ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
អស់​រយៈពេល ៣០​ឆ្នាំ​ហើយ​ដែល​គោព្រៃ​កម្ពុជា​ពុំ​ឃើញ​វត្តមាន
16, Oct 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
«​គោព្រៃ​» ត្រូវ​បានកំណត់​ជា​សត្វ​និមិត្តរូប​នៃ​ប្រទេស​កម្ពុជា (​មរតក​ធម្មជាតិ​) តំណាងឱ្យពួកថនិកសត្វ។ អស់​រយៈពេល ៣០​ឆ្នាំ​មកនេះ គេ​ពុំដែល​ប្រទះ ឬក៏​ឃើញ​វត្តមាន​របស់​វា​ទេ ប៉ុន្តែ​គេ​នៅតែមាន​សង្ឃឹម​តិចតួច​ដែរ​ថា វា​អាច​នៅមានជីវិត​រស់នៅក្នុង​ប្រទេស​កម្ពុជា​​។ គោព្រៃ ​ស្ថិតនៅក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ និង​ជា​ប្រភេទ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ហើយ​វា​កំពុង​រង់គ្រោះថ្នាក់​ឈានទៅរក​ការវិនាស​ផុត​ពូជ​បំផុត នៅលើ​ពិភពលោក​។ នេះ​បើ​យោងតាម​សៀង​ភៅ​ថនិកសត្វ​កម្ពុជា ដែល​រៀបរៀង​ដោយ ម៉ែន សូ​រិ​យន់​, សួន ផល្លា​, ស៊ិន ប៉ូ​លីន និង Joe Walston​។​


 
«គោព្រៃ​» ជា​ប្រភេទ​គោ​សាទិស​មាន​រូបរាង​ស្រដៀង​ទៅនឹង​ស​ន្សោ​ង ប៉ុន្តែ ​ទោះជា​យ៉ាងណាក៏ដោយ គេ​អាច សម្គាល់​វា​បាន​ច្បាស់​តាម​លក្ខណៈ ដូចជា​មាន​បួរ​វែង​ធ្លាក់​ដល់​ជង្គង់ និង​ស្ទើរតែ​ដល់​ដី​នៅពេលដែល​វាចាស់​ទៅ​។ ចំពោះ​ស្នែង​គោព្រៃ​ឈ្មោល និង​ញី​មាន​លក្ខណៈ​ខុសគ្នា គឺ​ស្នែងគោ​ឈ្មោល​ធំ​ជាង ហើយ​វា​ដុះចេញមកក្រៅ​កោង​ទៅមុខ​រួច​ងើប​ឡើងលើ និង​មាន​បែក​ចុង​ស្នែង​នៅពេល​វា​មាន​អាយុប្រមាណ៣​ឆ្នាំ​។ រីឯ​ស្នែងគោ​ញី​វា​ដុះ​មក​មុខ​រាង​ងើប​បន្តិច រួច​រមូល​ឡើងលើ​។ 
 
​គោព្រៃ​អាច​សម្គាល់​បាន​ដោយ​ជើង​ក្រោម​ជង្គង់​ទាំង​បួន​មាន​ពណ៌​ស ឬ​ប្រផេះ និង​ខ្មៅ​ផ្ទៃ​ក្រោយ​នៃ​គូទ​ពុំ មាន​ដាង​ពណ៌​ស​ដូច​ទន្សោង​ឡើយ​។ សម្បុរ​គោព្រៃ​វា​អាច​ប្រែប្រួល នៅពេល​វ័យក្មេង​មាន​សម្បុរ​ត្នោត ដល់​ជំទង់​មាន​សម្បុរ​ប្រផេះ និង​ប្រផេះ​ចាស់​នៅពេលដែល​វាចា​ស់​។ គោព្រៃ​មាន​កម្ពស់​រហូតដល់ ១,៨២ ម៉ែត្រ​ចំពោះ​គោ​ឈ្មោល​។​
 
​គោព្រៃ​ចូលចិត្ត​រស់នៅ​តំបន់​ព្រៃរ​ល្បោះ វាលស្មៅ​មាន​គុម្ព​ព្រៃ និង​ជាពិសេស​នៅ​តំបន់​ដី​ច្រាប​។ វា​រស់នៅ ជា​ហ្វូង ជួនកាល​គេ​ជួបប្រទះ​ឃើញ​វា​រស់នៅ​ជាមួយ​ជាមួយ​ហ្វូង​ស​ន្សោ​ង ខ្ទីង ឬ​ប្រើស​ជាដើម​។ គោព្រៃ ចេញទៅរក​ស៊ី​នៅពេល​ព្រឹក​ព្រលឹម និង​ព្រលប់​។ រដូវ​កាល​នៃ​ការបន្ត​ពូជ​នៅ​ខែមេសា ហើយ​កូន​កើត​នៅ ខែធ្នូ ឬ​ខែមករា​។ គោព្រៃ​ជាស​ត្វ​ដែល​ឆាប់​ផ្អើល​ជាង​សត្វ​ដទៃ​ផ្សេងទៀត​។ គោព្រៃ​ជា​ប្រភេទ​សត្វ​មានកម្លាំង​ខ្លាំងពូកែ​ធន់​នឹង​កម្ដៅថ្ងៃ ហើយ​អត់​អន់​នឹង​អហារ​ដែលមាន​គុណភាព​ទាប ព្រមទាំង​អត់ធន់​នឹង​ជំងឺ គោ​ឆ្កួត​ផងដែរ​។​
 
នៅក្នុង​សៀង​ភៅ​ថនិកសត្វ​កម្ពុជា​ដដែល​បាន​បញ្ជាក់ថា​៖ «​គៅ​ព្រៃ​ជា​ប្រភេទ​មួយ​កម្រ​បំផុត​។ ហើយ​វា​រស់នៅ ខេត្ត​មួយចំនួន​នៃ​ប្រទេស​កម្ពុជា មាន​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ហើយ​ក្នុងនោះ ដែរ​ភូមិភាគ ឦសាន​មាន​ខេត្តមណ្ឌលគិរី រតនគិរី និង​ស្ទឹងត្រែង​ជាដើម​។ ចំពោះ​គោព្រៃ​មានតែ​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com