កីឡាជាតិ
ជាតិ
​កម្ពុជា ស្វាគមន៍​សិង្ហ​បុរី ក្នុងជំនួប​មិត្តភាព​នា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ
16, Oct 2018 , 2:58 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ភ្ញៀវ​សិង្ហ​បុរី សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ បើ​គិត​តាំងពី​ឆ្នាំ​២០១៤​ក្នុងចំណោម​ការជួបគ្នា​៥​លើក កម្ពុជា​ធ្លាប់​យកឈ្នះ​សិង្ហ​បុរី ២-១ តែ​ម្តងគត់​។​

 
​នេះ​ជា​ជំនួប​ដ៏​សំខាន់​សម្រាប់​ក្រុម​ទាំងពីរ ព្រោះ​វា​ការប្រកួត​តេស្ត​ចុងក្រោយ​ក្នុងការ​ស្វែងរក​កីឡាករ​មាន​សមត្ថភាព និង​ទម្រង់​លេង​សមស្រប​ណាមួយ ដើម្បី​ត្រៀម​ការប្រកួត​ផ្លូវការ​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018 នៅ​ខែវិច្ឆិកា ខាងមុខនេះ​។ ទាំង​គ្រូបង្វឹក​កម្ពុជា និង​សិង្ហ​បុរី​សុទ្ធតែ​អះអាងថា នឹង​ផ្តល់ឱកាស​ឲ្យ​កីឡាករ​ថ្មីៗ​បានបង្ហាញ​សមត្ថភាព​ក្នុងជំនួប​ល្ងាច​នេះ​។ 
 
​នា​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ លោក Felix Gonzalez Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​និយាយថា លោក​នឹង​យក​ជំនួប​ជាមួយ​សិង្ហ​បុរី​នៅ​ល្ងាច​នេះ ដើម្បី​ធ្វើតេស្ត​សមត្ថភាព​កីឡាករ​ចុងក្រោយ និង​ស្វែងរក​ទម្រង់​លេង​ថ្មី​មួយ​សម្រាប់​ក្រុម​ជម្រើសជាតិ​។ ក្នុងន័យនេះ​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ នឹងដាក់​កីឡាករ​ថ្មីៗ ឲ្យ​បង្ហាញ​សមត្ថភាព​ក្នុងជំនួប​តទល់​ជាមួយ​សិង្ហ​បុរី​នៅថ្ងៃនេះ​។ 
 
​ទន្ទឹមនឹងនេះ លោក​ស្នើ​អ្នកគាំទ្រ​កម្ពុជា​កុំ​ឲ្យ​ផ្តោត​សំខាន់​តែ​លើ​លទ្ធផល ពោលគឺ​ត្រូវ​គិតពី​ការអភិវឌ្ឍ​ជាធំ ព្រោះ​កម្ពុជា​ឋិត​នៅក្នុង​ដំណាក់​អភិវឌ្ឍន៍​និង​រៀបចំ​ទម្រង់​លេង​ថ្មី​សម្រាប់​ខ្លួន​។ ប៉ុន្តែ​គ្រូបង្វឹក​រូបនេះ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​លទ្ធផល​ល្អប្រសើរ ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ​នៅថ្ងៃនេះ​។ 
 
​ជាមួយគ្នានេះ​លោក Fandi Ahmad គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​អះអាង​ស្រដៀង​គ្នា​ថា លោក​មិន​ដាក់​កីឡាករ​ល្អ​១០០​ភាគរយ​ក្នុងជំនួប​នេះឡើយ​។ ពោលគឺ​លោក​នឹងដាក់​កីឡាករ​ថ្មីៗ​ឲ្យ​បង្ហាញ​សមត្ថភាព ដើម្បី​ចម្រាញ់​យក​កីឡាករ​ល្អ​ចំនួន​២៥​រូប​ក្នុងចំណោម​២៨​រូប បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ជប៉ុន សម្រាប់​ត្រៀម​ការប្រកួត​ផ្លូវការ​ខាងលើ​។ គ្រូបង្វឹក​វ័យ​៥៦​ឆ្នាំ​រូបនេះ​លើកឡើងថា កម្ពុជា​ជា​ក្រុម​ល្អ​មួយ​ដែល​ខ្លាំង​នៅក្នុង​ដី និង​មាន​កីឡាករ​មាន​សមត្ថភាព​ល្អៗ​ច្រើន​។​
 
​គ្រូបង្វឹក​រូបនេះ​បន្ថែមថា ការប្រកួត​ល្ងាច​នេះ​នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​តានតឹង​បំផុត ព្រោះ​កម្ពុជា​ត្រូវការ​ឈ្នះ​ជា​ចាំបាច់ ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ម្យ៉ាង​កម្ពុជា​ជា​ក្រុម​ដែលមាន​ទឹកចិត្ត​ប្រយុទ្ធ​ប្រកបដោយ​ថាមពល ព្រោះ​មាន​អ្នកគាំទ្រ​ជា​អ្នកផ្តល់​កម្លាំងចិត្ត​។ ដូច្នេះ​លោក​យល់ថា សិង្ហ​បុរី​មិនអាច​យកឈ្នះ​កម្ពុជា​ដោយ​ងាយៗ​នោះឡើយ​។ តែ​យ៉ាងណា​លោក​នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​។ 
 
​បើ​គិត​តាំងពី​ឆ្នាំ​២០១៤ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ចំនួន​៥​លើក ដោយ​កម្ពុជា​ឈ្នះ​១​លើក​និង​ចាញ់​៤​លើក​។ សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ កម្ពុជា​ចាញ់​សិង្ហ​បុរី​ក្នុង​លទ្ធផល ៤-២ មុន​ចាញ់​ជា​បន្តបន្ទាប់​ក្នុង​វគ្គ​ជម្រុះ World Cup 2018 ក្នុង​ពូ​ល Q ជាមួយ​លទ្ធផល ៤-០ និង ២-១​។ 
 
​នា​ជំនួប​មិត្តភាព​អន្តរជាតិ​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ព​ហ​កីឡដ្ឋាន​ជាតិ កម្ពុជា​បាន​យកឈ្នះ​សិង្ហ​បុរី​ក្នុង​លទ្ធផល ២-១ តែ​ចាញ់​សិង្ហ​បុរី​វិញ​ក្នុង​លទ្ធផល ១-០ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦៕    

Tag:
 ​បាល់ទាត់​
  ជម្រើសជាតិ​កម្ពុជា​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com