ជាតិ
សេដ្ឋកិច្ច
EuroCham៖«​តើ​គណៈកម្មការ​អឺរ៉ុប​ចង់​ឲ្យ​កម្ពុជា​ធ្វើ​អ្វី ឲ្យ​ប្រាកដ​?»
16, Oct 2018 , 5:14 pm        
រូបភាព
លោកស្រី Cecilia Malmstrom ស្នងការ​ពាណិជ្ជ​កម្មគ​ណៈ​កម្ម​ការ​អឺរ៉ុប និង លោក Arnaud Darc លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា
លោកស្រី Cecilia Malmstrom ស្នងការ​ពាណិជ្ជ​កម្មគ​ណៈ​កម្ម​ការ​អឺរ៉ុប និង លោក Arnaud Darc លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា
​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា (EuroCham) នៅ​ថ្ងៃទី​១៦ ខែតុលា បានបង្ហាញ​ក្ដីបារម្ភ​ចំពោះ​ដំណើរ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កិច្ចព្រមព្រៀង​គ្រប់មុខ​ទំនិញ​ក្រៅពី​អាវុធ (EBA) ពី​កម្ពុជា​។ EuroCham បារម្ភ​ថា ដំណើរការ​នេះ​នឹង​បង្ក​ផលប៉ះពាល់​ដល់​ផលប្រយោជន៍​ពាណិជ្ជកម្ម​រយៈពេល​វែង​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​។ ស្ថាប័ន​នេះ​ក៏​ស្នើ​ចូលរួម​ក្នុង​ការជជែក​ពី​ដំណើរ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ព្រោះ​ខ្លួន​ជា​អ្នកវិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ហើយ​ស្នើសុំ​ជួប​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​ដែលជា​អ្នក​ប្រកាស​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នេះ​។​

 
​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (Eurocham) បាន​សរសេរ​លិខិត​មួយ​ផ្ញើជូន​លោកស្រី Cecilia Malmstrom ស្នងការ​ពាណិជ្ជ​កម្មគ​ណៈ​កម្ម​ការ​អឺរ៉ុប ដោយបាន​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ដំណើរ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កិច្ចព្រមព្រៀង​គ្រប់មុខ​ទំនិញ​លើកលែង​អាវុធ (EBA) ។ EuroCham ក៏​បារម្ភ​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។​
 
​ក្នង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​តំណាង​សមាគម​ពាណិជ្ជកម្ម​របស់​ប្រទេស​អឺរ៉ុប​ចំនួន​៥​នៅ​កម្ពុជា EuroCham បាន​លើក​ហេតុផល​ថា ការផ្អាក ឬ​ការដាក់ទណ្ឌកម្ម នឹង​ជាការ​គំរាមកំហែង​ដោយផ្ទាល់​លើ​ភាព​ប្រកួតប្រជែង​របស់​ធុរកិច្ច​អឺរ៉ុប​នៅ​កម្ពុជា និង​ជំហរ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការជំរុញ​របៀបវារៈ​ពាណិជ្ជកម្ម​របស់ខ្លួន ព្រមទាំង​ធ្វើ​ឲ្យ​បាត់បង់​ភាព​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​អឺរ៉ុប​ក្នុង​បរិបទ​ដែល​ចិន​កំពុង​បង្កើន​វត្ត​មាននៅ​កម្ពុជា និង​តំបន់​។​
 
​តាម​ទស្សនៈ​របស់ខ្លួន EuroCham យល់ថា ការផ្ដើមគំនិត​ផ្អាក ឬ​ការដាក់ទណ្ឌកម្ម​រយៈពេល​ខ្លី មិនមែនជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​ឡើយ តែ​កិច្ចសហប្រតិបត្តិការ​ទៅវិញ​ទេ​ដែលជា​ចំណាត់​មាន​ប្រសិទ្ធភាព​។ ក្នុង​លិខិត​ដដែល សម្រាប់​ករណី​នៅ​កម្ពុជា ការព្យួរ EBA នឹង​ជះឥទ្ធិពល​អាក្រក់​លើ​ធុរកិច្ច​សហភាព​អឺរ៉ុប និង​ការប្ដេជ្ញាចិត្ត​របស់​អឺរ៉ុប​ក្នុងការ​បញ្ចូល​ប្រទេស​កម្ពុជា​អភិវឌ្ឍ​ក្នុង​សេដ្ឋកិច្ច​សាកល ក៏ដូចជា​ការ​ឥទ្ធិពល​នៃ​គោល​ការ​ពាណិជ្ជកម្ម​របស់​អឺរ៉ុប​ដែលជា​រង្វាស់​នៃ​តម្លៃ​ប្រជាធិបតេយ្យ​ដែរ​។​
 
​ក្នុងនាម​ជា​តំណាង​ឲ្យ​ប្រយោជន៍​វិស័យ​ឯកជន​អឺរ៉ុប​នៅ​កម្ពុជា និង​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត EuroCham ក៏​បង្ហាញ​ជំហរ​ចង់​ចូលរួម​ក្នុង​ដំណើរការ​វាយតម្លៃ​ដើម្បី​ការព្យួរ EBA ជា​បណ្ដោះអាសន្ន​។ នេះ​ក៏​ព្រោះតែ Eurocham អះអាងថា សមាជិក​ខ្លួន​ជា​អ្នកមាន​បទពិសោធ​ផ្ទាល់​ជាមួយ​កម្ពុជា ហើយ​ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ​បំផុត​ក្នុងការ​ផ្ដល់នូវ​ការ​សម្អាង​ជាក់ស្ដែង​ចំពោះ​ស្ថានភាព​នៅ​កម្ពុជា ហើយ​គួរតែ​ផ្ដល់ឱកាស​ដើម្បី​ចូលរួម​ជជែក​ពី​ការ​ដំណើរការ​ផ្អាក EBA ។​
 
«​យើង​ទទូច​ឲ្យ​គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ឲ្យ​បាន​លឿន​តាមតែ​អាចធ្វើ​បាន​នូវ​កម្មវត្ថុ​របស់ខ្លួន ក៏ដូចជា​វិធាន​ការដែល​គួរ​ឲ្យ​ជឿជាក់ និង​ពេញចិត្ត ដែល​គណៈកម្មការ​ចង់​ឲ្យ​មានការ​អនុវត្ត​នៅ​កម្ពុជា ព្រោះ​យើង​មាន​អារម្មណ៍​ថា ពេលនេះ​មាន​ភាពមិនច្បាស់លាស់ និង​ការយល់ច្រឡំ​ច្រើន​នៅ​កម្ពុជា​ក្រោយ​ការប្រកាស​។​» នេះ​ជា​ការលើក​បន្ថែម​របស់ EuroCham កម្ពុជា ។​
 
​ចុងក្រោយ EuroCham ក៏​ស្នើសុំ​ជួប​លោកស្រី Malmstrom នៅ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​នៅ​ព្រុ​ច​សែ​ល ដើម្បី​ជជែក​ពី​ស្ថានភាព​នៅ​កម្ពុជា និង​ក្ដីបារម្ភ​របស់​វិស័យ​ឯកជន​របស់​អឺរ៉ុប​៕

© រក្សាសិទ្ធិដោយ thmeythmey.com