ជាតិ
អ្នកវិភាគ​៖ បើ​EU​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក៏​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ដែរ គ្រាន់តែ​អ្នកជំនួញ​ថមថយ​ប្រាក់ចំណេញ​
16, Oct 2018 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មការ​អឺរ៉ុប​កំពុងដំណើរការ​នីតិ​វិធីដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា (Everthing But Arms) ដែល​វា​ជា​សម្ពាធ​សេដ្ឋកិច្ច​មួយ​របស់​សហ​ភាព​អឺរ៉ុប​។ វា​អាចជា​ក្តី​ព្រួយបារម្ភ​ផងដែរ សម្រាប់​អ្នក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។ ដូច្នេះ​តើ​សេដ្ឋកិច្ចកម្ពុជា អាច​ជួបប្រទះ​បញ្ហា​ដែរ​ទេ បើសិនជា​សហភាព​អឺរ៉ុប ដក​ការអនុគ្រោះ​ពន្ធ​កើតឡើង​មែន​នោះ​?



​ក្នុងករណី​អឺរ៉ុប​រកឃើញ​ភស្តុតាង​ឈានដល់​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក៏​មិនមាន​ផលប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ចកម្ពុជា​ដែរ​។ ប៉ុន្តែ​វា​គ្រាន់តែ​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ចកម្ពុជា ធ្លាក់​ចុះមក​ជាង​៦​ភាគរយ​ប៉ុណ្ណោះ​។ នេះ​ជាការ​លើកឡើង​របស់លោក គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​។​
 
​លោក គី សេរី​វុ​ឌ្ឍ​ន៍ អ្នកវិភាគ​សេដ្ឋកិច្ច​លើកឡើងថា​៖ « បើសិនជា​គេ​កាត់​(​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​) មិន​មានន័យថា​រោងចក្រ​យើង​នឹង​បិទទ្វា​ទាំងអស់​នោះទេ និង​មិនមាន​ចលាចល​ក្នុងប្រទេស​នោះដែរ​។ វា​នឹង​មិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​សេដ្ឋកិច្ចកម្ពុជា​នោះទេ ដោយសារតែ ទីមួយ​អ្នកជំនួញ​ទាំងអស់នោះ គាត់​ចំណេញ​ច្រើន​មកហើយ​នៅពេលដែល​អនុគ្រោះ​ពន្ធ អ៊ីចឹង​ពេលដែល​គេ​យកពន្ធ​គាត់​ក៏​នៅ​ចំណេញ​ខ្លះ​ដែរ គ្រាន់តែ​ប្រាក់ចំណេញ​របស់គាត់​ថមថយ​ជាង​មុន​តែប៉ុណ្ណោះ​។ ខ្ញុំ​នៅតែ​ជឿថា​សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ត​មាន​កំណើន គ្រាន់តែ​អត្រាកំណើន​ថយ​នៅត្រឹម​៦,៥​ភាគរយ »​។​
 
​សម្រាប់​លោក គី សេរី​វុ​ឌ្ឍ​ន៍ មូលហេតុ​ដែល​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហើយ នៅតែ​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទៀត​នោះ គឺ​ដោយសារតែ​កម្ពុជា មាន​កម្មករ​ជំនាញ និង​បទពិសោធន៍​មួយចំនួន ដែល​អាចជួយ​ដំណើរការ​ចង្វាក់​ផលិតកម្ម​ផងដែរ​។​«​កម្មក​របស់​យើង​មាន​ជំនាញ ព្រោះ​គាត់​ដេរ​យូរ​មកហើយ គេ​ហៅថា​ភាព​ស្ទាត់ជំនាញ ផលិតភាព​នៃ​វិស័យ​កាត់ដេរ​ខ្ពស់ ។​ហើយ​បញ្ហា​ប្រឈម​សម្រាប់​គាត់ បញ្ហា​តែមួយ​ទេ​គឺ ប្រាក់ខែ​គាត់​ថយ ផលិតកម្ម​តិច ប៉ុន្តែ​បើតាម​សន្ទុះ​បិទ​រោងចក្រ​មិន​បិទ​ទេ បញ្ហា​ទាំងអស់នេះ​មិនមែនជា​បរិបទ​ធ្ងន់ធ្ងរ​អ្វី​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គី សេរី​វឌ្ឍន៍ ដែល​ជឿជាក់ថា សហភាព​អឹ​រ៉ុ​ប ទំនង​មិន​ដក​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ឡើយ​។​
 
