អន្តរជាតិ
ចិន​ថា ខ្លួន​គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅពី​ប្រឆាំង​តប​អាមេរិក​វិញ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ឡើយ​
15, Oct 2018 , 10:59 pm        
រូបភាព
អគ្គរដ្ឋទូតចិនប្រចាំអាមេរិក Cui Tiankai (រូបភាព AFP)
អគ្គរដ្ឋទូតចិនប្រចាំអាមេរិក Cui Tiankai (រូបភាព AFP)
ដោយ:
​អគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ថ្លែងថា ក្រុង​ប៉េកាំង​គ្មាន​ជម្រើស​អ្វី​ផ្សេង​នោះទេ ក្រៅពី​ការប្រឆាំង​តប​នឹង​សង្គ្រាម​ពាណិជ្ជកម្ម ដែល​ក្រុង​វ៉ាស៊ីនតោន​បានចាប់ផ្តើម​។ ការលើកឡើង​របស់​ប្រមុខ​ការទូត​ចិន​រូបនេះ​បានធ្វើ​ឡើង អំឡុងពេល​តានតឹង​កាន់តែ​កាន់​ឡើង​ខ្លាំង​ទៅៗ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​រវាង​មហាអំណាច​ពិភពលោក​ទាំងពីរ​នេះ​។

 
«​យើង​មិន​ចង់បាន​សង្គ្រាម​ពាណិជ្ជកម្ម​នោះទេ ប៉ុន្តែ​ប្រសិនបើ​អ្នកណា​បានចាប់ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំងនឹង​យើង​នោះ យើង​ត្រូវតែ​ប្រឆាំង​តប​វិញ និង​ការពារ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​យើង​ជាដាច់ខាត​»​។ នេះ​ជាការ​អះអាង​របស់លោក Cui Tiankai  នៅក្នុង​បទ​សម្ភាស​ដ៏​កម្រ​មួយ​លើ​កញ្ចក់​ទូរទស្សន៍ Fox News កាលពី​ថ្ងៃទី ១៤ ខែតុលា​។ 
 
​ឆ្លើយតប​នឹង​សំណួរ​ថា​តើ​លោក​ប្រាកដ​ទេ​អ្នកណា​ជា​អ្នកបង្កើត​ការសម្រេចចិត្ត​ចំពោះ​បញ្ហា​ពាណិជ្ជកម្ម​ក្នុង​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ លោក Cui បាន​និយាយថា​៖ «​បើ​ពិ​តទៅ​ខ្ញុំ​ក៏​ធ្លាប់បាន​និយាយ​ទៅកាន់​បណ្តា​ទូត​នៃ​ប្រទេស​ដ៏ទៃទៀត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ផងដែរ ហើយ​ពួកគេ​បាន​អះអាងថា សំណួរ​នេះ​ក៏​ជា​កង្វល់​របស់​ពួកគេ​ផងដែរ​»​។ 
 
​លោក​បន្ត​៖ «​ពួកគេ​មិនដឹង​ទេ​ថា​អ្នកណា​ដែលជា​អ្នកសម្រេចចិត្ត​ចុងក្រោយបង្អស់​នោះទេ​។ ជាក់ស្តែង​ប្រធានាធិបតី​ទំនងជា​អ្នកសម្រេចចិត្ត​ចុងក្រោយ ប៉ុន្តែ​អ្នកណា​ជា​អ្នក​កាន់​តួនាទី​អ្វី​នោះ​? ពេលខ្លះ​វា​អាច​នឹង​បង្កើត​ការភាន់ច្រឡំ​»​។​
 
​ទន្ទឹមនឹងនេះ លោក  Cui  ក៏បាន​យក​ពេលវេលា​នេះ ច្រានចោល​ការលើកឡើង​របស់​អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃ ផេ​ន ដែល​បាន​ចោទថា ចិន​បាន​ព្យាយាម​ជ្រែ​ត​ជ្រៀក​កិច្ចការ​ផ្ទៃក្នុង​អាមេរិក​។ ត្រង់នេះ លោក  Cui  បាន​អះអាងថា ការចោទប្រកាន់​របស់​លោក  Pence គឺ «​គ្មាន​មូលដ្ឋាន​» ច្បាស់លាស់​នោះឡើយ​។ 
 
​គួររម្លឹកថា លោក Pence កាលពី​ថ្ងៃទី​០៤ ខែតុលា​កន្លងទៅ បាន​ចោទប្រកាន់ថា ក្រុង​ប៉េកាំង​បាន​បង្កើត​មធ្យោបាយ​ដើម្បី​មាន​ឥទ្ធិពល​លើ​មតិសាធារណៈ​របស់​ប្រជាជន​អាមេរិក​។ មធ្យោបាយ​ទាំងនោះ​គឺ​រួមមាន អំពើ​ចារកម្ម​, ដំឡើង​ពន្ធ​, វិធានការ​គំរាមកំហែង និង​យុទ្ធនាការ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាដើម​៕ 
 

Tag:
 ​ចិន​
  សហរដ្ឋអាមេរិក​
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com