កីឡាជាតិ
ជាតិ
បារាំង​ចាត់ទុក​កីឡាការិនី កែ ឡេង​, អ៊ុក​ស្រីមុំ និង​អ៊ុន ស្រី​យ៉ា ជា​រា​ជិនី​ប៉េតង់​កម្ពុជា
15, Oct 2018 , 6:25 pm        
រូបភាព
ឈ្នះ​ពាន​ទាំង​៣​លើ​វិញ្ញាសា​ផ្នែក​នារី​ពី​ព្រឹត្តិការណ៍ Trophée L’Équipe កីឡាការិនី​ប៉េតង់​កម្ពុជា កែ ឡេង​, អ៊ុក ស្រីមុំ និង ទទួលបាន​នូវ​ការ​កោតស្ញប់ស្ញែង​យ៉ាងខ្លាំង​នៅ​បារាំង ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ពួកគេ​តែងតែ​រារាំង​ដំណើរ​ទៅមុខ​របស់​ក្រុម​ម្ចាស់ផ្ទះ​តែម្តង​។​



Trophée L’Équipe ជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ដែល​រៀបចំ​ដោយ L’Équipe ទូរទស្សន៍ និង​សារព័ត៌មាន​កីឡា​ដ៏​ល្បី​របស់​បារាំង ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Quarterback ដែល​រៀបចំឡើង​ដំបូង​នៅ​ឆ្នាំ​២០១៧ ។ សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​ទី​ពីរ​នេះ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន​៨ ពី​៣​ទ្វីប​ដែល​ត្រូវ​ចូលរួម​ប្រកួតប្រជែង​៦​វិញ្ញាសា ចន្លោះ​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៤ ខែតុលា នៅ​ទីលាន Boulodrom de Tours ដេ​ប៉ា​តឺ​ម៉​ង់ Indre-et-Loire ប្រទេស​បារាំង​។

​ក្រុម​ដែល​ប្រកួតប្រជែង​រួមមាន តំណាង​ទ្វីបអឺរ៉ុប (​ម្ចាស់ផ្ទះ​បារាំង អ៊ីតាលី និង​ដា​ណឺ​ម៉ាក​) ទ្វីបអាស៊ី (​កម្ពុជា និង​ថៃ​) ទ្វីបអាហ្វ្រិក (​ម៉ា​ដា​ហ្គា​ស្កា និង​ទុយ​នី​ស៊ី​)​។ បារាំង​មាន​២​ក្រុម គឺ​ក្រុម​ជម្រើសជាតិ​បច្ចុប្បន្ន និង​ក្រុម Legend ដែល​សំដៅលើ​អតីត​កីឡាករ កីឡាការិនី ដែល​ធ្លាប់​ឈ្នះ​ពាន និង​មេដាយ​ជាច្រើន​ជូន​ជាតិ​។

​នា​ការ​បង្ហាញខ្លួន​លើកដំបូង  ក្រុម​កម្ពុជា បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្ពស់ តាមរយៈ​ការឈាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​រហូតដល់​ទៅ​៥​វិញ្ញាសា ក្នុងចំណោម​៦​វិញ្ញាសា ដែល​ក្នុងនោះ​ក្រុម​នារី ឈ្នះ​ពាន​ទាំងបី​វិញ្ញាសា រីឯ​ក្រុម​បុរស​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទាំង​ពីរលើក​។​

​ឈ្មោះ​របស់​កីឡាការិនី កែ ឡេង​, អ៊ុក ស្រីមុំ និង អ៊ុន ស្រី​យ៉ា ត្រូវបាន​អ្នក​និយម​កីឡា​ប៉េតង់ និង​សារព័ត៌មាន​មួយចំនួន​នៅ​បារាំង​ស្គាល់​យ៉ាងច្បាស់​។ កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​វិញ្ញាសា​វាយយក​ពិន្ទុ ៣​សម័យកាល (​ឆ្នាំ​២០១៣, ២០១៥ និង​២០១៧) បាន​ចាប់​ដៃគូ​ជាមួយ អ៊ុក ស្រីមុំ ជើងឯក​ពិភពលោក​ឆ្នាំ​២០១៧ ដើម្បី​ដណ្តើម​យកពាន វាយ​គូ​ផ្នែក​នារី​។

​រំលង​បាន​មួយថ្ងៃ កីឡាការិនី​វ័យក្មេង អ៊ុន ស្រី​យ៉ា ក្លាយជា​ម្ចាស់​ជើងឯក​វិញ្ញាសា​ឯកត្តជន​ផ្នែក​នារី មុន​ពេលដែល​កីឡាការិនី​ទាំងបី ចាប់ដៃគ្នា ដណ្តើមបាន​ពាន​មួយទៀត លើ​វិញ្ញាសា​បី​ទល់​បី​។​



