៉េខាងជើងចង់បានរង្វាន់ឲ្យហើយនៅពេលនេះ មុននឹងខ្លួនបន្តអនុវត្តជំហានបន្តបន្ទាប់ទៀត។ សម្រាប់លោក មូន ការប្រកាសបញ្ចប់សង្គ្រាមកូរ៉េ គឺជាចាប់ផ្ដើមសន្តិភាព និងការធានាសន្តិសុខឲ្យរបបដឹកនាំកូរ៉េខាងជើងផង។
លើសពីនោះ ប្រធានាធិបតីកូរ៉េខាងត្បូងក៏ប្រកាសដែរថា ប្រទេសរបស់លោកនឹងចាត់វិធានការអ្វីដើម្បីជួយកូរ៉េខាងជើងដោយបំពានដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខឡើយ។ នៅសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានប្រាប់ក្រុមសវករថា ក្រុងសេអ៊ូលអាចគិតគូរទណ្ឌកម្មឯកតោភាគីរបស់ខ្លួនប្រឆាំងព្យុងយ៉ាង។ ប៉ុន្តែគំនិតនេះត្រូវអាមេរិកជំទាស់ ដោយលើកឡើងថា សេអ៊ូលមិនអាចធ្វើអ្វីដោយគ្មានការយល់ព្រមរបស់វ៉ាស៊ីនតោនឡើយ៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com