អន្តរជាតិ
អូស្ត្រាលី ចង់ប្ដូរស្ថានទូតទៅហ្ស៊េរុយសាឡិមតាមអាមេរិក នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន (រូបភាព AFP)
× នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន នៅថ្ងៃទី១៦ ខែតុលា និយាយថា អូស្ត្រាលីកំពុងពិចារណាប្ដូរស្ថានទូតរបស់ខ្លួនប្រចាំអ៊ីស្រអែលពីតែលអាវីវទៅកាន់ហ្ស៊េរុយសាឡិម។ បើពិតមែននោះ លោក ម៉ូរីសុន កំពុងផ្លាស់ប្ដូរជំហររបស់អូស្ត្រាលីក្នុងពេលរាប់ទសវត្សរ៍មកនេះ ហើយកំពុងដើរតាមអាមេរិកដែលបានប្ដូរស្ថានទូតទៅកាន់ហ្ស៊េរុយសាឡិមមុនគេបង្អស់។ អ្វីគួរឲ្យចាប់អារម្មណ៍ ការប្រកាសលោក ម៉ូរីសុន ធ្វើឡើងប៉ុន្មានថ្ងៃមុនការបោះឆ្នោតបំពេញអាសនសភាប្រចាំស៊ីដនីដែលសម្បូរដោយជនជាតិជ្វីហ្វ។
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែតុលា ប្រមុខរដ្ឋាភិបាលអូស្ត្រាលី ស្កុត ម៉ូរីសុន បញ្ជាក់ជំហរថា លោកបើកចំហដល់ការទទួលទីក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីអ៊ីស្រាអែលផ្លូវការ និងប្ដូរស្ថានទូតអូស្ត្រាលីទៅកាន់ទីក្រុងពិសិដ្ឋនេះផង។ ទោះនេះអាចជាការដើរបញ្ច្រាស់ទាំងស្រុងនឹងគោលនយោបាយរបស់រដ្ឋាភិបាលរាប់សិបអាណត្តិមកហើយនោះ លោក ម៉ូរីសុន ចង់ឃើញការរីកចម្រើនជាងមុនក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
នាយករដ្ឋមន្ត្រីទើបកាន់តំណែងរបស់អូស្ត្រាលីរូបនេះ ហាក់មិនពេញចិត្តនឹងវិបត្តិដ៏រ៉ាំរ៉ៃមួយនេះឡើយ បើទោះជាលោកទទួលស្គាល់ដំណោះស្រាយរដ្ឋពីរក្ដី។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ម៉ូរីសុន និយាយដោយត្រង់ថា៖ «វាមិនមានដំណើរការល្អឡើយ ហើយគ្មានការរីកចម្រើនច្រើនដែរក្នុងការដោះស្រាយជម្លោះ ប៉ុន្តែមិនអាចបន្តធ្វើរឿងដដែល ហើយចង់បានលទ្ធផលផ្សេងឡើយ។» ឯរដ្ឋាភិបាលអូស្ត្រាលីក៏នឹងគិតគូរពីបញ្ហាប្ដូរស្ថានទូតនេះ។
ការប្រកាសនេះអាចនិយាយថា ជាការដើរតាមអាមេរិក ប៉ុន្តែលោក ម៉ូរីសុន បដិសេធ។ ប្រមុខរដ្ឋាភិបាលអូស្ត្រាលីរូបនេះបញ្ជាក់ថា ការសម្រេចចិត្តរបស់លោកមិនមានការលូកលាន់ពីអាមេរិកឡើយ ហើយវាក៏មិនកើតចេញពីការជជែកណាមួយរវាងលោកជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឬមន្ត្រីអាមេរិកនោះទេ។
អ្វីដែលគួរកត់សម្គាល់នោះ ការលើកឡើងរបស់លោក ម៉ូរីសុន ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដើម្បីបំពេញបន្ថែមកៅអីសភានៅមណ្ឌលក្រុងស៊ីដនី។ អតីតអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអ៊ីស្រាអែលជាបេក្ខជនរបស់បក្សសេរីនិយមសម្រាប់ការបោះឆ្នោតដ៏សំខាន់នេះ។ បើចាញ់ឆ្នោត លោក ម៉ូរីសុន នឹងបាត់បង់សំឡេងភាគច្រើនក្នុងសភាមិនខាន។ លោក ម៉ូរីសិន ក៏ចេញមកលើកឡើងថា គ្មានពាក់ព័ន្ធរវាងការបោះឆ្នោត និងគំនិតប្ដូរស្ថានទូតឡើយ។
បក្សប្រឆាំងអូស្ត្រាលី បានរិះគន់យ៉ាងខ្លាំងលើលោក ម៉ូរីសុន ដែលឡើងកាន់តំណែងក្រោយរដ្ឋប្រហារក្នុងបក្ស ជុំវិញបញ្ហានេះ។ អ្នកនាំពាក្យផ្នែកគោលនយោបាយការបរទេសរបស់បក្សពលករ Penny Wong និយាយថា លោក ម៉ូរីសុន អន្ទះអន្ទែងបន្តតំណែងនាយករដ្ឋមន្ត្រីរបស់ខ្លួន ដូចនេះលោកត្រៀមនិយាយអ្វីគ្រប់យ៉ាង ប្រសិនបើលោកគិតថា អាចធ្វើឲ្យលោកឈ្នះកៅអីខ្លះ ទោះជាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ជាតិក្ដី៕
Tag:
អូស្ត្រាលី
អាមេរិក
អ៊ីស្រាអែល
ហ្ស៊េរុយសាឡិម
© រក្សាសិទ្ធិដោយ thmeythmey.com