ជាតិ
អ្នកនាំពាក្យ​CPP៖ ការអនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូលប្រជុំ IPU គឺជា​ការរំលោភ​ប្រជាធិបតេយ្យ​កម្ពុជា​
16, Oct 2018 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា រិះគន់​ចំពោះ​ការ​អនុ​ញ្ញា​ត្ត​ឲ្យ​លោក សម រង្ស៊ី មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​សហភាព​អន្តរ​សភា ដែល​បាន​បើក​មហាសន្និបាត​លើក​ទី​១៣៩ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។ បក្ស​ប្រជា​ជនក​ម្ព​ជា ចាត់ទុក​ការ​ទុក​កៅអី​សម្រាប់​លោក សម រង្ស៊ី អង្គុយ​នៅក្នុង​កិច្ចប្រជុំ​នេះ គឺជា​ការបំពាន​លើ​អធិបតេយ្យភាព​កម្ពុជា​។​

 
​វត្តមាន​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​កិច្ចប្រជុំ​សហភាព​អន្តរ​សភា ដែល​កំពុងដំណើរការ​នេះ បានធ្វើ​ឲ្យ​គណបក្សកាន់អំណាច មិន​សប្បាយចិត្ត​ឡើយ ។ ពួកគេ យល់ឃើញថា លោក សម រង្ស៊ី មិន​សាក​សម​អង្គុយ​នៅក្នុង​កិច្ចប្រជុំ​នេះ​ទេ​។ ត្រង់ចំណុច​នេះ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បាន​និយាយថា លោក សម រង្សី មិនមែនជា​តំណាង​ប្រជាជន​កម្ពុជា​ទៀត​ទេ ដូច្នេះ​គ្មាន​តួនាទី​អ្វី ដែល​ត្រូវ​ចូលប្រជុំ​នៅលើ​វេទិកា​នានា ជា​ថ្នាក់​អន្តរជាតិ​ឡើយ​។​
 
​លោក សុខ ឥសាន លើកឡើង​បែបនេះហើយ ក៏​បន្ត​រិះគន់​ដោយ​ប្រយោល​ចំពោះ​អ្នករៀបចំ​កិច្ចប្រជុំ​សហភាព​អន្តរ​សភា​ថា កំពុង​រំលោភ​ឯករាជ្យ​កម្ពុជា ក្នុងការ​ផ្ដល់​កៅអី​សម្រាប់​លោក សម រង្ស៊ី អង្គុយ​នៅក្នុង​វេទិកា​អន្តរជាតិ​នេះ​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូបនេះ បាន​សរសេរ​លើ​បណ្ដាញ​តេ​ឡេ​ក្រាម​ដូច្នេះ​ថា​៖«​ការដែល​មាន​អ្នក​អនុញ្ញាត​ឲ្យ សម រង្សី ចូលប្រជុំ​នៅក្នុង​វេទិកា​សហភាព​អន្តរ​សភា គឺជា​ការរំលោភ​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា និង​គឺជា​ការបំពាន​លើ​ឯករាជ្យ​និង​អធិបតេយ្យភាព​ជាតិ​កម្ពុ​ជា​យ៉ាង​ងងើល ព្រមទាំង​រំលោភច្បាប់​អន្តរជាតិ ដែល​ប្រធាន​ប្រជុំ​សហភាព​អន្តរ​សភា ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​លើ​តួនាទី​លំអៀង​នយោបាយ​របស់ខ្លួន ដោយ​គ្មាន​ការ​ខ្មាស់អៀន​»​។​
 
​ជាមួយគ្នានេះ​គណប្រតិភូ​សភា​កម្ពុជា ក៏​នឹង​តវ៉ា​ទៅ​ប្រធាន​សហភាព​អន្តរ​សភា ចំពោះ​ការអនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូលរួម​វេទិកា​នេះ​ផងដែរ​។​«​គណបក្ស​ប្រជាជន​កម្ពុជា​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការតវ៉ា​ដ៏​ម៉ឹងម៉ាត់​របស់​គណប្រតិភូ​សភា​កម្ពុជា ដែល​បាន​ទៅ​ចូលរួម​ប្រជុំ​ជា​ផ្លូវការ​ក្នុង​អង្គប្រជុំ IPU ក្នុងនាម​ជា​តំណាង​ស្របច្បាប់​របស់​ប្រជាជន​កម្ពុជា ។​ហើយ​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អាកប្បកិរិយា​ល្មើសច្បាប់​របស់​ជន​លំអៀង​ខាង​នយោបាយ​និង​មនោ​គម​ន៏​វិជ្ជា​អន្តរជាតិ​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ឥសាន​។​
 
​លោក សម រង្ស៊ី បាន​បញ្ជាក់ថា លោក​ជួប​មេដឹកនាំ សភា IPU ដើម្បី​បង្ហាញ​ប្រាប់​គេ​ពី​ស្ថានការណ៍​ប្រទេស​កម្ពុជា និង ប្រាប់​គេ​ពី​ករណី​តំណាងរាស្ត្រ​កម្ពុជា ដែល​សិទ្ធិ​របស់​ពួកគេ ត្រូវបាន​រំលោភ ដោយ​រដ្ឋាភិបាល​កម្ពុជា ។ លោក សម រង្ស៊ី ហាក់​មិន​ចាប់អារម្មណ៍​នឹង​ការតវ៉ា​របស់​ប្រតិភូ​កម្ពុជា​ទៅ​IPU​ដែរ ដោយ​លោក បញ្ជាក់ថា IPU មាន​សិទ្ធិអំណាច​ក្នុងការ​សម្រេច ដូច្នេះ​គ្មាន​អ្នកណា​មក​បង្គាប់បញ្ជា​បានឡើយ​។ នេះ​ការ​បើតាម​ការចុះផ្សាយរ​បស់​វិទ្យុ​បារាំង​អន្តរជាតិ RFI​។​
 
​សហភាព​អន្តរ​សភា បាន​បើក​មហាសន្និបាត​លើក​ទី​១៣៩ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​។ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២​រដ្ឋសភា​កម្ពុជា តំ​ណា​ង្យ​សភា​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​មហាសន្និបាត​នេះ តប​តាម​ការអញ្ជើញ​របស់ លោកស្រី ហ្គា​ប្រី​ឡា គូ​វ៉ាស បា​រ៉ុ​ន (Gabriela Cuevas Barron) ប្រធាន​សហភាព​អន្តរ​សភា (IPU)៕
 

Tag:
 CPP
  សម រង្ស៊ី​
  IPU
© រក្សាសិទ្ធិដោយ thmeythmey.com