​ដ្បិត​អ្នកវិភាគ​លើកឡើង​បែបនេះ​ក្តី ប៉ុន្តែ​សហ​ជិព​កម្ពុជា នៅតែ​យល់ឃើញថា កម្ពុជា​អាច​នឹង​ប៉ះពាល់​ខ្លាំង​លើ​កំណើន​សេដ្ឋកិច្ចកម្ពុជា ព្រោះ​សព្វថ្ងៃ​ពឹងផ្អែក​ទៅលើ​វិស័យ​កាត់ដេរ​។ សម្រាប់​លោក អាត់ ធន់ រោងចក្រ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា អាច​ប្រឈម​នឹង​ការបិទទ្វា ហើយ​ម្ចាស់​រោងចក្រ​ខ្លះ នឹង​ងាក​ទៅ​បើក​ការរកស៊ី​នៅ​ប្រទេស​ផ្សេងទៀត​ក្រៅពី​កម្ពុជា ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​បាត់បង់​ការងារ​។ 
 
​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​បានបញ្ជាក់​ដូច្នេះ​ថា​៖ « ការនាំចេញ​ច្រើនជាងគេ​ក្នុងប្រទេស​៩០​ភាគរយ គឺ​កាត់ដេរ ហើយ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៨​ពាន់​លាន​ដុល្លារ ហើយ​ក្នុងនោះ​សហគមន៍​អឺរ៉ុប​ជាង​៤៥​ភាគរយ ហើយ​សហរដ្ឋអាមេរិក​ជិត​៣០​ភាគរយ ហើយ​ប្រទេស​ផ្សេងៗ​ទៀត​ប្រហែល​២០​ទៅ​៣០​ភាគរយ ចឹ​ង​ទំហំ​នេះ​ធំ​ណាស់ ហើយនឹង​អត់​ទាន់​គិត​អង្ក និង​សម្ភារៈ​កសិកម្ម​ទៀត​ដែល​យើង​នាំចេញ​ចេញទៅ​។ បើ​គិត​ទាំងអស់​នឹង​ទៀត​ប្រហែល​ជិត​៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ នឹង​ហើយ​ជា​ទំហំ​ទឹកប្រាក់​ធំ​មួយ​ដែល​យើង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហគមន៍​អឺរ៉ុប​»​។​
 
​ផ្ទុយ​ពី​គំនិត​លោក អាត់ ធន់ ខាងលើនេះ លោក គី សេរី​វុ​ឌ្ឍ​ន៍ បាន​បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​កំណើន ព្រោះ​កម្ពុជា​មិន​ពឹងផ្អែក​តែ​លើ​វិស័យ​កាត់ដេរ​តែមួយ​ទេ ពោល​គឺមាន​វិស័យ​លូត​លាក់​ខ្លាំង​មួយចំនួនទៀត មានដូចជា​សេវាកម្ម ហិរញ្ញ​វ​ត្តុ និង​អ​ច​នា​ទ្រព្យ​។ ត្រង់ចំនុច​នេះ លោក ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរតែ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម កសិឧស្សាហកម្ម វិស័យ​ទេសចរណ៍​។ 
 
​លោក​និយាយថា​៖« ខ្ញុំ​ចង់​ស្នើ​ឲ្យ​អ្នកនយោបាយ​មួយចំនួន​គិតគូរ​ទៅលើ​ការបណ្ដុះបណ្ដាល​វិជ្ជាជីវ​ទាក់ទង​នឹង​ផ្នែក​អេ​ឡិច​ត្រូ​និ​ច​ឲ្យ​បាន​ច្រើន ដើម្បី​យើង​ចាប់យក​ឱកាស​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​តាម​ប​ច្ចេ​វិទ្យា​វិញ​។ ជាពិសេស​វិស័យ​ទេសចរណ៍​គួរតែ​កែទម្រង់​ឲ្យ​ស៊ីជម្រៅ​ជាង​នេះ​តិច​ទៀត កម្ពុ​ជាមាន​ធនធានធម្មជាតិ​ច្រើនណាស់​សម្រាប់​វិស័យ​ទេសចរណ៍ យើង​ប្រើ​មិនទាន់​អស់​សក្តានុពល​នៅឡើយ​ទេ​»​។​
 