​ចំណែក​ក្រុម​កីឡាករ​វិញ សុខ ចាន់​មាន និង ញ៉ែម បូរ៉ា បាន​ធ្លា​ក់នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​លើ​វិញ្ញាសា​វាយ​គូ​បុរស​។ បន្ទាប់មក ចាន់​មាន ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា​ឯកត្តជន ហើយ កីឡាករ​រូបនេះ ចាប់​ដៃគូ​ជាមួយ បូរ៉ា និង​យ៉ា ចាន់​ដា​រិ​ទ្ធ លើ​វិញ្ញាសា​បី​ទល់​បី ប៉ុន្តែ​សុទ្ធតែ​រង​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​កម្ពុជា​លេខ​មួយ​ក្នុងចំណោម​៧​ប្រទេស​៖
​សរុប​ព្រឹត្តិការណ៍ Trophée L’Équipe ទាំង​៣​វិញ្ញាសា ក្រុម​បុរស​ថៃ ដែល​ឈ្នះ​ពាន​២ លើ​វិញ្ញាសា​វាយ​គូ និង​វាយ​ទោល ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​មួយ ដោយ​នាំមុខ ម៉ា​ដា​ហ្គា​ស្កា​លេខ​២ កម្ពុជា និង​បារាំង លេខ​៣ ទុយ​នី​ស៊ី​លេខ​៥ អ៊ីតាលី​លេខ​៦ ក្រុម Legend (​សំដៅលើ​អតីត​កីឡាករ​បារាំង​ដែល​ឈ្នះ​មេដាយ​ជាច្រើន​ជូន​ជាតិ​) លេខ​៧ និង​ដា​ណឺ​ម៉ាក លេខ​៨​។​

​សម្រាប់​វិញ្ញាសា​ផ្នែក​នារី​វិញ កម្ពុ​ជាមាន​ពិន្ទុ​រួម​រហូតដល់​៣០​ពិន្ទុ នាំមុខ​ដាច់​ក្រុម​ថៃ ទុយ​នី​ស៊ី បារាំង ក្រុម​វីរ​កីឡាការិនី​បារាំង ដា​ណឺ​ម៉ាក អ៊ីតាលី និង​ម៉ា​ដា​ហ្គា​ស្កា​។



ចំណាត់ថ្នាក់​រួម ប្រចាំ​ជាតិ (Classement des Nations) ទាំង​៦​វិញ្ញាសា កម្ពុជា​លេខ​មួយ​ដោយមាន​៤៦​ពិន្ទុ ថៃ​លេខ​ពីរ​ដោយមាន​៣៩​ពិន្ទុ ដោយ​នាំមុខ ម្ចាស់ផ្ទះ​បារាំង ទុយ​នី​ស៊ី ម៉ា​ដា​ហ្គា​ស្កា ក្រុម Legend បារាំង អ៊ីតាលី និង​ដា​ណឺ​ម៉ាក​។​

​កម្ពុជា ជា​ពេជ្ឈឃាដ​លើ​ក្រុម​បារាំង​
«Trophée l'Equipe : le Cambodge bourreau des Bleus»  ជា​នេះ​ចំណងជើង​របស់​កាសែត La Nouvelle Republique ដែល​មានន័យថា កម្ពុជា​ជា​ពេជ្ឈឃាដលើ​ក្រុម​បារាំង ក្នុង​ព្រឹត្តិការណ៍ Trophée l'Equipe​។

​បារាំង បាន​ខកខាន​ឱកាស​ឈ្នះ​ពាន​រហូតដល់​ទៅ​ពីរលើក​ដោយសារ​កម្ពុជា​។ លើ​វិញ្ញាសា​វាយ​គូ​នារី កែ ឡេង និង អ៊ុក ស្រីមុំ បាន​យកឈ្នះ វីរ​កីឡាការិនី​បារាំង Florence Schopp និង Marie-Christine Virebayre ១៣-១១ ក្នុង​ពូ​ល មុននឹង​ឈានដល់​ការ​ឈ្នះ​ពាន​។​

​បន្ទាប់មកទៀត កីឡាករ សុខ ចាន់​មាន បាន​យកឈ្នះ​បា​រាំងជា​បន្តបន្ទាប់​លើ​វិញ្ញាសា​ឯកត្តជន ដែល​ក្នុងនោះ​មាន កីឡាករ​ជើងចាស់​បារាំង Philippe Quintais នៅ​វគ្គ​ជម្រុះ និង​កីឡាករ Dylan Rocher វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​



