ជាតិ
លោក ប៉ិច បូឡែន៖ ប្រាក់អតីតភាពការងាររបស់និយោជិត ក្លាយជាបន្ទុកហិរញ្ញវត្ថុបន្ថែមរបស់SMEs នៅកម្ពុជា
16, Oct 2018 , 3:50 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ប៉ិច បូឡែន
រូបពីហ្វេសប៊ុកលោក ប៉ិច បូឡែន
ភ្នំពេញ៖ ការទូទាត់ប្រាក់បំណាច់អតីតភាពការងាររបស់និយោជិត បានក្លាយជាបន្ទុកផ្នែកហិរញ្ញវត្ថុបន្ថែម និងជាក្តីកង្វល់ របស់សហគ្រាសខ្នាតតូច-មធ្យម(SMEs)នៅកម្ពុជា។ បន្ទុកផ្នែកហិរញ្ញវត្ថុនេះ គឺតម្រូវឲ្យSMEs ចំណាយថវិកាបន្ថែមទៅនិយោជិត ខណៈដែលម្ចាស់SMEs មិនទាន់បានត្រៀមលក្ខណៈអនុវត្តន៍តាមអនុលោមច្បាប់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ។


 
ក្រោយរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តប្រកាស ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងាររបស់និយោជិត កាលពីថ្ងៃទី២១កញ្ញា ២០១៨មក សមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីក្តីព្រួយបារម្ភរបស់ពួកគេ សម្រាប់អនាគតរកស៊ីនៅពេលខាងមុខ។ សហគ្រិនទាំងឡាយកំពុងមានកង្វល់លើផ្នែកហិរញ្ញវត្ថុ ពិសេសសហគ្រិនថ្មីៗ ដែលទើបនឹងចេញធ្វើជំនួញ ដោយមិនបានត្រៀមលក្ខណៈ ពីភាពបត់ប៉ែនតាមផ្លូវច្បាប់របស់កម្ពុជា។
 
លោក ប៉ិច បូឡែន ជាទីប្រឹក្សាយោបល់របស់សហគ្រិនវ័យក្មេងកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា  សព្វថ្ងៃSMEs នៅកម្ពុជា កំពុងចំណាយថវិកាច្រើនក្នុងការអភិវឌ្ឍខ្លួន  ក៏ដូចជាបណ្តុះបណ្តាលបុគ្គលិកទៅលើជំនាញផ្សេងៗ ដើម្បីបង្កើនលទ្ធភាពការងារ អនុវត្តន៍ឲ្យមានប្រសិទ្ធភាព ក្នុងការចូលអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានការរីកចម្រើន។   ផ្ទុយទៅវិញ SMEs បែរជាទទួលរងនូវបន្ទុកចំណាយកាន់តែកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឲ្យបាត់បង់លទ្ធភាពប្រកួតប្រជែង ជាមួយក្រុមហ៊ុនក្រៅប្រព័ន្ធនានាក្នុងស្រុក។
 
កាលពីពេលថ្មីៗនេះ ក្រសួងការងារ និងបណ្ដុះបណ្ដលវិជ្ជាជីវៈ បានកំណត់ឲ្យម្ចាស់សហគ្រាស និងគ្រឹះស្ថាន ដែលស្ថិតចុះបញ្ជីនៅក្រសួង ត្រូវបើកប្រាក់ឈ្នួលជូនកម្មករ និងនិយោជិត ២ ដងក្នុង ១ ខែចាប់ពីខែមករា ២០១៩ តទៅ ខណៈប្រាក់បំណាច់អតីតភាពត្រូវផ្ដល់ឲ្យ ១៥ថ្ងៃក្នុង ១ឆ្នាំ ដោយបើកប្រាក់រៀងរាល់ ៦ខែម្ដង ។
 
ដោយសារបញ្ហាបើកប្រាក់ខែនេះហើយ ទើបសមាគមន៍សហគ្រិនវ័យក្មេងនៅកម្ពុជា លើកយកក្តីព្រួយបារម្ភខ្លួនទៅពិភាក្សាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ជាការមើលឃើញរបស់លោក បូឡែន ក្នុងកិច្ចប្រជុំពិភ្សាការងារផ្ទៃក្នុងជាមួយក្រសួងការងារនេះ ខាងរដ្ឋាភិបាលក៏បានបង្ហាញនូវចំណុចវិជ្ជាមានច្រើន ក្នុងការដំណោះស្រាយ ចំពោះSMEs ក៏ដូចអ្នកវិនិយោគបរទេសនៅកម្ពុជា ស្របច្បាប់ផងដែរ។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោកបាននិយាយថា៖« រដ្ឋាភិបាលប្រហែលមិនតឹងរឹងពេកទេ ចំពោះបញ្ហាខាងលើ ដោយអាស្រ័យទៅលើភាពស្រុះស្រួលគ្នា និងការព្រមព្រៀងគ្នារវាងនិយោជក និងជិត។ ប៉ុន្តែ បើនិយោជក និងនិយោជិត មានភាពមិនចុះសម្រុងជាមួយគ្នា ក្រសួងការងារនឹងអនុវត្តតាមផ្លូវច្បាប់ ដែលបានចេញសេចក្តីប្រកាសនេះ»។ 
 
