កីឡាអន្តរជាតិ
អន្តរជាតិ
Nations League៖ គ្រូ​អង់គ្លេស​ដាក់​កីឡាករ​ក្មេងៗ ដើម្បី​យកឈ្នះ​អេ​ស្ប៉ា​ញ ៣-២
16, Oct 2018 , 11:22 am        
រូបភាព
​លោក Gareth Southgate បានទទួល​ជោគជ័យ​ជាមួយនឹង​ការដាក់​កីឡាករ​ក្មេងៗ​ជាច្រើនរូប​ក្នុងជំនួប​ដែល​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​អេ​ស្ប៉ា​ញ​ដោយ​លទ្ធផល ៣-២​។ នេះ​ជា​ជ័យជម្នះ​លើកដំបូង​ក្នុង​រយៈពេល​៣១​ឆ្នាំ​មកហើយ សម្រាប់​ក្រុម​តោ​កំណាច​លើ​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ ពោលគឺ​ចាប់តាំងពី​ឆ្នាំ​១៩៨៧​មក​។​


 
​នេះ​គឺជា​ក្រុម​ក្មេង​ជាងគេ​បំផុត​ដែល​អង់គ្លេស​បានដាក់​តាំង​ពី​ទទួល​ជ័យជម្នះ​លើ​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង​នៅ​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ​១៩៥៩ ក្រោយមក​បំបាក់​អេ​ស្ប៉ា​ញ​ដល់ផ្ទះ​សម្រាប់​ពានរង្វាន់ UEFA Nations League នា​រាត្រី​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១៨​នេះ ក្នុង​ក្រុង Seville​។​


 
​ក្រុម​របស់លោក Southgate អា​ចរក​គ្រាប់​បាល់​នាំមុខ​មុន​ដល់​ទៅ​៣​គ្រាប់​នៅ​តង់​ទី​១ ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Raheem Sterling (​នាទី ១៦, ៣៨) និង Marcus Rashford នៅ​នាទី​៣០​។ អេ​ស្ប៉ា​ញ​ក្រោម​ការដឹកនាំ​របស់លោក Luis Enrique អាច​តាម​បាន​២​គ្រាប់​វិញ​ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Francisco Alcacer និង​ខ្សែការពារ Sergio Ramos នៅ​តង់​ទី​២ ចប់​ការប្រកួត​អង់គ្លេស​ឈ្នះ អេ​ស្ប៉ា​ញ ៣-២​។ 

 
​ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​អង់គ្លេស​អាច​បន្ត​ដង្ហើម​ដើម្បី​ប្រជែង​ពាន Nations League បន្ទាប់ពី​រកបាន​៤​ពិន្ទុ​ក្នុងការ​ប្រកួត​៣​លើក ស្ថិតនៅ​លេខ​រៀង​ទី​២​នៃ League A ក្រុមទី​៤ ខណៈ​អេ​ស្ប៉ា​មាន​៦​ពិន្ទុ ហើយ​ក្រូ​អាស៊ី​មាន​១​ពិន្ទុ​។​


​អង់គ្លេស​មិនដែល​ស្គាល់​ជាតិ​ឈ្នះ​អេ​ស្ប៉ា​ញ​ឡើយ ពោលគឺ​តាំងពី​ឆ្នាំ​១៩៨៧​មក ដែល​ឈ្នះ​៤-២ ម្តងគត់​នោះ​។ សម្រាប់​អេ​ស្ប៉ា​ញ នេះ​ជា​បរាជ័យ​លើកដំបូង​ក្នុងផ្ទះ​ខ្លួនឯង​ចាប់ពី​ឆ្នាំ​២០០៣​មក​៕
​  

Tag:
 ​បាល់ទាត់​
  Gareth Southgate
  អង់គ្លេស​
  UEFA Nations League
© រក្សាសិទ្ធិដោយ thmeythmey.com