ការខកចិត្ត​ដ៏​ធំ​មួយទៀត​នោះ គឺ​ការរង​បរាជ័យ​របស់​កីឡាការិនី​ជើងចាស់​បារាំង Marie-Christine Virebayre នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា​ឯកត្តជន​ផ្នែក​នារី ដោយសារ​កីឡាការិនី​វ័យក្មេង​កម្ពុជា អ៊ុន ស្រី​យ៉ា​

​ដំណើរ​មួយទៀត​ដែល​ត្រូវបាន​រារាំង​នោះ គឺ​កីឡាករ សុខ ចាន់​មាន​, ញ៉ែម បូរ៉ា និង​យ៉ា ចាន់​ដា​រិ​ទ្ធ បាន​ទម្លាក់​ក្រុម​វីរបុរស​កីឡាករ​បារាំង Christian Fazzino, Jean-Marc Foyot និង Philippe Quintais នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល ហើយ​បន្ត​ទម្លាក់ Dylan Rocher, Philippe Suchaud និង Jean-Michel Puccinelli នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទៀត​។​

​ទោះយ៉ាងណា ក្រុម​បារាំង​មានកំណត់​ត្រា​ឈ្នះ​ផងដែរ​លើ​កម្ពុជា​ក្នុង​វិញ្ញាសា​បី​ទល់​បី​ផ្នែក​នារី ដោយ Charlotte Darides, Anna Maillard និង Angelique Colombet បាន​យកឈ្នះ កែ ឡេង​, អ៊ុក ស្រីមុំ និង​អ៊ុន ស្រី​យ៉ា នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល ប៉ុន្តែ​នេះ​គ្រាន់តែ​ជាការ​លួង​ចិត្ត​ប៉ុណ្ណោះ ព្រោះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​ទាំង​ពីរបាន​ជួបគ្នា​សារជាថ្មី ហើយ​ជ័យជម្នះ​បាន​ទៅលើ​ក្រុមកីឡា​ការិនី​កម្ពុជា​ជាមួយនឹង​លទ្ធផល ១៣-៣ ។​



​កាលពី​ឆ្នាំ​២០១៧ ថៃ​បង្ហាញ​ភាពលេច​ធ្លោ​

​នា​ព្រឹត្តិការណ៍ Trophee L’Equipe លើកដំបូង កាលពី​ឆ្នាំ​២០១៧ ប្រទេស​ចំនួន​៨​បាន​ចូលរួម​ដែល​ក្នុងនោះ​រួមមាន​ម្ចាស់ផ្ទះ​បារាំង ថៃ អ៊ីតាលី ម៉ា​ដា​ហ្គា​ស្កា បេ​ណាំង ដា​ណឺ​ម៉ាក អេ​ស្ប៉ា​ញ និង​ទុយ​នី​ស៊ី​។ ក្នុងការ​ប្រកួតប្រជែង​៦​វិញ្ញាសា ថៃ​ឈ្នះ​ពាន​៤​វិញ្ញាសា បារាំង​ឈ្នះ​១ និង​អ៊ីតាលី​ឈ្នះ​១ ។

​កីឡាករ​ថៃ Thanakorn Sangkaew និង Sarawut Sriboonpeng ទទួល​លើ​វិញ្ញាសា​វាយ​គូ​បុរស ហើយ​ពួកគេ​រួមជាមួយ Thaloengkiat Phusa ដណ្តើមពាន​លើ​វិញ្ញាសា​បី​ទល់​បី​។ នៅ​ផ្នែក​នារី កីឡាការិនី Phantipha Wongchuwej ឈ្នះ​ពាន​លើ​វិញ្ញាសា​ឯកត្តជន ហើយ​កីឡាការិនី​រូបនេះ រួមជាមួយ Nantawan Fuengsanit និង Thongsri Thamakord ដណ្តើមពាន​មួយទៀត​លើ​វិញ្ញាសា​បី​ទល់​បី​។​

​សម្រាប់​ពាន​២​ផ្សេងទៀត កីឡាករ​អ៊ីតាលី Diego Rizzi ទទួលបាន​លើ​វិញ្ញាសា​ឯកត្តជន​បុរស ខណៈ​ក្រុម​កីឡាការិនី​ម្ចាស់ផ្ទះ​បារាំង Angélique Colombet  និង Audrey Bandiera ដណ្តើមបាន​លើ​វិញ្ញាសា​វាយ​គូ​នារី​៕


Tag:
 ប៉េតង់
  អ៊ុន ស្រីយ៉ា
  កែ ឡេង
  អ៊ុក ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com