បើតាមលោក ប៉ិច បូឡែន សំណើដែលខាងសហគ្រិនដាក់ទៅក្រសួងការងារ គឺមិនមែនក្នុងគោលបំណងប្រឆាំងរាល់សម្រេចរដ្ឋាភិបាលទេ ប៉ុន្តែគ្រាន់ចង់ឲ្យមានដំណោះស្រាយសមស្របសម្រាប់សហគ្រិនប៉ុណ្ណោះ។ «ច្បាប់គឺជាច្បាប់។ ច្បាប់ដែលបានចេញប្រកាសជាផ្លូវការត្រឹមត្រូវហើយ គឺត្រូវតែអនុវត្តន៍ និងគោរពតាម»។ នេះជាការបញ្ជាក់របស់លោក ប៉ិច បូឡែន ។
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ដើម្បីការអត្ថាធិប្បាយជុំវិញក្តីព្រួយបារម្ភរបស់សហគ្រិនខាងលើនេះបានទេ។
 
ចាប់ពីឆ្នាំ២០១៩ទៅ ម្ចាស់សហគ្រាស និងគ្រឹះស្ថាននានា ត្រូវបើកប្រាក់ឈ្នួលកម្មករ និយោជិត២ដងក្នុ១ខែ ។ ការបើកប្រាក់ខែនេះ ត្រូវធ្វើឡើងលើកទី ១ នៅក្នុងសប្តាហ៍ទី ២ និងលើកទី ២ នៅសប្តាហ៍ទី ៤ នៃខែនីមួយៗ។ ចំពោះការងារបើកប្រាក់លើកទី ១ គឺប្រាក់ឈ្នួល ៥០ ភាគរយនៃប្រាក់ឈ្នួលសុទ្ធសាធក្នុង ១ ខែ និងការបើកលើកទី២ គឺចំនួនប្រាក់ឈ្នួលសុទ្ធសាធដែលនៅសល់ប្រាក់ឈ្នួលបន្ទាប់បន្សំ និងអត្ថប្រយោជន៍ដែលកម្មករទទួលបាន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ។
 
ដោយឡែកចំពោះប្រាក់បំណាច់អតីតភាពការងារត្រូវបើក ២ ដងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០១៩ តទៅ។ ចំពោះប្រាក់អតីតភាព និយោជកត្រូវផ្តល់ឱ្យកម្មករនិយោជិតដែលកំពុងបម្រើការងារនូវប្រាក់បំណាច់អតីតភាពការងារដែលស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំចំនួន ១៥ ថ្ងៃក្នុង ១ ឆ្នាំ។ ប្រាក់បំណាច់នេះត្រូវបើកជូនកម្មករនិយោជិតចំនួន ៧ ថ្ងៃកន្លះនៅក្នុងខែមិថុនា និងចំនួន ៧ ថ្ងៃកន្លះនៅក្នុងខែធ្នូនៃឆ្នាំនីមួយៗ។ នេះជាអនុវត្តសម្រាប់កម្មករ និយោជិត ដែលចូលធ្វើការនៅក្នុងឆ្នាំដំបូង គឺ២០១៩ខាងមុខ។
 
ប៉ុន្តែការបើករំឭកប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ ២០១៩ របស់កម្មករនិយោជិតដែលបាននិងកំពុងបម្រើការងារនៅតាមសហគ្រាសគ្រឹះស្ថាន ផ្នែកវាយនភណ្ឌកាត់ដែរ និងផលិតស្បែកជើងនោះ គឺនិយោជកត្រូវបើករំឭកចំនួន ៣០ថ្ងៃ នៃប្រាក់បំណាច់អតីតភាពការងារសរុបរៀងរាល់ ១ឆ្នាំម្តង ដោយចំនួន ១៥ ថ្ងៃនៅក្នុងខែមិថុនា និងចំនួន ១៥ ថ្ងៃនៅក្នុងខែធ្នូនៃឆ្នាំនីមួយៗ។ នេះបើតាមក្រសួងការងារ៕

Tag:
 សហគ្រិនវ័យក្មេង
  ប្រាក់អតីតភាព
  ប៉ិច បូឡែន
  SMEs
© រក្សាសិទ្ធិដោយ thmeythmey.com