ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
លោក អ៊ឹម សុ​ភ័​ក្រ លក់​ផ្លែ​ដូង​ថែម​បេះដូង​!
15, Oct 2018 , 4:24 pm        
រូបភាព
ដោយ:
​កំពង់ចាម​៖ លោក អ៊ឹម សុ​ភ័​ក្រ ទាញយក​អតិ​ថិ​ជន​បាន​ច្រើនជាង​អាជីវករ​ផ្សេងទៀត ដែល​ប្រកប​របរ​លក់​ដូង​ដូចគ្នា នៅ​ជួរ​មាត់ទន្លេ​ក្រុង​កំពង់ចាម​។ ដូងខ្ចី​១​ផ្លែ​លក់​ក្នុងតម្លៃ​ដូចគ្នា តែ​លោក សុ​ភ័​ក្រ ថែម​ជូន​រូប​បេះដូង​, តួអក្សរ​, ផ្កា​, ឆ្មា ឬ​រូបភាព​ផ្សេងៗ​ទៀត នៅលើ​ផ្លែ​ដូង​នោះ​ដល់​អតិ​ថិ​ជន​។ អាជីវករ​ដែល​លក់​ផ្លែ​ដូងខ្ចី​ដោយ​រចនា​ជា​រូបភាព​ផ្សេងៗ និង​ផ្លែ​ដូងខ្ចី​ធម្មតា រូបនេះ អាច​លក់បាន​ជាង​១០០​ផ្លែ​ក្នុង​មួយថ្ងៃ​។​



«​នៅ​តំបន់​នេះ​មាន​អ្នកលក់​ដូងខ្ចី​ក្នុងតម្លៃ​ដូចគ្នា​ច្រើន ពេលដែល​ខ្ញុំ​មានគំនិត​ឆ្នៃប្រឌិត​បែបនេះ ខ្ញុំ​អាច​ទទួលបាន​អតិថិជន​ច្រើនជាង​ដៃគូរ​ប្រកួតប្រជែង​របស់ខ្ញុំ​»​។ លោក អ៊ឹម សុ​ភ័​ក្រ រៀបរាប់​ប្រាប់ ThmeyThmey 25 យ៉ាង​ដូច្នេះ​។ រយៈពេល​៥​ឆ្នាំ​ហើយ​ដែល​អាជីវក​រវ័យ​៤៨​ឆ្នាំ​រូបនេះ បាន​ឆ្លាក់​ផ្លែ​ដូងខ្ចី​ជា​តួអក្សរ​, រូប​បេះដូង​, ផ្កា​, ឆ្មា និង​រូប​ផ្សេងៗ​ទៀត សម្រាប់​លក់​ឱ្យ​អតិថិជន​ដែល​ធ្វើដំណើរ​តាមផ្លូវ និង​អ្នក​មក​លំហែកាយ​នៅ​មាត់ទន្លេ​ទល់មុខ​វត្ត​ដីដុះ ក្បែរ​ផ្សារ​៧​មករា នា​ក្រុង​កំពង់ចាម​។​
 

​លោក សុ​ភ័​ក្រ បាន​អះអាង​បន្ថែមថា នៅក្នុង​ថ្ងៃ​ធម្មតា លោក​អាច​លក់​ដូង​ដែល​ឆ្លាក់ និង​ផ្លែ​ដូង​ធម្មតា​បាន​ជាង​១០០​ផ្លែ​ក្នុង​មួយថ្ងៃ ក្នុងនោះ​ផ្លែ​ដូង​ដែល​ឆ្លាក់​លក់ដាច់​ច្រើនជាង​៥០​ផ្លែ​។ ប្រសិនជា នៅ​ថ្ងៃ​ពិសេស ដូចជា បុណ្យចូលឆ្នាំ​ខ្មែរ និង​ការប្រគំ​តន្ត្រី​ផ្សេងៗ អាច​លក់បាន​ចន្លោះ​ពី​៣០០​ទៅ​៤០០​ផ្លែ​ក្នុង​មួយថ្ងៃ​។​



​អាជីវករ​ដដែល បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ប្រភេទ​ផ្លែ​ដូង​ដែល​អាច​ជ្រើសរើស​យកមក​ឆ្លាក់​ចេញ​ជា​រូប​ផ្សេងៗ​បាន ត្រូវតែ​ជា​ដូងខ្ចី ព្រោះ​វា​ងាយស្រួល​ក្នុងការ​ឆ្លាក់​ចេញ​ជា​តួរ​អក្សរ ឬ​រូបភាព​ផ្សេងៗ​បាន​យ៉ាង​ស្រស់ស្អាត​។ ហើយ​ប្រសិនជា ផ្លែ​ដូង​ចាស់​សំបក​រឹង គឺ​ត្រូវ​ឆ្វៀល​សំបក​ចេញ បន្ទាប់មក​ទើប​ឆ្លាក់​នៅលើ​សាច់ដូង​នោះ​តែម្តង​។​



​សព្វថ្ងៃ អាជីវករ អ៊ឹម សុ​ភ័​ក្រ មាន​លក់​ដូង​៤​ប្រភេទ គឺ​ដូង​ត្រជាក់​ធម្មតា និង​ដូង​ដែល​ឆ្លាក់​ជា​រូប​ផ្សេងៗ ១​ផ្លែ​មានតម្លៃ​២,៥០០​រៀល​, ដូងក្រអូប​តម្លៃ​៣,៥០០​រៀល​, ដូង​ដែល​ឆ្វៀល​សំបក​ចេញ​តម្លៃ ៣,៥០០​រៀល និង​ចាហួយ​ដូង​មានតម្លៃ ៦,០០០​រៀល​។ ជា​មធ្យម​បុរស​ពោះម៉ាយ​ដែល​រស់នៅ​ជាមួយ​កូនៗ​នៅ​ក្រុង​កំពង់ចាម​រូបនេះ ចំណេញ​ប្រា​ក់បាន ៦​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ពី​របរ​លក់​ផ្លែ​ដូងខ្ចី នៅក្រោមដើមពោធិ៍​ជាប់មាត់ទន្លេ​ទល់មុខ​វត្ត​ដីដុះ ក្បែរ​ផ្សារ​៧​មករា នា​ក្រុង​កំពង់ចាម​។​


 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv





Tag:
 របរ​លក់​ដូង​
  កំពង់ចាម​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com