 
EBA (Everything But Arms) គឺ​សំដៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​និង​ផលិតផល​សព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែល​កម្ពុជា នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយ​លើកលែងតែ​អាវុធ​ប៉ុណ្ណោះ ដែល​មិន​រាប់បញ្ចូល​។ កម្ពុជា ជា​ប្រទេសមួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ស្តីពី EBA នេះ ហើយ​តែងតែ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​។​
​កាលពី​ឆ្នាំ​២០១៧​កន្លងមក កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប (EU) ជាង ៥,៧​ពាន់​លាន​ដុ​លា្ល​រអាម​រិ​ក ។ កម្ពុជា​ទទួលបាន​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​ទីផ្សារ​នេះ​។ បើ​មិន​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទេ កម្ពុជា​ត្រូវ​បង់ពន្ធ​ជាង​៥០០​លាន​ដុល្លារ​ចូល​ទីផ្សារ​អឺរ៉ុប​។​
 
​ដូច្នេះ​បើសិនជា​កម្ពុជា ត្រូវបាន​សហភាព​អឺរ៉ុប​ដក​ការអនុគ្រោះ​ពន្ធ​ពិតមែន​នោះ ទំនិញ​របស់​កម្ពុជា ដែល​នាំចូល​ទីផ្សារ​អឺរ៉ុប ត្រូវមាន​តម្លៃ​ថ្លៃ​វិញ ហើយ​វា​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ទំនិញ​ប្រទេស​ដទៃទៀត ដោយ​មិនទាន់​គិតពី​គុណភាព​។ បើ​ឧស្សាហកម្ម​យើង​មិន​ចំណេញ ដូច្នេះ​សហគ្រាស​ត្រូវតែ​ប្ដូរ​ទីតាំង​រក​កន្លែង​ណា​ថ្មី ដែលមាន​ការប្រកួតប្រជែង​ប្រសើរ​ជាង​កម្ពុជា​។ វា​ជា​បញ្ហា​មួយ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល ពង្រឹង​ការយកចិត្ត​ដាក់​ក្នុង​ការបង្កើត​ធនធានមនុស្ស ជំរុញ​ផលិតភាព​ក្នុងស្រុក និង​សមត្ថភាព​ប្រកួតប្រជែង​ជាដើម​។​
 
​ចំពោះ​ដំណើរ​ការដក​ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​កម្ពុជា​នេះ រដ្ឋាភិបាល​បានចាត់ទុក​សេចក្តីសម្រេច​សហភាព​អឺរ៉ុប គឺជា​សកម្មភាព​អយុត្តិធម៌ ដែល​គ្មាន​តម្លាភាព​ក្នុងការ​អនុវត្ត​មកលើ​កម្ពុជា បើទោះជា​រដ្ឋាភិបាល បាន​គោរព​តាម​អនុសញ្ញា​អន្តរជាតិ ដែល​ផ្សារភ្ជាប់​នឹង​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ។​ជាពិសេស​វិស័យ​សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី​ក្តី​។​
​លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើងថា «​ឥឡូវ​អ្នកណា​ចង់​ចាត់ការ​កម្ពុជា​តាម​វិធី​ណា ចាត់​ចុះ តែ​កម្ពុជា ត្រូវ​រឹងមាំ ចំពោះ​គោលការណ៍ ការពារ​ឯករាជ្យ អធិបតេយ្យភាព​របស់​ខ្លួន កម្ពុជា​អនុវត្ត​ច្បាប់​កម្ពុជា​មិនបាន​ផង ចាំបាច់​ទៅធ្វើ​កម្ពុជា​ធ្វើ​អី ចាំបាច់​ធ្វើ​ប្រទេសមួយ​ធ្វើ​អី​»​។​
 
​ប៉ុន្តែ​បើសិនជា​កម្ពុជា ត្រូវបាន​គណៈកម្មការ​អឺរ៉ុប តាមដាន​ត្រួតពិនិត្យ​ហើយ ដោយ​វាយតម្លៃ​លើ​ព័ត៌មាន​ទាំងនោះ ឃើញថា គ្មាន​បញ្ហា​អ្វី​ទេនោះ កម្ពុជា​អាច​ទទួលបាន​ការអនុគ្រោះ​ពន្ធ រហូតដល់​ឆ្នាំ​២០២៧​។ នេះ​បើតាម​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​៕
​ 

Tag:
 ​គី សេរី​វឌ្ឍន៍​
  សេដ្ឋកិច្ច​
  EU
© រក្សាសិទ្ធិដោយ thmeythmey.com